ជីវិតកម្សាន្ដ
មន្ត្រី ៣ រូប ប្រតិកម្មការបង្ហោះរបស់ ឯម រៀម លើករណី”បេះដូងក្រដាស ១ លាន” នៅមុខប្រាសាទខេត្តសៀមរាប
មហាជនបានដឹងហើយថា ពាក់ព័ន្ធទៅនឹងការបង្ហោះរបស់អ្នកច្នៃម៉ូដលោក ឯម រៀម ដែលនិយាយពីបញ្ហា”បេះដូងក្រដាស ១ លានបេះដូង” នៅមុខប្រាសាទអង្គរវត្ត នាទឹកដីខេត្តសៀមរាប គឺចាប់តាំងពីរសៀលម្សិលមិញ រហូតមកដល់ពេលនេះ សំឡេង នៃការរិះគន់នៅតែផ្ទុះបាញ់ចាក់ស្រោចយ៉ាងគំហុកប្រៀបដូចទឹកបាក់ទំនប់ចំពោះទង្វើអ្នកច្នៃម៉ូដរូបនេះ។

តាមការកត់សម្គាល់មិនខុសគ្នាពីមហាជន និងប្រជាពលរដ្ឋទូទាំងប្រទេសនោះទេ ភ្លាមៗនោះក៏មានមន្ត្រីជាន់ខ្ពស់ពីររូបក៏បានបញ្ចេញប្រតិកម្មមិនពេញចិត្តទៅលើទង្វើរបស់លោក ឯម រៀម ផងដែរ។

លោក ហ៊ុយ វណ្ណៈ ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា ប្អូន EM Riem! ប្អូនគួរលុបសារប្អូនចោល ក៏ល្អដែរ។ ប្អូនកុំបំផ្លាញខ្លួនឯង និងជាតិឯងលើចំណុចនេះ ប្អូនគួរបើកចិត្តទូលាយ និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងដ៏ថ្លៃថ្នូរ និងការចូលរួមដោយមិនខ្លាចការនឿយហត់របស់ប្រជាជនយើងរាប់ម៉ឺនលាននាក់ ក្នុងការផ្សព្វផ្សាយកិត្យានុភាព និងកិត្តិនាមដ៏អស្ចារ្យរបស់មាតុភូមិយើងនៅលើឆាកអន្តរជាតិ។

លោកបន្តថា ប្អូនបានកែខ្លឹមសារនៅរសៀលនេះទទួលយកបាន ហើយតាមរយៈសកម្មភាពលើបញ្ហានេះ ប្អូនបានទាញទម្លាក់ជំនឿ និងតម្លៃប្អូនឲ្យឃ្លាតឆ្ងាយពីសាធារណជនហើយ។

ចំណែកលោក ជុំ កុសល រដ្ឋ លេខាធិការក្រសួងព័ត៌មាន បានបញ្ចេញប្រតិកម្មដែរថា ប្រើសិទ្ធិ សូមឲ្យចេះមើលពេលវេលា និងទង្វើរបស់អ្នកធ្វើផង។ អ្នកធ្វើខុសពីអ្នកអង្គុយចាំថា។

លោកលើកឡើងទៀតថា អ្នកធ្វើ មុននឹងធ្វើ គឺត្រូវប្រើគំនិតគិតគ្រប់ជ្រុងជ្រោយណាស់ ព្រោះនេះគឺជាព្រឹត្តិការណ៍ជាតិធ្វើឡើងដើម្បីការទាក់ទាញចំណាប់អារម្មណ៍មនុស្សក្នុងពិភពលោកឲ្យសម្លឹងមើលពីភាពស្រស់បំព្រង នៃទឹកដីអច្ឆរិយរបស់កម្ពុជាក្នុងឱកាសបុណ្យប្រពៃណីជាតិ។ បើលោកជាខ្មែរស្រឡាញ់ជាតិស្រឡាញ់ស្នាដៃឃើញការច្នៃប្រឌិតប្លែកស្អាតបែបនេះ គួរតែកោតសរសើរ និងលើកទឹកចិត្ត មិនមែនមានគំនិតអវិជ្ជមានបែបនេះទេ។

លោក ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មានបានបញ្ចេញមតិដែរថា ខ្ញុំពិតជាមិនយល់ចំពោះគំនិតអគតិរឿងបេះដូងក្រដាសដែលបងប្អូន ពូមីង កូនក្មួយ សិស្សានុសិស្ស និងនិស្សិត រួមទាំងយុវជនស្ម័គ្រចិត្តរាប់ម៉ឺននាក់បានប្រឹងបត់ ហើយយកទៅដោតអង្គរតូច ដើម្បីបំបែកឯកត្តកម្មពិភព លោកសម្រាប់មោទកភាពជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសនាអង្គរសង្ក្រាន្តឆ្នាំថ្មីនេះ បើមិនបានរួមចំណែក និងមិនគាំទ្រផលប្រយោជន៍រួម កុំប៉ប៉ាច់ប៉ប៉ោចបានទេ នាំឲ្យកាន់តែអសោច។

សូមបញ្ជាក់ថា លោក ឯម រៀម ត្រូវបានមហាជនផ្ទុះការរិះគន់ជាថ្មីកក្រើកបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ បន្ទាប់ពីអ្នកច្នៃម៉ូដរូបនេះ បានធ្វើការបង្ហោះខ្លឹមសារពាក់ព័ន្ធការរៀបចំដាក់តាំងលម្អបេះដូងក្រដាស ១ លានបេះដូង នៅទឹកដីខេត្តសៀមរាប ក្នុងន័យធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បេះដូងមហាជន។
ខ្លឹមសារដែលលោក ឯម រៀម បញ្ចេញនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលនាំឲ្យផ្ទុះការមិនពេញចិត្ត និងការរិះគន់កើតឡើងដូចទឹកបាក់ទំនប់ដោយសារតែលោកលើកឡើងថា “១ លានបេះដូងក្លែងក្លាយ បើជាថវិការដ្ឋ សូមចូលរួមសោកស្ដាយណាស់”។ ក្រោយមកទៀត លោក ឯម រៀម ប្តូរខ្លឹមសារវិញថា “១ លានបេះដូងក្លែងក្លាយ បើជាថវិការដ្ឋ សូមចូលរួមសោកស្ដាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួរធ្វើនៅទីនេះ”។ ចំណែកខ្លឹមសារបន្ទាប់ លោក ឯម រៀម និយាយថា ១ លានបេះដូងចម្រុះពណ៌។ ទង្វើរបស់លោក ឯម រៀម ខាងលើនេះ ត្រូវបានមហាជនទូទាំងប្រទេសចេញមកប្រតិកម្ម និងថ្កោលទោសធ្ងន់ៗ ព្រមទាំងស្នើឲ្យក្រសួងពាក់ព័ន្ធ គួរមានចំណាត់ការព្រមានលើបុគ្គលរូបនេះ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?