Connect with us

អត្ថាធិប្បាយ

តើតំបន់យុទ្ធសាស្រ្តអាស៊ីប៉ាស៊ីហ្វិក និងឥណ្ឌូប៉ាស៊ីហ្វិក ខុសគ្នាបែបណា?

បានផុស

នៅ

ពិភព​លោក​ទាំង​មូលកំពុង​ត្រូវ​បាន​ឆេះ​រោលរាល​ដោយសារ​សង្គ្រាម​រវាងរុស្ស៊ី និង​អ៊ុយក្រែន ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក និងមហាយក្សចិន​ ក៏កំពុង​​បន្ត​ឡើង​កម្តៅ​ដាក់​គ្នាដែរ។ ​បញ្ហា​ទាំង​នេះ​កើត​មានឡើង ​ដោយ​សារ​កត្តា​​បែងចែក​តំបន់​ភូមិសាស្ត្រ​ពិភព​លោក ដើម្បី​ដណ្ដើម​គ្រប់គ្រង​ខាង​ផ្នែក​យោធា និង​សេដ្ឋកិច្ច​។ ក្នុង​នោះ ​តំបន់​ដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​គឺ អាស៊ី​ប៉ាស៊ីហ្វិក និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាស៊ីប៉ាស៊ីហ្វិក

អាស៊ី​ប៉ាស៊ីហ្វិក ជា​តំបន់​មួយ​នៃ​ពិពភព​លោក វា​ស្ថិត​នៅ​ជាប់ និង​នៅ​ជិត​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច ដែល​រួម​បញ្ចូល​អាស៊ី​ខាងកើត អាស៊ី​ខាងត្បូង​អាស៊ីអាគ្នេយ៍  និង​តំបន់​អូ​សេ​អានី ។ ចំពោះ​អាស៊ី​ប៉ាស៊ីហ្វិក​អាច​ចូល​ផ្នែក​ខ្លះ​នៃ​ទឹកដី​ប្រទេស​រុស្ស៊ី គឺ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​ជើង និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ទ្វីប​អាមេរិក​ដែល​ស្ថិត​នៅ​មហាសមុទ្រ​ភាគ​ខាងកើត។

តំបន់អាស៊ី​ប៉ាស៊ីហ្វិក​គឺ​មាន​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ហៅថា អាពិច (APEC) ដែល​មាន​ប្រទេស​សមាជិក​ចំនួន​២១​ប្រទេស ។ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ប្រទេស និងដែលដីចំនួន៤៦ មានដូចជា អូស្ត្រាលី, បង់ក្លាដេស, ប៊ូតង់, ព្រុយណេ, មីយ៉ាន់ម៉ា, កម្ពុជា, កាណាដា, ចិន, Chile, Cook Islands, trå (Fiji Islands), inså French Polynesia, fign, ឥណ្ឌូណេស៊ី, ជប៉ុន, គីរីបាទី, ឡាវ, ម៉ាឡេស៊ី, ម៉ាល់ឌីវ, មាំសាល (Marshall Islands), មីក្រូណេស៊ី, ម៉ុងហ្គោលី, សាធារណរដ្ឋណូរូ (Nauru), នេប៉ាល់, ណូវែលសេឡង់, ដែនដី News Caledonia, នីយ៉ូ (Niue), កូរ៉េខាងត្បូង, កូរ៉េខាងជើង, ប៉ាគីស្ថាន, សាធារណរដ្ឋបាលូ (Palau), ប៉ាពូអាស៊ីនូវែលហ្គីណេ, ប៉េរូ, ហ្វីលីពីន, រុស្ស៊ី, សាម័រ (Samoa), សិង្ហបុរី, សូឡម៉ូន (Solomon Islands), ស្រីលង្កា, ថៃ, ទីម័រខាងកើត, តុងហ្គោ, ទូវ៉ាលូ (Tuvalu Islands), វ៉ានូទូ (Vanuatu Islands), វៀតណាម, និង​សហរដ្ឋអាមេរិក។

