អត្ថាធិប្បាយ
លិខិតមិត្តអ្នកអាន ៖ «អតីតបុគ្គលិកណាហ្គាវើលដ៏ គួរចាប់យកឱកាសដ៏ល្អកម្រមាន»
មានអតីតបុគ្គលិកណាហ្គាវើលដ៏មួយចំនួនបន្ថែមទៀត បានសុខចិត្តដាក់ពាក្យសុំទទួលយកសំណងដើម្បីឈប់ពីការងារ ហើយទៅរកការងារថ្មី។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារកាលពីល្ងាចថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២២។

គិតរហូតមកទល់ពេលនេះ មានអតីតបុគ្គលិកណាហ្គាវើលដ៏ចំនួនជាង ២០០នាក់ហើយ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រមទទួលយកការទូរទាត់ប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារ។ បច្ចុប្បន្ន ចំនួនអ្នកមិនទាន់យល់ព្រមទទួលសំណង បញ្ចប់ការងារនៅសល់កាន់តែតិចទៅៗ ពោលគឺនៅសល់អតីតបុគ្គលិកតែជាង ១០០នាក់ប៉ុណ្ណោះ ដែលនៅជឿតាមសកម្មជននយោបាយឈ្មោះ ឈឹម ស៊ីថរ ហើយនៅបន្តការតវ៉ាមិនសមហេតុផល ដោយបង្ខំឲ្យថៅកែទទួលយកពួកខ្លួនចូលធ្វើការវិញ។
អ្វីដែលជាឱកាសល្អកម្រមាន សម្រាប់អតីតបុគ្គលិកណាហ្គាវើលដ៏ គឺក្រសួងការងារ បានសន្យាថា នឹងជួយសម្របសម្រួល ដើម្បីរកការងារថ្មីឲ្យពួកគេធ្វើទៀតផង។ ឈប់ពីការងារចាស់ ដោយទទួលបានកញ្ចប់ថវិកាតាមច្បាប់ការងារ ហើយមានក្រសួងជួយសម្របសម្រួលរកការងារថ្មីឲ្យធ្វើទៀត តើមានហេតុផលអ្វីដែលត្រូវនៅបន្តការតវ៉ាខុសទំនង មិនសមហេតុផលនិងខុសច្បាប់?

ប្រសិនបើគ្មានរបៀបវារៈនយោបាយនៅពីក្រោយខ្នងទេនោះ ប្រាកដណាស់ថា ពួកគេច្បាស់ជាទទួលយកដំណោះស្រាយរបស់ក្រសួងការងារ ដោយគ្មានស្ទាក់ស្ទើរនោះឡើយ ពីព្រោះគ្មានដំណោះស្រាយណាល្អជាងនេះនោះទេ។
ក្រុមអ្នកតាមដានការតវ៉ា របស់អតីតបុគ្គលិកណាហ្គាវើលដ៏ សុទ្ធតែមើលឃើញថា អ្នកដែលនៅបន្តការតវ៉ាមួយក្រុមនេះ ទំនងជាភាគច្រើនជឿតាមការអូសទាញរបស់ ឈឹម ស៊ីថរ ដោយមិនដឹងខ្លួនថា កំពុងត្រូវបានគេយកធ្វើជាឈ្នាន់នយោបាយនោះឡើយ។ ឈឹម ស៊ីថរ ដែលមានការជួយជ្រោមជ្រែងទាំងថវិកា និងទាំងការរៀបចំសេណារីយូពីសំណាក់បរទេស និងអ្នកនយោបាយប្រឆាំងជ្រុលនិយម នៅពីក្រោយខ្នង បានយកលេសសិទ្ធិការងារមកធ្វើជាដើមចម នៃការតវ៉ារបស់ខ្លួន។

ប៉ុន្តែសកម្មជននយោបាយ ឈឹម ស៊ីថរ និងគូកនភ្លេចគិតថា ប្រជាពលរដ្ឋខ្មែរឥឡូវយល់ច្បាស់ណាស់អំពីសិទ្ធិការងារ គឺមិនមែនជឿតាមការអះអាងដោយបំភាន់របស់ពួកខ្លួនឡើយ។ សិទ្ធិការងារ គឺមិនមែនជាសិទ្ធិចាប់បង្ខំ ឲ្យនិយោជកទទួលយកខ្លួនឲ្យចូលធ្វើការនោះទេ។ ដូច្នេះ ការតវ៉ាដែលគ្មានហេតុផលទាល់តែសោះបែបនេះ គឺពិតជាគ្មានលទ្ធផលល្អ នោះឡើយ។
ឥឡូវនេះ ឈឹម ស៊ីថរ ធ្វើជាអំពាវនាវឲ្យសប្បុរសជនបរិច្ខាគ ដើម្បីគាំទ្រដល់ការតវ៉ាខុសបែបបទនៃក្រុមរបស់ខ្លួន។ ការអំពាវនាវនេះ គ្រាន់តែជាការសម្រក់ទឹកភ្នែកក្រពើឲ្យគេអាណិត និងជាលេសបិទបាំងលុយ ដែលខ្លួនទទួលពីប្រភពលាក់មុខ ដែលចាំបាច់ត្រូវបិទបាំង តែប៉ុណ្ណោះ។
សួរថា រយៈពេលជាច្រើនខែកន្លងមកនេះ តើក្រុម ឈឹម ស៊ីថរ បានលុយពីណាមកចិញ្ចឹមការរៀបចំចាត់តាំងបាតកម្មខុសច្បាប់របស់ខ្លួន បើមួយថ្ងៃៗមិនធ្វើការអីគិតតែធ្វើបាតុកម្ម? តើបានលុយពីណាមកទិញសម្ភារៈឈុតដូចៗគ្នា មកសំដែងល្ខោនតាមដងផ្លូវ? បើគ្មានលុយពីប្រភពសម្ងាត់ ជាពិសេសពីពួកចៅហ្វាយបរទេស ទេនោះ ពួកគេក៏មិនអាចធ្វើសកម្មភាពរបៀបនេះជាច្រើនខែបានឡើយ។

ការប្រើប្រាស់ល្បិច និងវិធីសាស្ត្រក្នុងការប្រមូលមនុស្ស និងធនធានសំរាប់ការធ្វើសកម្មភាព រឺបង្កើតនូវព្រឹត្តការណ៍ បែបអ្វីដែលក្រុម ឈឹម ស៊ីថរ បាននិងកំពុងធ្វើនេះ គឺគ្មានអ្វីស្ថិតនៅជាអាថកំបាំងបានយូរនោះឡើយ ហើយក៏ហាក់ដូចជានៅរាក់ខ្លាំងណាស់ នៅក្នុងពិភពលោកក្នុងសម័យអាំងទ័រណែត និងអ៊នឡាញនេះ។
ហេតុដូច្នេះហើយ បានជាអតីតបុគ្គលិកភាគច្រើន ដែលយល់ពីល្បិចទុច្ចរិតនេះ បានចាកចេញជាបន្តបន្ទាប់ និងសឹងតែរាល់ថ្ងៃពីគំនាបរបស់ ឈឹម ស៊ីថរ ហើយពួកគេសុខចិត្តទទួលយកការទូរទាត់ប្រាក់បំណាច់ការងារដើម្បីបញ្ចប់កិច្ចសន្យា និងទៅរកការងារថ្មី ដែលមានក្រសួងការងារចាំជួយសម្របសម្រួលរកការងារថ្មីឲ្យធ្វើទៀត។

ត្រង់ចំណុចនេះ យើងអាចចោទជាសំណួរថា តើការតវ៉ាដែលអូសបន្លាយជាច្រើនខែមកនេះ មានគោលបំណងអ្វី? គ្រាន់តែឃើញសេណារីយោនៃការតវ៉ា គេក៏មិនបាច់ងឿងឆ្ងល់ និងក៏អាចយល់បានដោយគ្មានមន្ទិលឡើយថា វាជាការតវ៉ាដែលមានអ្នករៀបចំឆាកពីក្រោយខ្នង។ ជាធម្មតា បើសិនជាបុគ្គលិកតវ៉ាដោយខ្លួនឯង គេមិនអាចរៀបចំជាឯកសណ្ឋានប្លែកៗ និងប្រើពណ៌ដូចៗគ្នាបែបនេះបានឡើយ ដូចជាការប្រើឆ័ត្រពណ៌លឿងទាំងអស់គ្នា ឬចងក្រណាត់ពណ៌ខៀវលើក្បាលទាំងអស់គ្នាជាដើម។ល។ សេណារីយោបែបនេះ ត្រូវបានគេស្គាល់មុខអ្នកនៅពីក្រោយខ្នងអស់ហើយ និងស្គាល់ពាសពេញពិភពលោកទៅហើយ។
ម្យ៉ាងទៀត ប្រសិនបើការតវ៉ាដើម្បីតែរក្សាការងារ និងចង់បានប្រាក់ខែចិញ្ចឹមគ្រួសារ ពួកគេត្រូវទទួលយកដំណោះស្រាយ របស់ក្រសួងការងារតាំងពីដើមទីបាត់ទៅហើយ ពីព្រោះលុយក៏បាន ការងារថ្មីក៏មាន។ តើមានហេតុផលអ្វី ដែលត្រូវនៅអូសបន្លាយការតវ៉ាឥតន័យ ក្នុងរយៈពេលយូរបែបនេះ? គឺគ្មានហេតុផលណាមួយ អាចពន្យល់បានឡើយក្រៅតែពីហេតុផលនយោបាយ ដែលបង្កប់នៅពីក្រោយខ្នង។

សរុបមកវិញ បងប្អូនអតីតបុគ្គលិកណាហ្គាវើលដ៏ណា ដែលយល់ថាខ្លួនចាញ់បោកសកម្មជននយោបាយ ឈឹម ស៊ីថរ គួរតែប្រញាប់ស្នើសុំការទូរទាត់ប្រាក់បំណាច់ការងារ ហើយទៅរកការងារថ្មីដើម្បីកុំឲ្យខាតពេលវេលា ជាពិសេសការខូចមុខមាត់ក្រេឌីត និងអនាគតរបស់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ ពោល គឺការចេញមុខតវ៉ាកាន់តែយូរ សង្គមនឹងស្គាល់មុខមាត់កាន់តែច្បាស់ ហើយគេក៏អាចទុកយើងអោយនៅក្នុងជំពូកមនុស្សក្រៅសង្គមដែរ។
ហេតុនេះ នៅពេលមានឱកាសល្អ បែបនេះ បងប្អូនអតីតបុគ្គលិកណាហ្កាវើលដ៏ មិនគួររង់ចាំយូរនោះឡើយពោល គឺបានទាំងប្រាក់ មានទាំងអ្នកចាំជួយរកការងារថ្មីឲ្យធ្វើ។ ផ្ទុយទៅវិញ បើនៅបន្តការតវ៉ាទៀត ប្រយ័ត្នដូចពាក្យបូរាណចាស់បានប្រៀនប្រដៅថា «ទន្សាយក៏រួចត្រីរ៉ស់ក៏រួច» ពោលគឺនៅទីបំផុត ប្រាក់ក៏មិនបាន រីឯការងារថ្មីក៏រកមិនបាន ពីព្រោះសូមកុំភ្លេចថា មិនថានៅប្រទេសណាក៏ដូចប្រទេសណាទេ គ្មាននិយោជកណា ទទួលយកបុគ្គលិកដែលពូកែតវ៉ាប្រឆាំងគ្មានហេតុផល ឲ្យធ្វើការក្នុងក្រុមហ៊ុន សហគ្រាស រឺរោងចក្ររបស់ខ្លួននោះឡើយ៕
ដោយ : អ្នកនយោបាយតុកាហ្វេ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?