ជីវិតកម្សាន្ដ
អ្នកច្នៃម៉ូតខ្មែរលំដាប់អន្តរជាតិ ស៊ូលះបង់ទាំងពេលវេលា និងថវិកា ដើម្បីវប្បធម៌ជាតិ
គ្រូដើរម៉ូត និងច្នៃម៉ូតកម្ពុជា ដែលទទួលស្គាល់ដោយអន្តរជាតិ បានចំណាយទាំងពេលវេលា និងប្រាក់កាសផ្ទាល់ខ្លួន ដើម្បីច្នៃម៉ូតសំលៀកបំពាក់ខ្មែរ សម្រាប់កុមារ និងស្ត្រី ជាង ៥០ឈុត ដើម្បីដើរបង្ហាញម៉ូតក្នុង កម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ ដែលទើបបញ្ចប់ថ្មីៗនេះ។

លោក ម៉ែន សីហា ហៅ OLIVA KONG បានឱ្យ “កម្ពុជាថ្មី” ដឹងថា ចំពោះម៉ូតសំលៀកបំពាក់ក្នុង កម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ លើកទី១ នេះ លោកបានច្នៃ មានឈុតហូលក្រឡាគោមបុរាណខ្មែរ និងហូលក្រឡា “អរគុណសន្តិភាព” ចំនួន ១៥ ឈុត និងឈុតសម្រាប់កុមារមានចំនួន ១៥ ឈុត ព្រមទាំងឈុតវគ្គចុងក្រោយ នៃកម្មវិធី ចំនួន ២៥ ឈុត។

លោក ម៉ែន សីហា បានឱ្យដឹងពីរយៈពេលច្នៃ និងតម្លៃនៃសំលៀកបំពាក់ថា៖ “ទាក់ទងការច្នៃសំលៀកបំពាក់ ចូលជិត ២ខែ ដោយសារឈុតច្រើន ទោះបុគ្គលិកជាងដេរយើងច្រើន ហើយធ្វើទាន់ ប៉ុន្តែរាងពិបាកដែរ ដោយសារច្រើនឈុត។ តម្លៃគឺទៅតាមឈុត ឈុតខ្លះយើងឌិនច្រើន គឺចំណាយតម្លៃចាប់ពីខ្ទង់ ៤០០ដុល្លារ ឡើង ក្នុង ១ ឈុត បើឈុតលាតធម្មតា ចំណាយខ្ទង់ ២០០ដុល្លារ”។

លោក Oliva Kong បានបញ្ជាក់បន្តថា៖ “បើផាមួងខ្មែរ យើងធ្វើអត់សូវអស់ច្រើនទេ បើសូត្រ និងហូលខ្មែរ គឺថ្លៃ។ អ៊ីចឹង ឈុតទាំងនោះ ខ្ញុំធ្វើលាយ បានន័យថា គេមាន ខន់សិប (Concept គំនិតប្រធានបទ) ស្លៀកហូលថ្លៃ និងផាមួង ដោយសារ រាត្រីសមោសរ គឺអត់ឱ្យស្លៀកហូលទេ គឺប្រើផាមួង”។

ក្នុងនាមជា អ្នករចនា ដែលទទួលស្គាល់ពីបរទេស ហើយខណៈរវល់ច្រើនទៀតនោះ លោក ម៉ែន សីហា បានប្រាប់ ហេតុផល នៃការចូលរួម និងលះបង់ ក្នុងកម្មវិធីនេះ ដោយសារ លោកធ្វើតែម៉ូតបែបហ្វេសសិន (Fashion) ហើយចេញទៅក្រៅប្រទេស ទៅអន្តរជាតិ ទើបលោកចង់ធ្វើអ្វីដើម្បីជាតិ និងបង្ហាញថា លោកក៏អាចច្នៃសំលៀកបំពាក់ជាតិបានដែរ បើទោះជាលោកហត់នឿយខ្លាំង និងសុខចិត្តមិនទទួលអតិថិជន ទៀតផង។

លោក Oliva Kong បញ្ជាក់បន្ថែមថា៖ “ប៉ុន្មានថ្ងៃហ្នឹង ខ្ញុំរវល់មែនទែន! ខ្ញុំ Stress (តានតឹងអារម្មណ៍)… ពេលខ្លះខ្ញុំព្រលែងអតិថិជនខ្ញុំនៅជប៉ុន នៅអី… ខ្ញុំហត់ពេក ប៉ុន្តែខ្ញុំអត់ចង់បោះបង់ឱកាសហ្នឹងទេ ដោយសារវាជាឱកាសយើងចូលរួមធ្វើការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាផ្លូវការ ហើយវាជាតម្លៃមួយសម្រាប់ប្រទេសជាតិ។ យើងធ្វើដើម្បីជាឯកសារ យើងចងក្រងទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីគុណតម្លៃសំពត់បត់ខ្មែរយើង ពីការស្លៀកពាក់”។

លោក ម៉ែន សីហា លើកឡើងបន្តថា៖ “យើងគួរស្លៀកបែបណា ហូលស្លៀកពេលកាត់សក់ ឬហែរជំនូន ផាមួងស្លៀកចូលរួមកម្មវិធីពេលល្ងាច ឬរាត្រីសមោសរ គឺខ្មែរយើងមានក្បួនខ្នាតស្លៀកពាក់ច្បាស់លាស់ត្រឹមត្រូវ មិនអាចយល់ច្រឡំជាមួយប្រទេសជិតខាងទេ ទាំងការផលិតហូលផាមួង គឺខុសពីប្រទេសជិតខាង ខុសដាច់តែម្ដង។ គុណតម្លៃ នៃការចែករំលែកនេះ គឺខ្ញុំពេញចិត្ត ទោះរវល់យ៉ាងណា ក៏ខ្ញុំត្រូវតែធ្វើ ត្រូវតែទទួលដែរ”។

លោក ម៉ែន សីហា បានឱ្យដឹងថា លោកចាប់អារម្មណ៍ខ្លាំងក្នុងកម្មវិធី រាត្រីសមោសរសំពត់បត់នេះ ដោយសារលោកចូលចិត្តធ្វើអ្វីជារសជាតិប្លែក ខណៈកន្លងមកលោកធ្លាប់ធ្វើ ហ្វេសសិន លើប្រធានបទ អប្សារ សត្វព្រៃ អភិរក្សសត្វសមុទ្រ កាឡាក់ស៊ី ធម្មជាតិ នៃក្ដីស្រលាញ់ និងប្រធានបទផ្សេងច្រើនទៀត ប៉ុន្តែ កម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ នេះ លោកអត់ដែលធ្វើ ដែលលោកត្រូវបង្ហាញថា លោកអាចច្នៃបាន។ ឱកាសមកដល់ហើយ លោកត្រូវតែទទួលយក ដោយសុខចិត្តចំណាយលះបង់គ្រប់យ៉ាង លុយកាក់ ពេលវេលាផ្ទាល់ខ្លួន ដើម្បីជាតិ និងគ្រួសារទទួលបានការទទួលស្គាល់ និងការឱ្យតម្លៃពីសង្គម៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


