Connect with us

ជីវិតកម្សាន្ដ

តារាជើងចាស់នាទសវត្សរ៍ទី ៦០-៧០ រូបកាយឃ្លាតទៅ តែបន្សល់កិត្តិនាមឲ្យកូនខ្មែរចងចាំ ក្នុងដួងចិត្ត

បានផុស

នៅ

ប្រយោគ​មួយ​ឃ្លា បាន​តំណាលតៗ​គ្នាថា “ទូកទៅ កំពង់នៅ” ប្រៀបបាននឹងតារាជើងចាស់ កាលពីជំនាន់ទសវត្សរ៍ទី ៦០-៧០ ទោះបីពួកគាត់បានលាចាកលោកទៅ​ហើយ​ក្ដី តែស្នាដៃរបស់សិល្បករ​ជំនាន់មុនទាំងអស់ នៅតែមានការគាំទ្រពីមហាជន​ដដែល។

យ៉ាងណា​ក៏​ដោយ​ នៅតែមានក្មេងៗជំនាន់ក្រោយ​តិចណាស់ ដែលបានដឹង និងស្គាល់​ថា ជា​តារាជើងចាស់​សម័យមុន។ដូច្នេះកម្ពុជាថ្មី​ សូមបង្ហាញមុខ​តារា​ជើង​ចាស់​ប៉ុន្មាន​រូប ដែលឃ្លាត​កាយ ​តែ​ឈ្មោះ​នៅ​តែរងំ​ក្នុងដួងចិត្ត​ទស្សនិកជនដដែល។

១ លោក ណុប​ ណែម​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជា​អតីត​តារា​ភាពយន្ត​ជើង​ចាស់​​ ពោរ​ពេញ​ដោយ​បទ​ពិសោធន៍ ​និង​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អំឡុង​ទសវត្សរ៍​ទី​៦០​-​​៧០​។​ ​លោក​កើត​ក្នុង​ឆ្នាំ​ ១៩៣៦ ​នៅ​ភូមិ​ស្រែ​ខ្វាវ​ ឃុំ​ជាង​ទង​ ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។ លោក​មាន​បងប្អូនបង្កើត​សរុប​៨នាក់ ក្នុង​នោះ​មាន​ប្រុស​៥នាក់​ និង​ ស្រី​៣​នាក់។​ ជា​អកុសល​ លោក​បាន​លា​ចាក​លោក​នៅ​ក្នុង​ជំនាន់​ប៉ុលពត​ គួរ​ជា​ទី​​សោក​ស្ដាយ​។

២​ អ្នកស្រី សោម វណ្ណ​សូ​ដា​នី​

អ្នកស្រីជា​អតីត​តារា​ភាព​យន្ត​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង កាល​ពី​អំឡុង​ទសវត្សរ៍​ទី​៦០​និង​ដើម​៧០ ​ដែល​មាន​រូប​សម្ផស្ស​ស្រស់​សោភា​ ចរិត ទន់ភ្លន់ សុភាព​រាប​សា ស្រគត់ស្រគំ និង ពោរ​ពេញ​ទៅ​ដោយ​ទេព​កោសល្យ​សម្ដែង​យ៉ាង​សក្ដិសម​ឥត​ខ្ចោះ។ ​អ្នកស្រី​មាន​ឈ្មោះ​ដើម សោម វណ្ណស៊ុក កើត​នៅ​ភូមិ​ក្នុង​វាំង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។ ឪពុក​ឈ្មោះ​សោម​ ផន ជា​ទាហាន​ហ្លួង ម្ដាយ​ឈ្មោះ​ព្រាប មុត ជា​មេ​ផ្ទះ។

៣ លោក គង់ សំអឿន

លោកជាតារាភាពយន្តខ្មែរម្នាក់ ដែលមានប្រជាប្រិយភាពជាងគេក្នុង​អំឡុងទសវត្សរ៍ ទី៦០-៧០ ។ មហាជន​ខ្មែរ​ទូទៅ​ដែល​មាន​អាយុ៤០ឆ្នាំឡើង គឺ​សុទ្ធ​តែ​បាន​ស្គាល់លោកយ៉ាង​ច្បាស់ ​តាម​រយៈ​ខ្សែ​ភាពយន្ត​ជាច្រើន​ ដែល​លោក​បាន​សម្ដែង ។ កើតនៅឆ្នាំ ១៩៤១ ក្នុងស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល។ ទោះបី​គ្រួសារ​លោក តឹងតែងចំពោះកូនៗ លើវិស័យសិល្បៈក្តី តែលោកបានលួចទៅ​សម្តែង​ភាពយន្ត នៅឆ្នាំ១៩៦០ គឺរឿង កម្មម្ដាយ។ ប៉ុន្តែ រឿងដែលធ្វើ​ឲ្យលោក​ល្បីល្បាញ គឺរឿង​សព្វសិទ្ធ របស់លោកលី ប៊ុនយីម នៃផលិតកម្មរន្ទះពេជ្រភាពយន្ត ហើយនៅពេលនេះហើយ ដែល​ឪពុក​របស់​លោក​ដឹង​ថា លោកបានក្លាយជាតារាភាពយន្ត។

៤ អ្នកស្រី ទិត្យ វិជ្ជរ៉ាដានី

ជាតារាឯកភាពយន្តដ៏មានឈ្មោះ​ល្បីល្បាញ​ដាច់គេ​ នាអំឡុងចុងទសវត្សរ៍ទី៦០ និង​ ដើមសតវត្សរ៍ ៧០ ដែលមានវង់ភក្ត្រ​ស្រស់​​ផូរផង់​ ថ្ពាល់ខួច​ទាំង​សងខាង​ ប្រកប​ដោយ​ស្នាមញញឹមដ៏​មានមន្តស្នេហ៍ ហើយមាន​ទេពកោសល្យ​សម្ដែង​យ៉ាង​រស់រវើក​សក្ដិសម​ឥត​ខ្ចោះ។ អ្នកស្រីមាន​​​កម្ពស់​ត្រឹមតែ១,៥០ម៉ែត្រប៉ុណ្ណោះ តែ​រាង​ដ៏​តូច​ច្រឡឹង​មាន​អានុភាព​ទាក់ទាញ​របស់​អ្នកស្រី​ធ្វើ​ឲ្យ​អ្នកស្រីបាន​វាយផ្ដាច់​តារា​ភាពយន្ត​ស្រីដទៃ​ទៀត​​នាសម័យនោះ ។ អ្នកស្រីទិត្យ វិជ្ជរ៉ាដានី កើតនៅឆ្នាំ១៩៤៨ នៅទីក្រុងភ្នំពេញ ។ គាត់ជាបុត្រីរបស់លោក សារឹម និងអ្នកស្រី អុក ស៊ន ។ នៅ​ឆ្នាំ​១៩៧៥ ​​អ្នកស្រី​ត្រូវ​ជម្លៀស​ទៅ​កាន់​ខេត្ត​បាត់​ដំបង ហើយបាន​ទទួល​មរណភាព​ក្នុង​ឆ្នាំ ​១៩៧៩​ ពេល​របប​ខ្មែរ​ក្រហម​ដួល​រលំ​​ដោយ​សារ​សម្រាល​បុត្រ​តាម​ផ្លូវ​ពេល​ត្រឡប់​មក​កាន់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​។​​

៥ លោក ហ៊ុយ សាន់

លោកកើត​នៅ​ថ្ងៃទី​១១ ធ្នូ ១៩៣៨ កាលពី​ជំនាន់​សង្គមរាស្ត្រនិយម​ មកដល់​សម័យ​យើង​សព្វថ្ងៃនេះ​ លោក​ជា គ្រូ​ក្បាច់​គុនដំបង​ខ្មែរបុរាណ ជា​កីឡាករ​ជើងឯក​ទទួល​ពានរង្វាន់​អូ​ឡាំ​ពិ​ច ជា​តារាភាពយន្ត និង​ជា​អ្នក​ផលិត​ខ្សែភាពយន្ដ​ផងដែរ​។ យ៉ាងណាមិញ លោក​ក៏បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ចន្ទ ទី​២៦ តុលា ២០១៥ ក្នុង​ជន្មាយុ​ ៧៧​ ឆ្នាំ​ នៅលើទឹកដីសហរដ្ឋអាមេរិក

៦ លោក​ជា យុទ្ធថត

កើត​ក្នុងឆ្នាំ ១៩៣៥ នៅ​តំបន់​ជ្រោយ​ចង្វា​ ត្រើយ​ម្ខាង​ភ្នំពេញ​។ ឪពុក​ឈ្មោះ​ជា​ ថោង​ ជា​គ្រូ​ពេទ្យ​ ម្តាយ​ឈ្មោះ​ស​ ងួន​ ជា​មេ​ផ្ទះ។ លោក​ជាកូនទី២​ ក្នុងចំណោមបងប្អូនប្រុស​៣នាក់ គឺ ៖ ជា​ យុទ្ធធន, ជា​ យុទ្ធថន,និង​ ជា យុទ្ធអេង​។

​បង​ប្អូន​បង្កើត​ទាំង​៣នាក់របស់​លោក​ បាន​ស្លាប់​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ ។​​ មុន​ចូល​ប្រឡូក​វិស័យ​ភាពយន្ត លោក​ធ្លាប់​ធ្វើ​ជា​ពេទ្យ​បឋម​ម្នាក់​បំរើ​ការ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​​​ ហើយ​ក្រោយ​មក​ លោក​ធ្វើ​ការ​ជា​អ្នក​យាម​ទូត​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ស្រុក​ខ្មែរ​។ លោកមាន​ភរិយាទីមួយ គឺ​អ្នក​ស្រី​វណ្ណ ភូមី ​និង​ភរិយា​ទីពីរ​ ជាតារា​សម្ដែង​រួម​ជំនាន់​គឺ​អ្នក​ស្រី​សោម វណ្ណសូដានី ។​ លោក​ បាន​លា​ចាក​លោក​នៅ​ក្នុង​របប​វាល​ពិឃាតក្នុង​ឆ្នាំ​ ១៩៧៦​​ នៅ​ឯទឹក​ដី​ខេត្ត​​បាត់​ដំ​បង​។

៧ អ្នកស្រី គីម ណូវ៉ា

កើតនៅក្នុងឆ្នាំ ១៩៤៦ នៅស្រុក ពាមរ ខេត្តព្រៃវែង អ្នកស្រីចាប់ផ្ដើមចូលប្រណូកក្នុងវិស័យឧស្សាហកម្មសម្តែងភាពយន្តនៅក្នុងឆ្នាំ ១៩៦៤ ។ អ្នកស្រីគឺជាតារាសម្ដែងស្រីម្នាក់ ដែលមានរូបសម្រស់បានទាំងព្រម រូបសម្បត្តិស្រស់សោភា ចរិតទន់ភ្លន់សុភាពរៀបសារ ព្រមទាំងកំពស់ត្រូវតាមស្តង់ដារ បែបតារាអន្តរជាតិ ។ គីម ណូវ៉ា គឺជាតារាឯកស្រីនៅក្នុងរឿង ទេពធីតាយ៉ព្រះក្លិន រឿង ព្រះថោងនាងនាគ រឿង នាងនាគត្រាច់ចរ ជាដើម ។ ស្វាមីរបស់អ្នកស្រី គឺជាតារាសម្ដែងដ៏ល្បីល្បាញដូចគ្នាគឺលោក ណុប ណែម ។

អ្នកស្រី ក៏ធ្លាប់បានទទួលពានមាស ជាតារាស្រីដ៏ឆ្នើមនៅក្នុងរឿង សំលេងខ្លែងឯក ព្រមទាំងពានដទៃជាច្រើនទៀត ។ គួរឲ្យសោកស្ដាយអ្នកស្រី ព្រមទាំងស្វាមីនិងបុត្រអាយុ៦ឆ្នាំ ត្រូវបានខ្មែរក្រហមសំលាប់ នៅគុកក្រាំងតាចាន់ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។

ខាង​លើ​នេះ គ្រាន់តែ​តារា​ជើង​ចាស់​ដែល​ខាង​យើងខ្ញុំ​បាន​លើក​ឡើង​ប៉ុណ្ណោះ ហើយ​ក៏​មាន​សិល្បករ​ល្បីៗ​ជា​ច្រើន​រូប​ទៀត​ដែល​បាន​ឃ្លាត​កាយ​ទៅ​ហើយ តែ​កេរ្តិ៍ឈ្មោះ​នៅ​តែ​ល្បីល្បាញ មក​ទល់​ពេល​នេះ ៕

អត្ថបទ៖​ សាង ស្រីល័ក្ខ

ចុចអាន៖មកមើលតារាខ្មែរ ៣ ដួង គ្រងឈុតសម័យបុរាណ ពិតជាស្វាហាប់និងសង្ហាដូចគ្នា

ចុចអាន​៖តារាខ្មែរល្បីៗ៦ដួង ហក់ចូលវិនិយោគក្នុងវិស័យអចលនទ្រព្យណែនពេញដៃ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម