Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកដឹងឮ! Reuters ផ្សាយពីទុក្ខលំបាករបស់ពលរដ្ឋខ្មែរស្លូតត្រង់ ដែលរងគ្រោះដោយការឈ្លានពានពីកងទ័ពថៃ

បានផុស

នៅ

ទុក្ខសោករបស់ពលរដ្ឋខ្មែរស្លូតត្រង់ដែលរងគ្រោះដោយអំពើឈ្លានពានដ៏សាហាវឃោរឃៅពីសំណាក់កងទ័ពថៃ ត្រូវបានពិភពលោកដឹងឮ ហើយពេលនេះសារព័ត៌មានដ៏ល្បីគឺ Reuters​ បានផ្សព្វផ្សាយអំពីស្ថានភាពដ៏លំបាករបស់ជនភៀសសឹកកម្ពុជា នៅតាមជំរំនានា។

ជនភៀសខ្លួនកម្ពុជា (រូបថត៖ Reuters)

ជនភៀសសឹកកម្ពុជា បានរៀបរាប់ទុក្ខលំបាកអំពីការរស់នៅក្នុងជំរំដែលមានមនុស្សច្រើនកកកុញ ជាពិសេសអ្នកខ្លះមានកូនតូចៗ ដែលពិបាកនឹងរស់នៅ។ ទុក្ខលំបាករបស់ពលរដ្ឋកម្ពុជាដែលជាអ្នកស្រឡាញ់សន្តិភាព បានជ្រាបច្បាស់ដោយ Reuters ហើយសំឡេងនេះ ក៏បានដឹងឮដល់ពិភពលោកដែរ។

Reuters បានដកស្រង់សម្តីនាយកអង្គការជំនួយ World Vision លោក Janes Imanuel Ginting ដែលនិយាយថា៖ «កម្ពុជាបានរៀបចំ មជ្ឈមណ្ឌលជម្លៀសជាង១០០កន្លែងនៅទូទាំងខេត្តចំនួន៦ ដែលផ្តល់ទីជម្រកដល់ប្រជាជនប្រហែល ១៣០ ០០០នាក់។ យ៉ាងណា ទំហំនិងល្បឿននៃការផ្លាស់ទីលំនៅនេះបានបង្កឲ្យមានភាពខ្វះខាតស្បៀងអាហារ ទីជម្រក ទឹកផឹក និងបង្គន់អនាម័យ។

ជនភៀសខ្លួនកម្ពុជា (រូបថត៖ Reuters)

លោកបន្តថា ពេលផ្ទុះការប្រយុទ្ធគ្នាកាលពីខែកក្កដា វានាំឲ្យមានការផ្លាស់ទីលំនៅត្រឹមតែនៅក្នុងខេត្តចំនួនពីរ ប៉ុណ្ណោះ ប៉ុន្តែពេលនេះច្បាស់ណាស់ថា វាមានលក្ខណៈធ្ងន់ធ្ងរជាង បើប្រៀបធៀបទៅនឹងលើកមុន។

តាមរយៈរូបភាពដែលផ្តិតបានដោយអ្នកកាសែត Reuters និងយកទៅផ្សាយលើពិភពលោក បានបញ្ជាក់យ៉ាងច្បាស់អំពីភាពរងគ្រោះរបស់កម្ពុជា ជាពិសេសជនស៊ីវិលស្លូតត្រង់មានទាំងកុមារ ស្រ្តី និងចាស់ជរា បណ្តាលមកពីទង្វើដ៏ព្រៃផ្សៃរបស់កងទ័ពថៃ។

ជនភៀសខ្លួនកម្ពុជា (រូបថត៖ Reuters)

សូមជម្រាបជាថ្មី ជម្លោះព្រំដែនកម្ពុជា-ថៃដែលផ្ទុះឡើងថ្មីនេះ គឺផ្តើមចេញពីការឈ្លានពានឥតឈប់ឈរពីសំណាក់ភាគីថៃនៅព្រឹកថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២៥ ដោយថៃផ្តើមជាអ្នកបាញ់មុន។

កម្ពុជាបានអត់ធ្មត់កម្រិតខ្ពស់បំផុតរយៈពេល២៤ម៉ោង ដោយមិនតបតឡើយ ប៉ុន្តែថៃមិនព្រមឈប់នៅតែវាយប្រហារមកលើកម្ពុជា ទើបកម្ពុជា ប្រើសិទ្ធិការពារខ្លួន ដើម្បីវាយបកតបតទៅវិញ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម