Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រកាស​ប្រាប់​ពិភពលោក​ថា សង្រ្គាម​ហ្គាហ្សា​បានបញ្ចប់ជា​ស្ថារពរ​ហើយ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា «សង្រ្គាមបានបញ្ចប់ហើយ» ខណៈ​​លោក​​ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល​នា​ថ្ងៃចន្ទ​ទី​១៣​ខែ​តុលា​នេះ​សម្រាប់ការដោះលែងចំណាប់ខ្មាំង ក្រោមបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅលើយន្តហោះ Air Force One លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀង​បទឈប់បាញ់នឹងធ្វើឡើង ហើយថា «ក្រុមប្រឹក្សាសន្តិភាព» នឹងត្រូវ​បង្កើត​ក្នុងពេលឆាប់ៗនេះ ដើម្បីត្រួតពិនិត្យការកសាងឡើងវិញរបស់​ហ្គាហ្សា។ លោកបានសរសើរនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និង​មេ​ដឹក​នាំ​កាតាសម្រាប់តួនាទីរបស់ពួកគេក្នុងការសម្រុះសម្រួលកិច្ចព្រមព្រៀងនេះ។

ការដោះលែងចំណាប់ខ្មាំង ៤៨​នាក់ដែលនៅសល់ ដោយ​ក្នុង​នោះ​២០​នាក់​ត្រូវ​គេ​ជឿថានៅរស់និង​២៨​នាក់បានស្លាប់ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើម​ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ។ ជាថ្នូរនឹង​ការ​ដោះលែង​ចំណាប់ខ្មាំង អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ២៥០​នាក់ និងអ្នកជាប់ឃុំ ១ ៧០០​នាក់​ពី​ហ្គាហ្សា។ ការបញ្ជូនជំនួយទៅក្នុង​ហ្គាហ្សា​ក៏​នឹង​​ចាប់ផ្តើមឡើងវិញដែរ ទោះបីជាមន្ត្រីអង្គការសហប្រជាជាតិនិយាយថា កម្រិតបច្ចុប្បន្នគឺទាបជាងអ្វីដែលត្រូវការក៏ដោយ។

បទឈប់បាញ់នៅតំបន់ហ្គាហ្សាបានចូលជាធរមានកាលពីថ្ងៃសុក្រ ដែលនេះជាដំណាក់កាលដំបូងនៃផែនការសន្តិភាព ២០​ចំណុចរបស់លោក ត្រាំ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងបន្ទាប់ពីសង្គ្រាម​ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារកាលពីថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣ របស់ពួកហាម៉ាសទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១ ២០០​នាក់ និង​មាន ២៥១​នាក់ត្រូវ​ចាប់ជាចំណាប់ខ្មាំង។ នៅក្នុងការឆ្លើយតបយោធារបស់អ៊ីស្រាអែល ប្រជាជនប៉ាឡេស្ទីនជាង ៦៧ ០០០​នាក់ រួមទាំងកុមារ ១៨ ០០០​នាក់ត្រូវបានសម្លាប់។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។

នៅពេលសួរ​នាំ​ដោយអ្នកសារព័ត៌មានថាតើគាត់ជឿថាបទឈប់បាញ់នឹងបន្តឬ​ក៏​អត់នោះ លោក ត្រាំ បានឆ្លើយតបថា «អ្នកទាំងអស់គ្នាសប្បាយចិត្ត ហើយខ្ញុំគិតថាវានឹងនៅដដែល»។ គាត់​បាន​បន្ថែម​ថា «ខ្ញុំ​ពូកែ​ដោះស្រាយ​សង្គ្រាម ខ្ញុំ​ពូកែ​បង្កើត​សន្តិភាព»។

លោក ត្រាំ បាន​បន្ថែម​ថា លោកសង្ឃឹមថានឹងទៅទស្សនាតំបន់​ហ្គាហ្សា​នាពេលអនាគត ដោយហៅការស្តារឡើងវិញនៃតំបន់នេះថាជា«អព្ភូតហេតុ»ដ៏មានសក្តានុពលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។ គាត់បាននិយាយទៀត​ថា «ក្រុមប្រឹក្សាសន្តិភាព» ថ្មីនឹងត្រូវបានបង្កើត«យ៉ាងឆាប់រហ័ស» ដើម្បីជួយត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។

មេដឹកនាំអាមេរិកនឹងថ្លែងទៅកាន់សភាអ៊ីស្រាអែល Knesset មុនពេលធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលដ៏ធំមួយនៅទីក្រុង Sharm El-Sheikh ជាមួយប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi។ កិច្ចប្រជុំកំពូលនេះមានការចូលរួមដោយមេដឹកនាំមកពីប្រទេសជាង២០​ រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Sir Keir Starmer និងប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas មានបំណងបញ្ចប់សង្រ្គាមហ្គាហ្សា​ជាផ្លូវការ និង​បង្កើត​​ស្ថិរភាពក្នុងតំបន់។

ក្រសួងការបរទេសអេហ្ស៊ីបបាន​ប្រកាស​ថា «ឯកសារបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប» ត្រូវបានគេរំពឹងថានឹងត្រូវចុះហត្ថលេខានៅក្នុងកិច្ចប្រជុំ។

តំបន់​ហ្គាហ្សា (រូបថត៖ Reuters)

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានបញ្ជាក់ថា អេហ្ស៊ីបបានអញ្ជើញអ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេហេរ៉ង់នឹងមិនចូលរួមទេ ដោយលើកឡើងពីភាពតានតឹងជាមួយប្រទេសលោកខាងលិច។ ទោះយ៉ាងណាក៏ដោយ គាត់បានសរសេរនៅលើ X ថា អ៊ីរ៉ង់«ស្វាគមន៍គំនិតផ្តួចផ្តើមណាមួយដែលបញ្ចប់ការប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅហ្គាហ្សា និងធានាការបណ្តេញកងកម្លាំងដែល​ឈ្លាន​ពាន»។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយថា យោធានឹងបំផ្លាញបណ្តាញផ្លូវរូងក្រោមដីដែលនៅសេសសល់របស់ក្រុមហាម៉ាស បន្ទាប់ពីចំណាប់ខ្មាំងត្រូវបានប្រគល់មកវិញ។

ទីភ្នាក់ងារមនុស្សធម៌បានព្រមានពីស្ថានការណ៍ដ៏អាក្រក់នៅក្នុងតំបន់ហ្គាហ្សា ដោយអង្គការសហប្រជាជាតិប៉ាន់ស្មានថា ឡានជំនួយចំនួន៦០០​គ្រឿងក្នុងមួយថ្ងៃគឺចាំបាច់ដើម្បីចាប់ផ្តើមដោះស្រាយវិបត្តិនេះ។ លោក James Elder នៃអង្គការយូនីសេហ្វ បាន​លើក​ឡើង​ថា ការចែកចាយបច្ចុប្បន្ន«តិច​ជាង​ឆ្ងាយ​»នៃចំនួន​ទាំង​នោះ។

ប្រជាជនប៉ាឡេស្ទីនដែលត្រឡប់ទៅភាគខាងជើង​ហ្គាហ្សា​វិញ បានពិពណ៌នាអំពីការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយផ្ទះជាច្រើន​ខ្នង​​បាន​ប្រែ​ក្លាយ​ទៅជាកម្ទេចថ្ម។ ក្រុមជំនួយប៉ាន់ប្រមាណថា តង់ប្រហែល ៣០០ ០០០​តង់​ត្រូវការជាចាំបាច់សម្រាប់លំនៅដ្ឋានបណ្តោះអាសន្នចំពោះប្រជាជន ១,៥​​លាននាក់។

របាយការណ៍ក្នុងស្រុកបាន​ឲ្យ​ដឹង​ថា ក្រុមហាម៉ាសបានហៅសមាជិកកងកម្លាំងសន្តិសុខរបស់ខ្លួនប្រហែល ៧ ០០០​នាក់ ដើម្បីទៅ​គ្រប់គ្រងឡើងវិញលើតំបន់ដែលទាហានអ៊ីស្រាអែលបានចាកចេញនាពេលថ្មីៗ។ ការប៉ះទង្គិចគ្នារវាងក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធក្នុងតំបន់​នៃ​ទីក្រុង​ហ្គាហ្សា​កាលពីចុងសប្តាហ៍ បានបណ្តាលឲ្យមនុស្សយ៉ាងតិច​២៧​នាក់ស្លាប់ ដោយបានគូសបញ្ជាក់អំពីស្ថានភាពសន្តិសុខដ៏ផុយស្រួយ បើទោះបីជាបទឈប់បាញ់កំពុងធ្វើឡើងក៏ដោយ៕

ប្រជាជន​ប៉ាឡេស្ទីន​កំពុង​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ជើង​តំបន់​​ហ្គាហ្សា​វិញ (រូ​បថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម