Connect with us

ជីវិតកម្សាន្ដ

តា វ៉ិចទ័រ ប្តេជ្ញាយកចំណេះនិងបទពិសោធ បន្តធ្វើឱ្យវិស័យកម្សាន្តកាន់តែរីកចម្រើន

បានផុស

នៅ

ផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះ និងជាប្រធានក្រុមកំប្លែងលោក សុវណ្ណ រិទ្ធី ហៅលោក តា វ៉ិ​ច​ទ័​រ បានប្តេជ្ញាយកចំណេះដឹងនិងបទពិសោធក្នុងវិស័យផលិតកម្មវិធីកម្សាន្ត បន្តធ្វើឱ្យមានការរីកចម្រើនបន្ថែមទៀត។ ការបេជ្ញាចិត្តនេះ គឺក្រោយផលិតកររូបនេះទើបតែទទួលបានការងារថ្មី (ចុះកុងត្រា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារលើទំព័រហ្វេសប៊ុកភ្ជាប់នឹងរូបភាពកុងត្រាថ្មី ដោយបង្ហាញទាំងឈ្មោះផលិតកម្ម លោកតា វ៉ិចទ័រ បានសម្តែងការអរគុណចំពោះគណៈគ្រប់គ្រងផលិតកម្ម Town ដែលបានចុះកុងត្រាផ្តល់ការងារដល់លោកក្នុងតួនាទីជាផលិតករកម្មវិធីកម្សាន្ត។

ក្នុងឆន្ទៈជាផលិតករលើកុងត្រាថ្មីនេះ លោកក៏បានបង្ហាញការប្តេជ្ញាចិត្ត ថានឹងយកចំណេះដឹង ក៏ដូចជាបទពិសោធដែលលោកមានក្នុងវិស័យការកម្សាន្តនេះ មកបម្រើទស្សនិជនឱ្យអស់ពីសមត្ថភាពនាពេលអនាគតដ៏ខ្លី។

ផលិតករល្បីឈ្មោះរូបនេះបន្ថែមទៀតថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញការងារជាមួយនឹងមិត្តក្រោមដំបូលឱ្យអស់ពីសក្តានុពលដែលខ្លួនមាន ដើម្បីរួមចំណែកពង្រីកទីផ្សារវិស័យនេះ ទាំងនៅកម្ពុជា និងក្រៅប្រទេសឱ្យកាន់តែទូលំទូលាយ ក្នុងយុគ្គសម័យឌីជីថល។

ទន្ទឹមនឹងក្តីសោមន្យនេះ លោកតា វ៉ិចទ័រ ក៏សម្តែងការអរគុណដល់ទស្សនិកជន ដែលតែងតែគាំទ្រស្នាដៃរបស់លោក និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនដែលបានផ្តល់ទំនុកចិត្តដល់រូបលោក។ លោកសន្យាថា នឹងខិតខំបន្ថែមទៀតដើម្បីនាំយកនូវអ្វីដែលថ្មីក្នុងគុណប្រយោជន៍និងសង្គមជាតិ ដោយធានាឱ្យបាននូវក្រមសីលធម៌ សមធម៌ ចរិយាធម៌ និងមិនឱ្យប្រាសចាកពីគុណតម្លៃស្នាដៃ វប្បធម៌ដ៏ល្អផូរផង់របស់ដូនតាខ្មែរនោះឡើយ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម