ព័ត៌មានអន្ដរជាតិ
បុគ្គលលេចធ្លោក្នុងប្រទេសថៃ ចេញមុខជាបន្តបន្ទាប់ អំពាវនាវឲ្យបញ្ចប់សង្គ្រាម
ដោយទ្រាំមិនបាននឹងអំពើឈ្លានពានរបស់ប្រទេសខ្លួនលើកម្ពុជា បុគ្គលលេចធ្លោថៃជាបន្តបន្ទាប់បានចេញមុខអំពាវនាវឲ្យមានសន្តិភាព បញ្ឈប់ការធ្វើសង្គ្រាមបង្ហូរឈាមសម្លាប់មនុស្សជាបន្តទៀត។

ការអំពាវនាវចុងក្រោយបំផុតគឺចេញពីមាត់សកម្មជនសង្គមនិងនយោបាយដ៏លេចធ្លោ គឺលោក Sombat Boonngam-anong ដែលសុំឲ្យកម្ពុជានិងថៃ មានសន្តិភាព បញ្ចប់សង្គ្រាម។
តាមរយៈសារបង្ហោះលើ Facebook កាលពីថ្ងៃពុធទី១៧ខែធ្នូឆ្នាំ២០២៥ លោក Sombat សរសេរថា៖ «មនុស្សជាតិបានចាប់ផ្តើមសម្លាប់គ្នាទៅវិញទៅមកតាំងពីព្រលឹមស្រាងៗមកម្ល៉េះ ពីព្រោះពួកគេចង់ប្រជែងគ្នាដណ្តើមយកដីកសិកម្មដែលមានជីជាតិ និងប្រភពអាហារដ៏សម្បូរបែប។ នេះគឺជាបញ្ហាស្លាប់រស់ ប្រសិនបើពួកគេមិនអាចទទួលបានអាហារទេ ពួកគេនឹងត្រូវស្លាប់។ ហេតុដូច្នេះហើយ ការប្រកួតប្រជែងត្រូវបានចាត់ទុកថាជារឿងត្រឹមត្រូវ ដោយការស្លាប់ដោយសារការអត់ឃ្លានគឺជាតម្លៃនៃការមិនចូលរួមប្រកួតប្រជែង ហើយប្រសិនបើពួកគេចាញ់ការប្រកួត ពួកគេនឹងត្រូវសម្លាប់ដោយភាគីម្ខាងទៀត។ តើបច្ចុប្បន្ននេះ យើងកំពុងប្រកួតប្រជែងដើម្បីអ្វី ហើយដើម្បីហេតុផលអ្វីខ្លះ? តើយើងមានហេតុផលដែលវិសេសវិសាលជាងមនុស្សសម័យបុរាណដែលប្រើត្រឹមតែសភាវគតិដើម្បីធ្វើការសម្រេចចិត្តដែរឬទេ ឬមួយក៏យើងមានអរិយធម៌ខ្លាំងពេករហូតដល់យើងអាចបង្កើតហេតុផលរាប់មិនអស់សម្រាប់ការប្រកួតប្រជែង និងការសម្លាប់គ្នា?»។

មុននេះដែរ សូម្បីតែបវរកញ្ញាថៃឆ្នាំ២០២៥ Opal Suchata ក៏អំពាវនាវសុំសន្តិភាពផងដែរ ស្របពេលការប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃ បន្តក្តៅមិនទាន់ថមថយ។ នាងនិយាយថា៖ «ជម្រើសដែលយើងធ្វើនៅថ្ងៃនេះនឹងកំណត់ជោគវាសនាមនុស្សជំនាន់ក្រោយ។ ដូច្នេះត្រូវជ្រើសរើសយកសន្តិភាពជាជាងសង្គ្រាម»។
ពាក់ព័ន្ធរឿងសង្គ្រាមនេះដែរ លោក វិនយ៉ាត់ ឆាតម៉ុនទ្រី ដែលជាមេធាវីរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ ក៏ព្រមានរួចទៅហើយដែរថា ប្រទេសថៃ នឹងរងការខូចខាតធ្ងន់ធ្ងរ ហើយមិនត្រូវប្រតិកម្មហួសហេតុ រហូតដល់ក្លាយជា ឧក្រិដ្ឋកម្មសង្គ្រាម បំផ្លាញថវិការដ្ឋ និងបើកផ្លូវឲ្យក្រុមនយោបាយមួយចំនួនទាញយកផលប្រយោជន៍នោះទេ។

សារព័ត៌មាន Thai Post បានដកស្រង់សំណេរលើ Facebook របស់លោកវិនយ៉ាត់ ដែលសរសេរបង្ហោះនៅថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥ថា៖ «ជម្លោះនេះ អាចបណ្តាលឲ្យមានការខូចខាតដែលមិនសមហេតុផលនិងហួសហេតុ ចំពោះប្រទេសជាតិផ្ទាល់និងអ្នកជិតខាង។ អ្វីដែលនឹងកើតឡើងតាមក្រោយ គឺ ឧក្រិដ្ឋកម្មសង្គ្រាម និង ការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ទោះបីជាប្រទេសជាតិ និងប្រជាជនថៃភាគច្រើនកំពុងជួបការលំបាកស្រាប់ទៅហើយយ៉ាងណាក្តី»។
លោកបន្តថា៖ «យើងមិនត្រូវប្រើប្រាស់ទាហាន និងឧបករណ៍របស់យើងដោយធ្វេសប្រហែស នៅក្នុងជម្លោះដែលអាចដោះស្រាយបានតាមរយៈការចរចាបានទេ។ កុំបាត់បង់ស្មារតី ហើយភ្លេចអំពើមនុស្សធម៌របស់អ្នកចំពោះគ្នាទៅវិញទៅមក។ កុំឲ្យអារម្មណ៍គ្រប់គ្រងអ្នក ហើយក្លាយជាឧបករណ៍សម្រាប់ផលប្រយោជន៍របស់អ្នកនយោបាយ, ខ្ជះខ្ជាយថវិការដ្ឋ, បំផ្លាញទំនាក់ទំនងមិត្តភាពជាមួយអ្នកជិតខាងនិងបំផ្លាញកិត្យានុភាពរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិក្នុងកម្រិតដែលមិនអាចត្រឡប់វិញបាន»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


