Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាងជើង​ផ្លោង​​​មី​ស៊ី​ល​ពី​សមុទ្រ​ទៅ​ដី ប៉ុន្មាន​ម៉ោង​មុនលោកត្រាំ​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង​

បានផុស

នៅ

ត្រឹមតែប៉ុន្មានម៉ោង​មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ​ទៅកាន់ឧបទ្វីបកូរ៉េ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បានបាញ់បង្ហោះមីស៊ីល​ជាច្រើនគ្រាប់​ចេញ​ពីសមុទ្រលឿង​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៨​ខែ​តុលា​ឆ្នាំ​២០២៥។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) មីស៊ីល​ត្រូវបានបាញ់បង្ហោះបញ្ឈរ និងហោះហើរអស់រយៈពេលជាងពីរម៉ោង ដែលជាផ្នែកនៃការធ្វើតេស្តត្រួតពិនិត្យដោយមន្ត្រីយោធាកំពូលលោក Pak Jong Chon។ KCNA បានផ្សាយ​ថា សមយុទ្ធនេះមានគោលបំណងវាយតម្លៃ«ភាពជឿជាក់នៃមធ្យោបាយវាយលុកយុទ្ធសាស្ត្រផ្សេងៗគ្នា» និងបង្ហាញពីសមត្ថភាពរបស់ពួកគេចំពោះ«សត្រូវ»។

លោក Pak បានសាទរចំពោះការធ្វើតេស្តនេះថាជាជំហានឆ្ពោះទៅមុខមួយទៀត ក្នុងការពង្រឹងការរារាំងនុយក្លេអ៊ែររបស់ប្រទេស ដោយ​លើក​ឡើង​ថា វាគឺជា«បេសកកម្មប្រកបដោយការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់កូរ៉េខាងជើង ក្នុងការពង្រឹងជំហរប្រយុទ្ធនុយក្លេអ៊ែរដោយឥតឈប់ឈរ»។

គួរកត់សម្គាល់ថា មេដឹកនាំគីម ជុងអ៊ុន បានអវត្តមានពីព្រឹត្តិការណ៍នេះ ដែលជាការសាកល្បងមីស៊ីល​ជាលើកទីពីរជាប់ៗគ្នា ដោយគ្មានវត្តមានរបស់គាត់។ ក្រុមអ្នកវិភាគនិយាយថា អវត្តមានរបស់លោកគីម អាចជាចេតនា មុនពេលធ្វើ​​ការទូត​ណាមួយ​ជាមួយក្រុងវ៉ាស៊ីនតោន។

លោកគីម និង​លោក​ត្រាំ (រូបថត៖ China Daily, AP, Korea News Service)

លោកត្រាំ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ឧបទ្វីប​កូរ៉េ​ក្នុង​សប្តាហ៍​នេះ​ជា​លើក​ដំបូង​ក្នុង​អាណត្តិ​ទីពីរ​ ​បាន​និយាយ​ថា ​លោក​ចង់​ជួប​លោកគីម។ ទីក្រុងព្យុងយ៉ាងមិនទាន់បានឆ្លើយតបជាសាធារណៈចំពោះការផ្តល់ជូននេះទេ ទោះបីជាលោក​គីម​ធ្លាប់បាន​ប្រាប់​ថា លោកនៅតែបើកចំហសម្រាប់កិច្ចពិភាក្សា បើសហរដ្ឋអាមេរិកបោះបង់ចោលនូវអ្វីដែលលោកហៅថាជា​ការទាមទារ​ឲ្យ​​រំសាយអាវុធនុយក្លេអ៊ែរ។

លោក Yang Moo-jin សាស្ត្រាចារ្យនៅសាកលវិទ្យាល័យសិក្សាកូរ៉េខាងជើងក្នុងទីក្រុងសេអ៊ូល បានប្រាប់​ទីភ្នាក់ងារ​ព័ត៍មាន AFP ថា ការបាញ់បង្ហោះទំនងជាមានបំណង ដើម្បីបញ្ជាក់ឡើងវិញនូវជំហររបស់ទីក្រុងព្យុងយ៉ាង។ លោកបាននិយាយថា «ការសាកល្បងនេះគូសបញ្ជាក់ពីការទប់ស្កាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅមុនពេលដំណើរទស្សនកិច្ចរបស់លោកត្រាំ និងពង្រឹងសាររបស់ខ្លួនថា ការរំសាយអាវុធនុយក្លេអ៊ែរគឺនៅក្រៅតុ»។

លោកគីម និង​លោក​ត្រាំ បានជួបគ្នាចុងក្រោយក្នុងឆ្នាំ២០១៩ នៅតំបន់គ្មានយោធា (DMZ) ប៉ុន្តែការទូតជាបន្តបន្ទាប់បានជាប់គាំង ចំពេលមានការខ្វែងគំនិតគ្នាលើការបន្ធូរបន្ថយទណ្ឌកម្ម និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម