Connect with us

ព័ត៌មានជាតិ

បទយកការណ៍៖ ការសម្ដែងឡើងវិញ នៃក្រុមល្ខោនបាសាក់មហាជន ក្នុងបរិបទកូវីដ-១៩

បានផុស

នៅ

បន្ទាប់ពីប្រជាពលរដ្ឋបានទទួលចាក់វ៉ាក់សាំង និងស្ថានភាពប្រសើរឡើងនៃហានិភ័យការឆ្លងរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅ តាមបណ្តាខេត្តទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សិល្បៈល្ខោនបាសាក់ ដែលមានប្រជាប្រិយនៅ គ្រប់ស្រទាប់វណ្ណៈ ពិសេសប្រជាពលរដ្ឋតាមបណ្ដាខេត្តនៅ ក្នុងពិធីបុណ្យទាននានានោះ ក៏ចាប់ផ្ដើមដំណើរការការសម្ដែងរបស់ខ្លួនជាបណ្ដើរៗឡើងវិញផងដែរ។

មហាជនភាគច្រើនប្រាកដជាស្គាល់ថា នាយប៉េងប៉ោះ ជា តួកំប្លែង នៅ ក្នុងវង់ល្ខោនបាសាក់។ មិនត្រឹមតែជាតួត្លុកដែលញ៉ាំងសាច់រឿងល្ខោនបាសាក់ផ្ទុះសំណើចកក្អឹកក្អាកក្អាយនោះទេ កម្ពុជាថ្មី សូមបង្ហាញតួនាទីពិតរបស់លោក គឺជា ប្រធានក្រុមល្ខោនបាសាក់ នាយ ប៉េងប៉ោះ តាំងពីឆ្នាំ ១៩៩៩ និងជា ជាអនុប្រធានការិយាល័យដឹកនាំល្ខោនបាសាក់អាជីពខេត្តកំពង់ចាម ផងដែរ មុនពេលលោកចូលនិវត្តន៍។ ​

លោក ស៊ាន សុផល ហៅ នាយប៉េងប៉ោះ វ័យ ៦២ ឆ្នាំ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ រសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នេះ ដោយសម្ដីស្រទន់ និងលាយសំណើរតិចៗថា ការបើកឱ្យល្ខោនបាសាក់សម្ដែងឡើងវិញ សិល្បករទាំងអស់មានទឹកចិត្តសប្បាយរីករាយណាស់ ដោយរដ្ឋាភិបាលបានបើកសេដ្ឋកិច្ច ក៏ដូចជាបើកផ្លូវឱ្យសិល្បករក៏មានការងារ និងចំណូលវិញដែរ។

លោក ស៊ាង សុផល មានប្រសាសន៍បន្តថា៖ “ក្រុមល្ខោនបាសាក់យើងចាប់ផ្ដើមសម្ដែងឡើងវិញ ចាប់តាំងពីពេលក្រសួងវប្បធម៌ចេញសេចក្ដីប្រកាស កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងហ្នឹង ដោយយើងគោរពគោលការរបស់ក្រសួងសុខាភិបាលផងដែរ។ យើងសម្ដែងខ្លះៗតាមកម្មវិធីកម្សាន្តតាមភូមិជារលក្ខណៈខ្នាតតូច មិនបានសម្ដែងខ្នាតធំ ហើយការជួលសម្ដែងក្នុងកម្មវិធីបុណ្យទានផ្សេងៗនោះ មិនទាន់មាននៅ ឡើយទេ ដោយសាររដ្ឋាភិបាលទើបបើកឡើងវិញ ឯម្ចាស់ដើមបុណ្យក៏មិនទាន់បានរៀបចំ”។

ប្រធានក្រុមល្ខោនបាសាក់ ប៉េងប៉ោះ រូបនេះ បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋ ឬព្រះសង្ឃច្រើនជួលក្រុមល្ខោនបាសាក់យកទៅ សម្ដែងនៅ ក្នុងកម្មវិធីបុណ្យនៅ វត្ត ឬបុណ្យឆ្លងសមិទ្ធិផលនានានៅ វត្ត ឬស្រុកភូមិ ក្នុងនោះក៏មានម្ចាស់កម្មវិធីបុណ្យឯកជន ជួលទៅ សម្ដែងដូចជាបុណ្យ សងគុណ មាតាបិតា ជាដើមផងដែរ។ ដោយឥឡូវនេះក្រុមល្ខោនរបស់លោកបានទទួលការជួលទៅ សម្ដែងនៅ កម្មវិធីបុណ្យនៅ វត្ត ចំនួន២វត្តទៀតហើយ។

លោក ស៊ាន សុផល បានឱ្យដឹងបន្ថែមថា ពីមុនក្រុមល្ខោនរបស់លោកមានសមាជិកជាង ៤៥នាក់ តែក្រោយមក សម្រិតសម្រាំងខ្លះ ដើម្បីឱ្យមានតុល្យភាពលើការចំណាយ ដោយឥឡូវមានសមាជិក ៣៥នាក់។ ទាក់ទងទៅ នឹងតម្លៃវិញ លោកបញ្ជាក់ឱ្យដឹងថា មិនមានតម្លៃឋេរទេ គឺអាស្រ័យតាមទីតាំងជិត ឬឆ្ងាយ អាចមានតម្លៃពី ១ ០០០ ទៅ ១ ៧០០ ដុល្លារក្នុង១យប់ ហើយជួនកាលកន្លែងខ្លះបានក្រោមហ្នឹងទៀតក៏មាន បើនៅ ជិត ឬទៅ តាមការធ្លាប់ស្គាល់ និងយោគយល់គ្នា។

តាមរយៈការសម្ដែង និងការងារជាប្រធានក្រុមល្ខោនបាសាក់កន្លងមក លោក ស៊ាង ផល ធ្លាប់បានដឹកនាំក្រុមល្ខោនបាសាក់ប្រឡងរហូតទទួលបានជ័យលាភី មេដាយសំរិទ្ធិ១ ពានប្រាក់ ២ និងពានមាស១។

ជាមួយគ្នា លោក ស៊ាង ផល បានអំពាវនាវថា៖ “ខ្ញុំសូមមហាជនចូលរួមគាំទ្រ សិល្បៈបុរាណគ្រប់វិស័យ ដើម្បីសិល្បៈបុរាណកេរដូនតា មានជីវិត និងអាចដំណើរការសម្ដែងបង្ហាញវប្បធម៌ដល់កូនចៅ ជំនាន់ក្រោយបន្តទៀតបាន។ ខ្ញុំក៏សូមស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួយពង្រឹងសមត្ថភាព ដោយផ្ដល់នូវគ្រូបង្វិក បច្ចេកទេសសម្ដែង ដល់ក្រុមសម្ដែងល្ខោនបាសាក់មហាជននៅ តាមមូលដ្ឋានខេត្តផងដែរ។

​ល្ខោន​បាសាក់​មាន​ដើម​កំណើត​នៅ​ ស្រុក​បាសាក់ ​ខេត្ត​ឃ្លាំង​ ទល់​មុខ​ព្រះ​ត្រពាំង ​កម្ពុជា​ក្រោម។ ទឹក​ដី​កម្ពុជា​ក្រោម​នេះ​ត្រូវ​បាន​ពួក​អាណានិគម​និយម​បារាំង​កាត់​ទៅ​ ឱ្យ​វៀតណាម ថ្ងៃ​ទី ២១ ខែឧសភា ឆ្នាំ ១៩៤៩។ ឥឡូវ​ស្ថិត​នៅ ភាគ​ខាង​ត្បូង​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​សព្វ​ថ្ងៃ។ ល្ខោន​បាសាក់ ​សព្វ​ថ្ងៃ​នេះ​មាន​ប្រភព​មក​ពី​ល្ខោន​ទ្រើង​ឃ្លោង ហើយ​បាន​រីក​ចម្រើន​ឡើង​ដោយ​ស្នាដៃ​បញ្ញវន្ត​មួយ​ក្រុម​ដែល​មាន​ចំណេះ​ជ្រៅ​ ជ្រះ​ខាង​អក្សរសិល្ប៍ និង​សាសនា​ក្រោម​ការ​ដឹក​នាំ របស់​អតីត​ចៅ​ អធិការ​វត្ត​ខ្សាច់​កណ្ដាល “បាសាក់​ព្រះ​ត្រពាំង” កម្ពុជា​ក្រោម ឈ្មោះ​លោក​គ្រូ “​សួរ”។

តួសម្ដែងល្ខោនបាសាក់ស្រី វ័យ ២៤ឆ្នាំ បានឱ្យដឹងថា ប្រការដែលនាង ចូលសម្ដែងល្ខោនបាសាក់ មកពីនាងស្រលាញ់ នឹងគាំទ្រទម្រង់សិល្បៈមួយនេះតាំងពីក្មេង ហើយក៏ចង់ឱ្យសិល្បៈមួយនេះនៅ តែមានវត្ដមាននៅ តាមភូមិស្រុកមិនឱ្យបាត់បង់។ កញ្ញា វន ឆវី បានឱ្យដឹងបន្ថែមថា កញ្ញាអាចសម្ដែងជាតួអង្គផ្សេងៗបាននៅ ក្នុងទម្រង់បាសាក់ ព្រោះកញ្ញាបានហាត់រៀនពីចំណុចតូចទៅ ធំ តែភាគច្រើនកញ្ញាសម្ដែងជាតួយក្ស ឬតួឆ្នាស់។

កញ្ញា វន ឆវី បានបញ្ជាក់ថា៖ “ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះការបើកដំណើរការសិល្បៈខ្មែរគ្រប់ទម្រង់ឡើងវិញក្រោយពីបានធូរស្រាលពីបញ្ហាជំងឺកូវីដ-១៩ ដែលអាចឱ្យក្រុមសិល្បៈបានចេញសម្ដែងឡើងវិញ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងនៅ តែគាំទ្រសិល្បៈល្ខោនបាសាក់បន្ដទៀត ដោយការជួលទៅ សម្ដែងក្នុងកម្មវិធីបុណ្យផ្សេងៗ ដើម្បីលើកកម្ពស់សិល្បៈមួយនេះឱ្យកាន់តែមានប្រជាប្រិយភាពឡើងវិញ”។

ជាមួយគ្នានេះ កញ្ញា ឆវី ក៏មានការព្រួយបារម្ភដែរ ព្រោះការមកទស្សនាមានការជួបជុំគ្នា ដោយខានមិនបាន។ តួយក្សល្ខោនបាសាក់រូបនេះ ថ្លែងថា៖ “ខ្ញុំសូមអំពាវនាវដល់ទស្សនិកជនទាំងអស់ ដែលមកទស្សនាល្ខោនបាសាក់ ឬសិល្បៈផ្សេងៗ សូមពាក់ម៉ាស់ និងលាងដៃ នឹងជែល ឬអាកុល ឱ្យបានខ្ជាប់ខ្ជួន។ ព្រោះខ្ញុំសង្គេតឃើញថា ពួកគាត់ អ្នកខ្លះក៏បានពាក់ម៉ាស់ការពារ តែអ្នកខ្លះទៀតក៏មិនបានពាក់ម៉ាស់ ឬការបង្កាខ្លួនផ្សេងៗ”។

បាសាក់​ ជា​ឈ្មោះ​ទន្លេ​មួយ​ដែល​ជា ខ្នែង​មួយ​នៃ​ទន្លេ​​ទាំង​បួន​​ដែល​ប្រសព្វ​គ្នា​នៅ​ ភ្នំ​ពេញ “ចតុម្មុខ”។ ទន្លេ​នេះ​បាន​ហូរ​កាត់​ទៅ​ ទិស​ខាង​ត្បូង​ចាក់​ទៅ​ ក្នុង​ឈូង​សមុទ្រ​ចិន ហើយ​នៅ​ លើ​ដង​ទន្លេ​នេះ​ហើយ​ដែល​ជា​ទី​តាំង​នៃ​ស្រុក​បាសាក់ ខេត្ត​ឃ្លាំង​ទល់​មុខ​នឹង​ខេត្ត​ព្រះ​ត្រពាំង ដែល​ល្ខោន​បាសាក់​បាន​ចាប់​កំណើត​ឡើង។ តំបន់​នេះ​ក៏​ដូច​ជា​តំបន់​ដទៃ​ទៀត ​មាន​ប្រជា​ជន​ខ្មែរ​រស់​នៅ​ ច្រើន​ជា​តំបន់​មាន​អារ្យធម៌ និង​មាន​កេរ​ដំណែល​វប្បធម៌​ខ្មែរ​ពី​បរម​បុរាណ​ច្រើន​ដូចជា​ប្រាសាទ ស្រះ​បុរាណ ​វត្ត​អារាម តន្ត្រី​ច្រើន​វង់ និង​ល្ខោន​ច្រើន​ប្រភេទ ដូចជា​យីកេរ្តិ៍ និង​ល្ខោន​យក្ស​រាំ​ជា​ដើម។ល។

បន្ទាប់ពីបានជួបសម្ដី ប្រធានក្រុម និងតួសម្ដែងល្ខោនបាសាក់ហើយ នៅ ពេលនេះ “កម្ពុជាថ្មី” សូមមកជួបទស្សនិកជនវិញម្ដង។ លោក ឡឹក សុភ័ក្រ្ត ជាបុគ្គលិកក្រុមហ៊ុន បានឱ្យដឹងថា លោកចូលចិត្តទស្សនាសិល្បៈល្ខោនបាសាក់ តាំងពីតូច បើទោះបីជាខ្លួនមិនដែលមើលល្ខោនដល់ចប់ ពោលគឺត្រូវដេកលក់ ពាក់កណ្ដាលរឿងក្ដី ក៏លោកសុខចិត្តយកន្ទេលទៅ ក្រាលចាំចាប់កន្លែងអង្គុយទស្សនាតាំងពីម៉ោង ៤ ៥ រសៀលទៅ ដែរ។

លោក ឡឹក សុភ័ក្រ្ត មានពោលបញ្ជាក់ដោយអស់សំណើចថា៖ “ទាល់តែទៅ មុនគេ បានយើងចាប់កន្លែងអង្គុយបានមុខរោង ស្រួលមើលតួល្ខោនបានជិត បើមិនអ៊ីចឹង គឺត្រូវនៅ ឆ្ងាយ ព្រោះមនុស្សទាំងភូមិទាំងឃុំ ឬឆ្លងឃុំទៀត មកមើលល្ខោនដែរ ព្រោះមិនងាយមិនគេជួលល្ខោនទេ គឺទាល់តែមានបុណ្យភូមិធំៗ ដូចជាបញ្ចុះសីមា ឬបុណ្យសព្វចៅ អធិការវត្តជាដើម។

បុរសមកពីខេត្តបន្ទាយមានជ័៧ វ័យ ៤០ឆ្នាំ រូបនេះ បានលើកឡើងថា កាលពីតូចលោកចូលចិត្តល្ខោនបាសាក់ ដោយសារ លោកអាចដឹងសាច់រឿងព្រេងបុរាណខ្មែរ ដែលលោកធ្លាប់តែលឺចាស់ៗនិយាយ ម៉្យាងទៀតល្ខោនបាសាក់មានសាច់រឿងទាំងកំប្លែង កំសត់ មានតួទេវតា ព្រាយ យក្ស ក្បាច់វាយគ្នា ដែលសូម្បីតែពេលតួចេញសម្ដែង ក៏មានក្បាច់បង្ហាញខ្លួនគួរឱ្យចាប់អារម្មណ៍។

លោក សុភ័ក្រ បន្ថែថា៖ “ល្ខោនបាសាក់ មានទាំងការរៀបចំតុបតែងលំអរឆាកស្អាតៗទៅ តាមដំណើរសាច់រឿង មានដូចជាក្នុងព្រៃ ដងជ្រោះ ផ្ទះសេដ្ឋី រាជរាំង ឋានសួគ៌ ជាដើម។ និយាយទៅ សូម្បីតែពេល គេបិទ និងបើកវាំងននដូរឆាកហ្នឹង ក៏ខ្ញុំចង់មើលដែរ”។

លោក ឡឹក សុភ័ក្រ បានបញ្ជាក់ថា បច្ចុប្បន្ន បើមានការសម្ដែងល្ខោនបាសាក់ ដែលលោកអាចទៅ ទស្សនាផ្ទាល់បាន លោកនឹងទៅ ទស្សនា ដោយលោកអះអាងថា លោកនឹងទៅ ទស្សនាដោយអនុវត្តវិធានការរដ្ឋាភិបាល និងសុខាភិបាល ពីវិធីបង្ការជំងឺកូវីដ-១៩ ដោយត្រូវរក្សាគម្លាត ពិសេសពាក់ម៉ាស់ ជាប់ជាប្រចាំមិនប្រហែសឡើយ បើទោះជាលោកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន ៣ដងរួចហើយក្ដី។

គួរបញ្ជាក់ថា ក្នុងការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅ តាមបណ្តាខេត្តទូទាំងប្រទេសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹង ឱ្យមហាជនទូទៅ ត្រូវបន្តអនុវត្តឱ្យបានម៉ត់ចត់បំផុត នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ពោលគឺ វិធានការ ៣កុំ ៣ការពារ ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការសុខាភិបាលផ្សេងៗទៀត៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម