Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ប្រាប់​ថា ថាមពល​អ៊ុយក្រែន​រង​ការ​វាយ​ប្រហារខ្លាំង អាច​នឹង​ខ្វះអគ្គិសនី​ប្រើ​នៅ​រដូវ​រងានេះ

បានផុស

នៅ

លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប​លោកស្រី Kaja Kallas ថា អ៊ុយក្រែនប្រហែលជាត្រូវនាំចូលអគ្គិសនីនៅរដូវរងានេះ បន្ទាប់ពីរលកថ្មីនៃការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី​ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមការ​ចុះ​ផ្សាយ​​នា​ថ្ងៃ​ទី​១៤​ខែ​តុលា​របស់​ Ukrainska Pravda លោក ហ្សេលេនស្គី បាន​​ប្រាប់​ថា ប្រព័ន្ធថាមពលរបស់​អ៊ុយក្រែន​​នៅតែស្ថិតក្រោមសម្ពាធ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនាពេលថ្មីៗនេះ ដែលបានធ្វើ​ឲ្យ​ខូចខាតដល់កន្លែងថាមពលក្នុងតំបន់មួយចំនួន។

​លោក​បាន​លើក​ឡើង​ថា «យើងរំពឹងថានឹងមានបញ្ហាជាមួយអគ្គិសនី។ បន្ទាប់ពីការវាយប្រហារមួយ ឬពីរ​លើក​ទៀត យើងប្រហែលជាត្រូវនាំចូលថាមពល។ យើងបានប្រើជម្រើសនេះក្នុងរដូវរងាកន្លងមក»។

លោកប្រធានាធិបតីបានបន្ថែមថា ការផ្គត់ផ្គង់ឧស្ម័នបច្ចុប្បន្នមានស្ថិរភាព ប៉ុន្តែការលំបាកចម្បងរបស់អ៊ុយក្រែនគឺនៅក្នុងការធានាបាននូវមូលនិធិគ្រប់គ្រាន់សម្រាប់លទ្ធកម្មថាមពល។ លោកបានកត់សម្គាល់ថា ប្រទេសន័រវេស បណ្តាប្រទេសសហភាពអឺរ៉ុប និងអ្នកផ្គត់ផ្គង់មកពីមជ្ឈិមបូព៌ា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឧស្ម័នដោយមិនទាមទារការទូទាត់ភ្លាមៗ។

ការកត់សម្គាល់របស់​លោក ហ្សេលេនស្គី បានកើតឡើងបន្ទាប់ពី​ការវាយប្រហាររបស់រុស្ស៊ី​កាលពីថ្ងៃទី​៩​-១០​ខែតុលា បានបង្ក​ឲ្យ​មានការដាច់ចរន្តអគ្គិសនី នៅទូទាំងតំបន់ជាច្រើន។ ក្រុមមន្ត្រីបាននិយាយថា រុស្ស៊ីថ្មីៗនេះបានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយផ្តោតលើធាតុសំខាន់ៗនៃបណ្តាញថាមពលរបស់អ៊ុយក្រែន ជាជាងប្រព័ន្ធទាំងមូល។

អ្នកជំនាញថាមពលបានព្រមានថា ប្រសិនបើការវាយប្រហារបែបនេះនៅតែបន្ត អ៊ុយក្រែនអាចប្រឈមនឹងការខ្វះខាតថាមពលធ្ងន់ធ្ងរ ក្នុងអំឡុងរដូវរងា៕

បណ្ដាញ​ថាមពល​អគ្គិសនី​​អ៊ុយក្រែន​ដែល​រង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម