Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ អះអាង​ថា​មាន​ទាហាន​រុស្ស៊ី​​ស្លាប់​និង​របួស​ ១,៥លាន​នាក់​ក្នុង​សង្រ្គាម​អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ប្រទេសរុស្ស៊ី​មាន​ទាហានចំនួន ១,៥​លាននាក់បានស្លាប់ និងរងរបួស ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដែលជាតួលេខមួយ​ខ្ពស់ជាងការប៉ាន់ប្រមាណរបស់​ភ្នាក់ងារ​ឯករាជ្យ ឬផ្លូវការផ្សេងៗ។

លោក វ៉្លាឌីមៀរ ពូទីន និង​លោក​ ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអាហ្សង់ទីន Javier Milei កាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២៥​ លោក ត្រាំ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន គួរតែ«ធ្វើអ្វីមួយអំពីសង្គ្រាម» ដោយហៅវាថាជាការបរាជ័យដ៏អាក្រក់​​មួយ​ដែល​តាម​ការ​ពិតសង្គ្រាម«គួរតែត្រូវបាន​យក​ឈ្នះក្នុង​ពេល​តែ​មួយសប្តាហ៍ប៉ុណ្ណោះ»។ លោក​បាន​បន្ថែម​ថា ​ជម្លោះ​ដែល​ឥឡូវ​ឈាន​ចូល​ដល់​ឆ្នាំ​ទី​បួន​ហើយ​គឺ​«​ធ្វើ​ឲ្យ​លោក​ពូទីន​មើល​ទៅ​អាក្រក់​ខ្លាំង​ណាស់»។

ទោះយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានផ្តល់ព័ស្តុតាងសម្រាប់តួលេខរបស់គាត់ទេ។ ការវាយតម្លៃចារកម្មលោកខាងលិចបង្ហាញថា ជនរងគ្រោះស្លាប់ និងរបួសរបស់រុស្ស៊ី អាចជិតឬលើសពី​១​លាននាក់ ខណៈការរាប់ឯករាជ្យដោយ​ប្រព័ន្ធផ្សព្វផ្សាយ Mediazona និង​ភ្នាក់ងារ​​ BBC នៅ​រុស្ស៊ី បានបញ្ជាក់ថា ទាហានរុស្ស៊ីប្រហែល ១៣៥ ០០០​នាក់ត្រូវបានសម្លាប់ គិតត្រឹមខែតុលា​ឆ្នាំ​២០២៥។

លោក ត្រាំ ក៏​បាន​សរសើរ​ការ​តស៊ូ​របស់​អ៊ុយក្រែន​ដែរ​ ដោយ​និយាយ​ថា «តើ​នរណា​នឹង​គិត​ថា​អ៊ុយក្រែន​អាច​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី​បាន​រយៈពេល​បួន​ឆ្នាំ​រហូត​ដល់​មាន​ការ​ជាប់គាំង​បែប​​នេះ?»។

លោក ត្រាំ គ្រោងនឹងជួបប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃទី​១៧​ខែតុលា ជាមួយនឹងការពិភាក្សាដែលរំពឹងថានឹងផ្តោតលើជំនួយយោធា រួមទាំងសំណើរបស់ទីក្រុង​កៀវ​​សម្រាប់​មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ផងដែរ។ លោក ត្រាំ បាន​​ឲ្យ​ដឹង​ថា លោកអាចនិយាយជាមួយលោក ពូទីន មុនពេលសម្រេចចិត្តថាតើត្រូវយល់ព្រមលើអាវុធ​ននេះ ដោយហៅពួកវា​ថាជា«អាវុធដ៏​ខ្លាំង​ក្លា​ណាស់»។

មីស៊ីល Tomahawk ដែល​​មាន​ល្បឿនលឿន​ហើយ​​រយៈចម្ងាយរហូតដល់​ ២ ៥០០​គីឡូម៉ែត្រ នឹងអនុញ្ញាត​ឲ្យ​អ៊ុយក្រែនវាយលុក​ចូល​យ៉ាងជ្រៅនៅក្នុងទឹកដីរុស្ស៊ី ដែល​ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀត​ថា​វា​​នឹងឆ្លងកាត់បន្ទាត់ក្រហម​របស់​ខ្លួន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម