Connect with us

កូវីដ-១៩

ខេត្តកោះកុងចាប់ផ្តើមដំណើរការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមផ្ទះ

បានផុស

នៅ

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី១៩ ខែកញ្ញានេះថា ខេត្តកោះកុងបានចាប់ផ្តើមអនុវត្តការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ដែលជំហានដំបូងធ្វើនៅស្រុកស្រែអំបិល។ លោកវេជ្ជបណ្ឌិត បានបន្តថា ចាប់តាំងពីក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំដល់ខេត្តនានាស្តីពីការអនុវត្តការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះរួចមក ខេត្តកោះកុងទើបអនុវត្តកាលពីថ្ងៃម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា៖ “តាមពិតភាពយឺតយ៉ាវការអនុវត្តការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះនេះ ដោយសារយើងបានធ្វើការផ្សព្វផ្សាយដល់អាជ្ញាធរស្រុកនានាឱ្យបានយល់ដឹង និងធ្វើជាបណ្តើរៗ ប៉ុន្តែកន្លងមកដោយសារមានស្ថានភាពជំងឺកូវីដ-១៩ ផ្ទុះគំហុកពិបាកធ្វើ ហើយយើងមមាញឹករឿងការបើកដំណើរការសាលារៀនឡើងវិញទៀត។ អ៊ីចឹងបានជាយើងចេះតែពន្យាពេល”។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបន្ថែមទៀតថា ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល យើងបានចាក់ផ្តើមបើកធ្វើនៅស្រុកស្រែលអំបិលដែលមានអ្នកជំងឺប្រមាណ៨នាក់ ហើយរដ្ឋបាលខេត្តនឹងបន្តអនុវត្តជាបន្តទៀតដើម្បីជួយសម្រាលបន្ទុកអ្នកជំងឺក្នុងមន្ទីរពេទ្យរដ្ឋ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ នៅស្រុកគិរីសាគរ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានណែនាំដល់ក្រុមការងារយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះនេះ និងត្រូវចាត់ទុកថានេះ ជាការងាររបស់ជាតិ របស់រាជរដ្ឋាភិបាល និងត្រូវចាប់ផ្តើមពីយើងគ្រប់គ្នា ដោយទំនួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។

ត្រូវរាយការណ៍ជាប្រចាំនូវទិន្នន័យ ដែលបាន និងកំពុងអនុវត្តនៅតាមមូលដ្ឋាននីមួយៗ ទៅក្នុងក្រុមតេលេក្រាមដែលបានបង្កើតសម្រាប់ការអនុវត្តការងារគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះនេះ។

លោកអភិបាលរងខេត្តបានណែនាំដល់មន្ទីរសុខាភិបាល ត្រូវសហការជាមួយរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងបុស្តិ៍សុខភាព ដើម្បីរៀបចំចងក្រង និងរាយការណ៍នូវ តារាងទិន្នន័យជំងឺកូវីដ-១៩ និងបញ្ជីករណីជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម