Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឌូរ៉ូចោទអាមេរិកថា​ចង់«បង្កសង្រ្គាម» ក្រោយ​ក្រុងវ៉ាស៊ីនតោនបញ្ជូននាវាផ្ទុក​យន្តហោះ​ចម្បាំងដ៏ធំបំផុតទៅកាន់ការ៉ាប៊ីន

បានផុស

នៅ

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ«បង្កសង្រ្គាមមិន​ចេះ​ចប់​មិន​ចេះ​ហើយ​ថ្មី​មួយ​ទៀត» បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវា USS Gerald R. Ford ដែលជានាវាផ្ទុកយន្តហោះ​ចម្បាំង​ដ៏ធំបំផុតរបស់ពិភពលោក ឆ្ពោះទៅកាន់តំបន់​ការ៉ាប៊ីន ដែលជា​ការកើនឡើង​​​ដ៏ធំ​នៅក្នុងការកសាងយោធារបស់រដ្ឋបាល​លោក​ត្រាំ​នៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាវា USS Gerald R. Ford (រូបថត៖ Wikipedia)

យោង​តាម​ BBC ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសុក្រ​ទី​២៤​ខែតុលា​ លោកម៉ាឌូរ៉ូ បាននិយាយថា សហរដ្ឋអាមេរិកកំពុង«បង្កើតជម្លោះមួយទៀត» ក្រោមរូបភាពនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។

លោក​បាន​រៀបរាប់​ថា «ពួកគេកំពុងបង្កសង្រ្គាមមិន​ចេះ​ចប់​មិន​ចេះ​ហើយ​ថ្មី​មួយ​ទៀត។ ​ពួកគេ​ធ្លាប់​​សន្យា​ថា ​ពួកគេ​នឹង​មិន​ចូលរួម​ក្នុង​សង្គ្រាម​ទៀត​ទេ តែ​ពួកគេ​បែរ​ជា​កំពុង​បង្កើត​​សង្គ្រាម​»​។

នាវា​ Gerald R. Ford ដែលអាចផ្ទុកយន្តហោះដល់ទៅ​៩០គ្រឿងត្រូវបានបញ្ជាដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ​ឲ្យ​ផ្លាស់ទីពីសមុទ្រមេឌីទែរ៉ាណេ ទៅកាន់តំបន់បញ្ជាការខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលគ្របដណ្តប់លើអាមេរិកកណ្តាល និងខាងត្បូង ព្រម​ទាំង​តំបន់​ការ៉ាប៊ីន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បានប្រាប់​ថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​នេះ​នឹង«ពង្រឹង និងបង្កើនសមត្ថភាពដែលមានស្រាប់ ដើម្បីបង្អាក់ការជួញដូរគ្រឿងញៀន និងរុះរើអង្គការឧក្រិដ្ឋកម្មឆ្លងដែន»។

ការដាក់ពង្រាយនេះ ធ្វើឡើងបន្ទាប់ពី​ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកចំនួន​១០​លើក ចាប់តាំងពីដើមខែកញ្ញាលើទូកដែលត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ដោយអ្នកជួញដូរគ្រឿងញៀន ក្នុងនោះមានមួយកាលពីថ្ងៃសុក្រដែលសមាជិកជនសង្ស័យចំនួន​៦​នាក់នៃ​ក្រុមឧក្រិដ្ឋជន Tren de Aragua របស់ប្រទេសវ៉េណេស៊ុយអេឡា ត្រូវបានសម្លាប់។ លោក Hegseth បាននិយាយថា ប្រតិបត្តិការចុងក្រោយនេះ បានកំណត់គោលដៅលើនាវា«ភេរវករគ្រឿងញៀន» នៅក្នុងសមុទ្រ​ការ៉ាប៊ីន។

លោកត្រាំ​ និង​លោក​ម៉ាឌូរ៉ូ (រូបថត៖ Reuters)

ប្រធានាធិបតី ដូណាល់ ត្រាំ បានពណ៌នាម្តងហើយម្តងទៀតនូវប្រតិបត្តិការនេះថាជាផ្នែកនៃ«សង្រ្គាមលើការជួញដូរគ្រឿងញៀន»របស់រដ្ឋបាលគាត់ ហើយ​លោក​ថែមទាំងបានណែនាំអំពីការពង្រីកការវាយប្រហារទៅកាន់គោលដៅដែលមានមូលដ្ឋាន​នៅ​លើដី​គោក​នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា​ផង​ដែរ។

លោកត្រាំ បាន​លើក​ឡើង​​កាល​ពី​ដើមសប្តាហ៍នេះថា «យើងពិតជាកំពុងសម្លឹងមើលដីគោក​ឥឡូវនេះ ពីព្រោះយើងគ្រប់គ្រងសមុទ្របានយ៉ាងល្អ»។

មន្ត្រីអាមេរិកមិនបានបញ្ជាក់ថាតើការវាយប្រហារតាមផ្លូវគោកនឹងកើតមានឬយ៉ាងណានោះទេ ប៉ុន្តែ CNN បានរាយការណ៍ថា សេតវិមានកំពុងពិចារណាការវាយប្រហារលើកន្លែងផលិតកូកាអ៊ីន និងផ្លូវជួញដូរ​គ្រឿងញៀន​នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម