Connect with us

ព័ត៌មានអន្ដរជាតិ

ដ្រូនវាយប្រហារក្រោមទឹក Haeil របស់កូរ៉េខាងជើង ជាអាវុធយុទ្ធសាស្ត្រថ្មីបំផុត និងគួរឲ្យខ្លាចសម្រាប់ពិភពលោក

បានផុស

នៅ

ដ្បិតថាជាប្រទេសឯកោនិងផ្តាច់ពីគេក៏ដោយ ប៉ុន្តែកូរ៉េខាងជើង មានសមត្ថភាពខ្លាំងណាស់ខាងយោធា និងពង្រឹងសមត្ថភាពយ៉ាងខ្លាំងក្លា គ្មាននរណានឹកស្មានដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ Rodong Sinmun)

ប្រទេសនេះបំពាក់ដោយអាវុធនុយក្លេអ៊ែរ និងផលិតបានមីស៊ីលសាហាវៗជាច្រើនគ្រាប់ ក្នុងរយៈពេលត្រឹមប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ។

យ៉ាងណា មិនមែនតែមីស៊ីលទេ លោក គីម ជុងអ៊ុន ថែមទាំងផលិតបាននូវសព្វាវុធទំនើបផ្សេងទៀតផងដែរ ដូចជានាវាមុជទឹកនិងដ្រូនជាដើម។

ពេលនេះអ្វីដែលពិភពលោកកំពុងតាមដាននិងយកចិត្តទុកដាក់ខ្ពស់ គឺដ្រូនវាយប្រហារក្រោមទឹកនុយក្លេអ៊ែរឈ្មោះ Haeil។ 

(រូប៖ Rodong Sinmun)

តាមការផ្សាយរបស់ Naval News, Haeil គឺជាអាវុធដែលលោក គីម ប្រើដើម្បីឆ្លើយតបទៅនឹងការធ្វើសមយុទ្ធជើងទឹករបស់អាមេរិកនិងកូរ៉េខាងត្បូង។ វាជាការព្រមានថា «គ្មានកន្លែងណានៅតាមឆ្នេរសមុទ្រដែលមានសុវត្ថិភាពនោះទេ»។

អាវុធនេះត្រូវបានបង្កើតឡើងដើម្បីវាយប្រហារដោយសម្ងាត់បំផុត ដែលគោលដៅចម្បងរបស់វាគឺកម្ទេចក្រុមនាវាផ្ទុកយន្តហោះ ក្រុមនាវាចម្បាំងរបស់អាមេរិក និងសម្ព័ន្ធមិត្តដែលចល័តក្នុងសមុទ្រ។

សមត្ថភាពរបស់វា គឺបង្កើតជារលកយក្សស៊ូណាមិវិទ្យុសកម្ម។ នៅពេល Haeil បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរនៅក្រោមទឹក វានឹងបង្កើតជារលកយក្សដែលមានផ្ទុកជាតិពុលវិទ្យុសកម្មយ៉ាងខ្លាំង បោកបក់ទៅកម្ទេចកំពង់ផែ និងទីក្រុងនៅតាមឆ្នេរសមុទ្រ។

(រូប៖ KCTV)

វាមានរូបរាងដូចជា Torpedo ឬនាវាមុជទឹកខ្នាតតូចដែលគ្មានមនុស្សបើក (UUV)។ វាអាចធ្វើដំណើរនៅក្រោមទឹកក្នុងជម្រៅជ្រៅ និងមានសមត្ថភាពលាក់ខ្លួន មិនឲ្យប្រព័ន្ធរ៉ាដាឬសូណា របស់សត្រូវរកឃើញឡើយ។

ក្នុងការសាកល្បង វាអាចធ្វើដំណើរនៅក្រោមទឹកបានរហូតដល់ ៥០ ទៅ ៧០ ម៉ោង មុននឹងទៅដល់គោលដៅ។ វាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទ Hwasan-31 ដែលជាក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូចសក្ដិសមសម្រាប់អាវុធយុទ្ធសាស្ត្រ។

ខុសពីមីស៊ីលឆ្លងទ្វីប (ICBM) ដែលអាចរកឃើញតាមផ្កាយរណប និងស្ទាក់ចាប់ដោយមីស៊ីលការពារអាកាស ដ្រូនក្រោមទឹកនេះធ្វើដំណើរយ៉ាងស្ងប់ស្ងាត់នៅបាតសមុទ្រ ដែលធ្វើឲ្យប្រព័ន្ធការពារបច្ចុប្បន្នស្ទើរតែមិនអាចរកឃើញ ឬស្ទាក់ចាប់បានទាន់ពេល។

(រូប៖ KCTV)

វាកាត់បន្ថយពេលវេលាព្រមានរបស់សត្រូវ ពោលគឺសត្រូវអាចដឹងខ្លួននៅពេលដែលការផ្ទុះកើតឡើងរួចទៅហើយ។

កូរ៉េខាងជើងបានអភិវឌ្ឍអាវុធនេះជាច្រើនជំនាន់មកហើយ ដោយ Haeil-1 ជាជំនាន់ដំបូងសម្រាប់សាកល្បងចម្ងាយ និងភាពធន់, Haeil-2 ជាជំនាន់កែលម្អដែលមានល្បឿនលឿនជាងមុន និងអាចធ្វើដំណើរបានឆ្ងាយជាងមុនប្រហែល ១,០០០ គីឡូម៉ែត្រ ចំណែក Haeil-5 ជាជំនាន់ថ្មីបំផុតដែលគេជឿថាអាចបញ្ជាតាមរយៈផ្កាយរណប និងមានភាពឆ្លាតវៃជាងមុន៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម