អត្ថាធិប្បាយ
ប្រទេសថៃ៖ ច្រកទ្វារនៃការជួញដូរមនុស្ស និងការបោកប្រាស់អនឡាញ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសថៃបានប្រែក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស និងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំក្នុងតំបន់។ ក្រុមទាំងនេះ ត្រូវបានរៀបចំឡើងជាបណ្តាញអន្តរជាតិ ដែលបាន និងកំពុងធ្វើសកម្មភាពនៅតាមបណ្តោយព្រំដែនដែលមានការអនុវត្តច្បាប់ខ្សោយ និងចន្លោះប្រហោងកើតចេញពីមន្រ្តីមូលដ្ឋាននៅតាមព្រំដែន ដើម្បីជួញដូរមនុស្សរាប់ពាន់នាក់ដែលស្ថិតនៅទាសភាពបំណុល ការរំលោភបំពានរូបរាងកាយ និងការបោកប្រាស់ដោយបង្ខំ។

ភស្តុតាងយ៉ាងច្បាស់ និងកំពុងកើនឡើង ដោយសារតែសារព័ត៌មាន Reuters បានធ្វើការស៊ើបអង្កេតជាច្រើន និងបានរកឃើញថាជនរងគ្រោះដែល”ធ្វើដំណើរទៅប្រទេសថៃ” គឺត្រូវបានរៀបចំឡើងតាមរយៈបណ្តាញក្រុមឆបោកទាំងនោះ និងបង្ខំឱ្យអ្នកទាំងនោះ ចូលទៅក្នុងទីតាំងបោកប្រាស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាតាមច្រកព្រំដែនថៃ។ ជនរងគ្រោះពីការជួញដូរបានរៀបរាប់អំពីការចាប់ពង្រត់ ការបង្ខាំង និងការបង្ខិតបង្ខំឱ្យចូលទៅធ្វើការងារឆបោកអនឡាញ បន្ទាប់ពីត្រូវបានអូសទាញដោយការសន្យាក្លែងក្លាយពីការទទួលបានការងារដែលទទួលបានប្រាក់ខែច្រើន។ អ្នកខ្លះបាននិយាយថា ពួកគេត្រូវបាននាំខ្លួនតាមអាកាសយានដ្ឋានបាងកក ដោយមនុស្សក្លែងខ្លួនជាមន្ត្រីអន្តោប្រវេសន៍ថៃ មុនពេលត្រូវបានគេនាំទៅប្រទេសមីយ៉ាន់ម៉ា។
ក្រសួងការបរទេសថៃបានបដិសេធថា មិនបានទទួលរបាយការណ៍បែបនេះទេ ប៉ុន្តែបានសន្យាថា នឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ប្រសិនបើមានតម្រុយគួរឱ្យទុកចិត្តណាមួយ។ នៅដើមឆ្នាំ២០២៥ តារាសម្តែងជនជាតិចិនលោក Wang Xing បានបាត់ខ្លួននៅក្នុងប្រទេសថៃ ហើយក្រោយមកត្រូវបានគេរកឃើញនៅជិតព្រំដែនមីយ៉ាន់ម៉ា ក្នុងតំបន់ដែលគេស្គាល់ថាជាទីតាំងប្រតិបត្តិការឆបោកអនឡាញ។ ប៉ូលីសថៃបានបញ្ជាក់ថា លោក គឺជាជនរងគ្រោះពីការជួញដូរមនុស្ស។ លោក Wang ត្រូវបានគេបោកបញ្ឆោតដោយមានការសន្យាអំពីការងារសម្តែងមួយ ប៉ុន្តែ លោកបែរជាត្រូវបានគេនាំទៅប្រទេសមីយ៉ាន់ម៉ាទៅវិញ ដើម្បីធ្វើការក្នុងប្រតិបត្តិការឆបោកអនឡាញ ដែលផ្តោតលើជនជាតិចិន។ លោកត្រូវបានគេជួយសង្គ្រោះ ហើយនាំមកត្រឡប់ទៅប្រទេសថៃវិញ ដើម្បីសាកសួរ និងយោងតាមរបាយការណ៍បានបង្ហាញថា គាត់នៅតំបន់ មេស៊ុត (Mae Sot) នៅព្រំដែនថៃ-មីយ៉ាន់ម៉ា។

ព័ត៌មានជាផ្លូវការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកឆ្នាំ២០២៤ អំពីការជួញដូរមនុស្ស បានបង្ហាញថា ប្រទេសថៃជាទីតាំងសំខាន់សម្រាប់កំណត់អត្តសញ្ញាណជនរងគ្រោះពីការជួញដូរមនុស្ស និងងាយរងគ្រោះដែលពាក់ព័ន្ធទៅនឹងការធ្វើចំណាកស្រុករកការងារធ្វើ ការធ្វើចំណាកស្រុកដោយមិនស្របច្បាប់ និងការកេងប្រវ័ញ្ចពីឧក្រិដ្ឋជន តាមរយៈបណ្តាញដែលប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជន ដើម្បីផ្លាស់ទីមនុស្សចូលទៅក្នុងទីតាំងឆបោកអនឡាញ។ ប្រទេសថៃកំពុងតែស្ថិតក្នុងកម្រិតបន្ទាត់ក្រហមថ្នាក់ទី២ ដែលនេះ បង្ហាញថាប្រទេសនេះខ្វះស្តង់ដាក្នុងការបង្រ្កាប និងលុបបំបាត់ការជួញដូរមនុស្ស ហើយចាត់ទុកប្រទេសនេះ ជាប្រទេសឆ្លងកាត់ និងប្រភពទីតាំងនៃការជួញដូរមនុស្ស។ ទីភ្នាក់ងារអន្តរជាតិ ក៏បញ្ជាក់បន្ថែមថា នេះជាគ្រោះថ្នាក់ដ៏ធំក្នុងតំបន់។
ទីភ្នាក់ ងារអង្គការសហប្រជាជាតិ ដូចជា ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានចងក្រងឯកសារអំពីមនុស្សរាប់សែននាក់ ដែលត្រូវបានគេជួញដូរទៅក្នុងមជ្ឈមណ្ឌលបោកប្រាស់នៅអាស៊ីអាគ្នេយ៍ ហើយបានគូសបញ្ជាក់អំពីរបៀបដែលឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតបានក្លាយទៅជាពាណិជ្ជកម្មជួញដូរមនុស្សដ៏ធំមួយ។ ការរកឃើញរបស់ UNODC បានបង្ហាញពីទម្រង់តែមួយ ដែលជនរងគ្រោះត្រូវបានគេបោកបញ្ឆោតដោយការផ្តល់ជូនការងារមិនពិតប្រាកដ ត្រូវបានគេបញ្ចូនឆ្លងកាត់ព្រំដែន ត្រូវបានគេឃុំខ្លួនក្នុងបរិវេណទីតាំងឆបោកដែលមានការយាមការតឹងតែង ត្រូវគេបង្ខំឱ្យធ្វើការហៅទូរស័ព្ទនិងបោកប្រាស់ជនរងគ្រោះនៅក្រៅប្រទេស និងរងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីក្រុមឧក្រិដ្ឋជនទាំងនោះ ប្រសិនជាមិនធ្វើតាមការបញ្ជាររបស់ពួកគេ។ នេះមិនមែនជារឿងប្រឌិតនោះទេ នេះ គឺជាបណ្តាញឧក្រិដ្ឋកម្មជាប្រព័ន្ធ ដែលមានឯកសារបញ្ជាក់ច្បាស់លាស់។

ការរាយការណ៍ឯករាជ្យ និងមតិសាធារណៈក៏ជាវិភាគទានសំខាន់ផងដែរ។ ការរាយការណ៍ថ្មីៗនេះដោយ សារព័ត៌មានអន្តរជាតិល្បីៗដូចជា Reuters និង The Guardian បានធ្វើការយកព័ត៌មាន និងតាមដានពីការរំលោភបំពានដ៏ធ្ងន់ធ្ងរដូចជា ការវាយដំ ការឆក់ដោយអគ្គិសនី ការបង្ខាំងក្នុងបរិវេណទីតាំងឆបោក និងការបង្ខិតបង្ខំឱ្យចូលរួមឆបោក។ នៅឆ្នាំ២០២៥ ប្រទេសថៃ បានចាប់ផ្តើមកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងការឆបោក និងបានពិនិត្យមើលទីតាំងឆបោកនៅតាមព្រំដែនកម្ពុជា និងមីយ៉ាន់ម៉ា ប៉ុន្តែ ការធ្វើឡើងនេះ គឺបន្ទាប់ពីមានការដាក់សម្ពាធខ្លាំងពីអន្តរជាតិប៉ុណ្ណោះ ដែលនេះបានបង្ហាញពីការធ្វេសប្រហែសរបស់រដ្ឋាភិបាលថៃ ឬការមិនអើពើលើបញ្ហានេះដែលកំពុងកើតមានយ៉ាងច្រើនក្នុងប្រទេសរបស់ខ្លួន។ កាលពីខែកុម្ភៈកន្លងមកនេះ ក្រុមកងទ័ពប្រជាធិបតេយ្យការ៉េន នៅមីយ៉ាន់ម៉ា បានចូលបង្រ្កាបទីតាំងឆបោកមួយកន្លែងនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា និងបានបញ្ចូនមនុស្សចំនួន២៦០នាក់ ដែលភាគច្រើនជាជនជាតិអេត្យូពីចូលទៅក្នុងប្រទេសថៃ ហើយអ្នកបានជួយសង្រ្គោះនោះ បាននិយាយថា ពួកគេត្រូវបានគេរំលោភបំពាន និងបង្ខំឱ្យចូលទៅក្នុងការឆបោកជាសកល។
ភស្តុតាងរួមគ្នា ដែលត្រូវបានគូសបញ្ជាក់ច្បាស់លាស់ខាងលើ គួរតែជាភស្តុតាងដែលអាចយកជាគោលការណ៍ក្នុងការថ្កោលទោសដ៏ធ្ងន់ធ្ងរលើបណ្តាញក្រុមឧក្រិដ្ឋជនទាំងនោះ ដែលមានមូលដ្ឋាននៅក្នុង និងកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសថៃ ហើយក្រុមនេះបានបង្កើតជាឧស្សាហកម្មដ៏ធំក្នុងតំបន់សម្រាប់ការជួញដូរមនុស្ស និងការឆបោកនៅក្នុងតំបន់។ ទីតាំងដែលអ្នកស៊ើបអង្កេតបានរកឃើញថា ភស្តុតាងពាក់ព័ន្ធ នឹងការសម្របសម្រួល ឬការឃុបឃិតដោយមន្ត្រីព្រំដែន ហើយទីតាំងដែលជនរងគ្រោះរាយការណ៍ថាត្រូវបានបញ្ចូនឆ្លងកាត់ទឹកដីថៃទៅក្នុងទីតាំងឆបោក។ របាយការណ៍ទាំងនេះ អាចបង្ហាញបានអំពីបរាជ័យរបស់ស្ថាប័នរដ្ឋរបស់ថៃ ដែលអនុញ្ញាតឱ្យរឿងនេះកើតឡើង។ ការរាយការណ៍របស់សារព័ត៌មាន Reuters គឺច្បាស់លាស់ ដែលបង្ហាញប្រទេសថៃបាន និងកំពុងក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់សម្រាប់ជនរងគ្រោះពីការជួញដូរ ដែលអ្នកទាំងនោះបានក្លាយជាទាសករនៅក្នុងទីតាំងឆបោកអនឡាញ៕
ដោយ៖ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