ឥណ្ឌូ​ប៉ាស៊ីហ្វិក

ឥណ្ឌូប៉ាស៊ីហ្វិក បើ​គិត​ទៅតាម​ទីតាំង​ភូមិសាស្រ្ត​សុទ្ធសាធ គឺ​មិនមាន​អ្វី​ខុសប្លែកគ្នា​ពីអាស៊ីប៉ាស៊ីហ្វិក នោះទេ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នាឥណ្ឌូប៉ាស៊ីហ្វិក ក៏​មិនមែន​គ្រាន់តែ​ជា​ឈ្មោះ​ថ្មី ដែល​គេ​ប្រើ​ជំនួស អាស៊ីប៉ាស៊ីហ្វិនោះដែរ។ ការណ៍​ដែល​គេ​នាំគ្នាប្រើពាក្យឥណ្ឌូប៉ាស៊ីហ្វិក ជំនួស​ឲ្យអាស៊ីប៉ាស៊ីហ្វិកនៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​​មាន​អត្ថន័យ​​ខាង​ភូមិសាស្រ្ត​នយោបាយ​ ដែល​គូស​បញ្ជាក់​ពី​ការផ្លាស់ប្តូរ ឬ​ដំណើរវិវឌ្ឍ​នៃ​យុទ្ធសាស្រ្តរបស់​ប្រទេស​មហាអំណាចនៅ​ក្នុងតំបន់​នេះ។ ​ដំណើរវិវឌ្ឍ​នៃ​យុទ្ធសាស្រ្ត​ពី អាស៊ីប៉ាស៊ីហ្វិក ទៅ ឥណ្ឌូប៉ាស៊ីហ្វិក គឺ​ផ្តោត​ទៅលើ​ចំណុច​សំខាន់​ចំនួន​ពីរ។

ទីមួយ គឺការ​​បង្កើន​ចំណាប់អារម្មណ៍​កាន់តែ​​សំខាន់​​ទៅលើ​ឥណ្ឌា និង​មហាសមុទ្រ​ឥណ្ឌា​ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​តំបន់​ដ៏​សំខាន់ និង​ដ៏​មាន​សក្តានុពល ទាំង​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ខាង​ផ្នែក​សន្តិសុខ។ ទីពីរ នៃ​យុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក” គឺ​ការ​ទប់ទល់​នឹង​ការ​ពង្រីក​​ឥទ្ធិពល​ចិន​នៅ​ក្នុង​តំបន់ ហើយ​យុទ្ធសាស្រ្ត​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​​នេះ​ត្រូវ​គេ​រៀបចំ​ធ្វើឡើង តាមរយៈ​ការ​រួមកម្លាំងគ្នា រវាង​ប្រទេស​ចំនួន​ ៤ គឺ អាមេរិក ជប៉ុន អូស្រ្តាលី និង​ឥណ្ឌា បង្កើត​ទៅ​ជា​បក្ស​សម្ព័ន្ធប្រឆាំងចិន នៅ​ក្នុង​តំបន់ “ឥណ្ឌូប៉ាស៊ីហ្វិក”។ ហេតុដូច្នេះហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា ជាទូទៅ ប្រទេស​ទាំង ៤​នេះហើយ ដែល​តែងតែ​ប្រើពាក្យ “ឥណ្ឌូប៉ាស៊ីហ្វិក” ញឹកញាប់​ជាងគេ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ឥណ្ឌូប៉ាស៊ីហ្វិកនេះ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​កំណត់​​ជា​យុទ្ធសាស្រ្ត​ជា​ផ្លូវការ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧​កន្លងទៅ តាមរយៈ​សុន្ទរកថា​របស់​លោក​ដូណាល់ ត្រាំ នៅ​ដាណាង ប្រទេស​វៀតណាម ក្នុង​​ឱកាស​ជំនួបកំពូល​នៃ​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ហៅកាត់​ថា APEC។ នៅ​ពេលនោះ លោក​ដូណាល់ ត្រាំ បាន​​ហៅ​យុទ្ធសាស្រ្ត​ថ្មី​នេះ​ថា​ជា​យុទ្ធសាស្រ្ត​ “ឥណ្ឌូប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ” (Free and Open Indo-Pacific)។

“ឥណ្ឌូប៉ាស៊ីហ្វិក” សំដៅ​ទៅលើ​តំបន់ ដែល​លាតសន្ធឹង​រវាង​មហាសមុទ្រ​ពីរ គឺ​ចាប់ពី​មហាសមុទ្រ​ឥណ្ឌា ទៅដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែ ជាទូទៅ ពាក្យ​នេះ​ត្រូវ​បាន​គេ​ប្រើ មិនមែន​ដើម្បី​សំដៅ​ត្រឹមតែ​ទៅលើ​ទីតាំង​ភូមិសាស្ត្រ​នោះ​ទេ តែ​ជា​ពាក្យ​ដែល​មាន​អត្ថន័យ​ទាក់ទង​នឹង​ភូមិសាស្រ្ត​នយោបាយ។

តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ជា​តំបន់​ដែល​ផ្លាស់ប្ដូរ​ឥទ្ធិពល​អំណាច​ពី​លោក​ខាង​លិច​មក​លោក​ខាងកើត។ ការ​ពង្រីក​ភូមិសាស្ត្រ​នេះ​នៅ​តែ​មិនទាន់​ត្រូវ​បាន​កំណត់​ឱ្យ​បាន​ជាក់លាក់​នោះ​ទេ ប៉ុន្ដែ​ពាក្យ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ  សំដៅ​លើ​លំហ​សមុទ្រ​ដែល​លាតសន្ធឹង​ពី​មហាសមុទ្រ​ឥណ្ឌា​កាត់​ដែន​នៃ​អាស៊ី​ខាងកើត​រហូត​ដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​ដែល​រួម​បញ្ចូល​ប្រទេស​ជប៉ុន និង​អូស្ត្រាលី។ បើ​គិត​ត្រឹម​ឆ្នាំ​២០២០ តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ត្រូវ​បាន​កំណត់​ថា​មាន​ចំនួន​២៤​ប្រទេស​គឺ អូស្ត្រាលី បង់ក្លាដេស ប៉ូតាន់ ប្រុយណេ កម្ពុជា ហ្វីជី ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ប៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា មេប៉ាល់ ញូហ្សៀឡែនដ៍ ប៉ាពូញ៉ូវហ្គីណេ ហ្វីលីពីន សិង្ហបុរី ស្រីលង្កា កោះតៃវ៉ាន់ ថៃ ទីម៉រខាងកើត និង​សហរដ្ឋអាមេរិក។

ក្របខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក

កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០២១ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ប្រកាស​ជា​ផ្លូវការ នូវ​ការ​បង្កើត​ផែនការ​សេដ្ឋកិច្ច​ថ្មី​របស់ខ្លួន​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Indo-Pacific Economic Framework – IPEF ឬ​មានន័យ​ជា​ខេមរភាសា​ថា ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក ។

សមាជិក​ដំបូង ក្នុង​ក្របខ័ណ្ឌ​ខាងលើ មាន​ចំនួន ១៣ប្រទេស ដោយ​ក្នុង​នោះ​មាន​ដូចជា អាម៉េរិក, អូស្រ្តាលី, ព្រុយណេ, ឥណ្ឌា, ឥណ្ឌូណេស៊ី, ជប៉ុន, ម៉ាឡេស៊ី, នូវែលសេឡង់, ហ្វីលីពីន, សិង្ហបុរី, កូរ៉េខាងត្បូង, ថៃ និងវៀតណាម។ សមាជិកទាំង ១៣ប្រទេសនេះ មាន​ទំហំ​សេដ្ឋកិច្ច​ចំនួន​៤០ភាគរយ​នៃ​សេដ្ឋកិច្ច​ពិភពលោក។

សមាជិកទាំង ១៣ប្រទេស បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដោយ​បន្តថា តាម​រយៈ​គំនិត​ផ្តួចផ្តើម​នេះ សមាជិក​ទាំងអស់ មាន​គោល​បំណង​រៀបចំ​កិច្ច​សហប្រតិបត្តិការ ស្ថិរភាព វិបុលភាព ការអភិវឌ្ឍន៍ និង​សន្តិភាព​នៅ​ក្នុង​តំបន់។

ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក ត្រូវ​បាន​អាមេរិក​ចាត់​ទុក​ជា​ការ​រៀបចំ​សេដ្ឋកិច្ច​បែប​ថ្មី​ក្នុង​សតវត្ស​ទី២១ ដែល​ខុស​ពី​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​សេរី​នា​ពេល​កន្លង​មក។ ក្របខ័ណ្ឌ​មួយ​នេះ ផ្ដោត​លើ​សសរស្ដម្ភ​ចំនួន ៤ ដូចជា​ការ​ស្តារ​ពាណិជ្ជកម្ម​ឡើងវិញ, ការ​ធានា​សង្វាក់​ផ្គត់ផ្គង់, ការ​វិនិយោគ​លើ​ថាមពល​ស្អាត ព្រម​ទាំង​ការ​យក​ពន្ធ និង​ការ​ប្រឆាំង​អំពើពុករលួយ។ យ៉ាងណាមិញ សមាជិក​ទាំងអស់ មិនតម្រូវឱ្យផ្តោតលើសសរស្តម្ភចំនួន៤ខាងលើឡើយ ដោយ​ប្រទេស​ទាំងនោះ អាច​ជ្រើស​យក​សសរស្ដម្ភ​មួយ​ណា​ក៏​បាន។

គំនិត​ផ្ដួចផ្ដើម​សេដ្ឋកិច្ច​ថ្មី​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាម៉េរិក លោកស្រី ហ្គីណា រៃម៉ូនដូ (Gina Raimondo) ចាត់ទុក​ជា​ការ​ស្ដារ​ភាព​ជា​អ្នកដឹកនាំ​របស់​អាមេរិក​ឡើង​វិញ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បន្ទាប់​ពី​ខ្លួន​បាន​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) និង​ជា​ចំណាត់​ការ​ឆ្លើយ​តប​នឹង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​គាំទ្រ​ដោយ​ចិន។ 

 អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោក Zhao Lijian បាន​ចាត់​ទុក ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក ជា​ការ​ទាញ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ឱ្យ​ចេញ​ពី​ចិន។ លើស​ពី​នេះ លោក Zhao បាន​បន្ថែម​ថា តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក មិន​មែន​ជា​ក្ដារអុក​សម្រាប់​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ឡើយ។

អ្នកវិភាគ​ជា​ច្រើន​យល់​ឃើញ​ថា ក្របខ័ណ្ឌ​នេះ​នឹង​ក្លាយ​ជា​ការ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ខ្វាយខ្វល់​តែ​លើ​បញ្ហា​សន្តិសុខ យោធា​នៅ​ក្នុង​តំបន់​ប៉ុណ្ណោះ និង​មិន​បាន​ខ្វល់ខ្វាយ​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​នោះ​ទេ»។

ប្រទេស​ភាគច្រើន​ចង់​ឱ្យ​សមាជិក​ភាព​មាន​លក្ខណៈ​ទូលំទូលាយ ពី​ព្រោះ​ការ​ធ្វើ​បែបនេះ​នឹង​ជួយ​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​ក្នុង​តំបន់ ជា​ពិសេស​ពី​ព្រោះ​សមាជិក​អាស៊ាន​ទាំង ១០ ចង់​ចូលរួម​ក្នុង​នាម​ជា​ប្លុក​មួយ។

បញ្ហា​ទាក់ទង​នឹង​ចិន​រដ្ឋាភិបាល​ជាច្រើន នៅ​ក្នុង​តំបន់​បាន​លើកឡើង​នូវ​មន្ទិល​សង្ស័យ​លើ​គុណតម្លៃ​នៃ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ដែល​មិន​រាប់​បញ្ចូល​ចិន ហើយ​សម្រាប់​ប្រទេស​ជាច្រើន ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម និង​ជា​វិនិយោគិន​ដ៏​សំខាន់​របស់​ពួក​គេ។ រឿង​នេះ​អាច​នឹង​នាំ មក​នូវ​បញ្ហា​ប្រឈម​ជាច្រើន។

សូម្បី​តែ​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​អាមេរិក ដូច​ជា​អូស្ត្រាលី​ជា​ដើម ក៏​មាន​ការ​នាំចេញ​ទំនិញ​ទៅ​កាន់​ប្រទេស​ចិន​ច្រើន​ជាង​សហរដ្ឋអាមេរិក​រហូត​ដល់​ទៅ ១៣ ដង​ផង​ដែរ ហើយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ក៏​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ផង​ដែរ​ជា​មួយ​ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់ ដែល​មាន​មូល​ដ្ឋាន​នៅ​ចិន។

នៅ​ឆ្នាំ២០២១ ការ​ធ្វើពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន​មាន​ចំនួន ៨៧៨ ពាន់​លានដុល្លារ ដែល​ច្រើន​ជាង​ការ​ធ្វើពាណិជ្ជកម្ម​រវាង​អាស៊ាន​ជាមួយ​នឹង​អាមេរិក ដែល​មាន​ចំនួន​ត្រឹម​តែ ៣៨៤ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

គួបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន លោក ស៉ី ជិនពីង ក៏បានបង្កើតនូវគោលនយោបាយផ្លូវសូត្រថ្មី គឺគោលនយោបាយខ្សែក្រវាត់ និងផ្លូវ (Belt and Road) ដើម្បីភ្ជាប់ទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាច្រើន ដូចជានៅតំបន់អាស៉ីអាគ្នេយ៍ អាស៉ីទក្សិណ ទ្វីបអាហ្វ្រិក និងបន្តទៅដល់តំបន់អឺរ៉ុបថែមទៀតផង ដែលសករាជផ្លូវសូត្រថ្មីនេះមានវិសាលភាពធំជាងផ្លូវសូត្រកាលពីសម័យបុរាណនោះទៅទៀតដែលធ្វើឱ្យសហរដ្ឋអាមរិករឹតតែមានការព្រួយបារម្ភអំពីការពង្រីកឥទ្ធិពលរបស់ចិនកាន់តែខ្លាំងជាងខ្លួន៕

ដោយ៖ សេម វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម