Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះនិងសព្វាវុធកាន់តែច្រើនទៅមជ្ឈិមបូព៌ា ចំពេលស្ថានការណ៍ជាមួយអ៊ីរ៉ង់ ក្តៅខ្លាំង

បានផុស

នៅ

ភាពតានតឹងជុំវិញជម្លោះអាមេរិក-អ៊ីរ៉ង់ឯណោះក៏កំពុងក្តៅដូចបាយពុះផងដែរ ដោយនៅសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូននាវាផ្ទុកយន្តហោះនិងសព្វាវុធកាន់តែច្រើន ទៅកាន់មូលដ្ឋានរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា។

នាវាផ្ទុកយន្តហោះ USS Abraham Lincoln (រូបថត៖ Reuters)

តាមការផ្សាយរបស់ Caliber នៅថ្ងៃចន្ទទី១៩ខែមករាឆ្នាំ២០២៦, នាវាផ្ទុកយន្តហោះ USS Abraham Lincoln និងក្រុមនាវាប្រយុទ្ធអមដំណើររបស់ខ្លួន ដែលរួមមាននាវាពិឃាដបាញ់មីស៊ីលនាំផ្លូវចំនួនពីរគ្រឿង គឺ USS Spruance និង USS Michael Murphy ផងនោះ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា ហើយកំពុងឆ្ពោះទៅកាន់តំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) ខណៈរយៈពេលនៃការធ្វើដំណើរអាច ចំណាយពេលពី៥ទៅ៧ថ្ងៃ។

មិនត្រឹមប៉ុណ្ណឹងទេ មុននេះ អាមេរិកក៏បានបញ្ជូនយន្តហោះចម្បាំង F-15 យ៉ាងតិច១២គ្រឿងបន្ថែមទៀ​ត រួមជាមួយយន្តហោះចាក់ប្រេងលើអាកាស ទៅមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី ផងដែរ ដែលទាំងអស់នេះបង្ហាញពីសញ្ញាមិនស្រួល ដល់ថ្នាក់អ្នកវិភាគមួយចំនួន មើលឃើញថា មិនយូរទេ ប្រមុខសេតវិមាន ដូណាល់ ត្រាំ នឹងបើកការវាយប្រហារលើអ៊ីរ៉ង់ ហើយ។

យន្តហោះចម្បាំង F-15 (រូបថត៖ Reuters)

រឿងនេះកើតឡើងស្របពេលទីក្រុងតេហេរ៉ង់ គំរាមលោក ត្រាំ ធ្ងន់ៗថា បើហ៊ានប៉ះមេដឹកនាំកំពូលរបស់ខ្លួនមែន Ayatollah Ali Khamenei គឺស្មើនឹងការប្រកាសសង្គ្រាមពេញទំហឹងហើយ។

ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ​បានបង្ហោះសារលើបណ្តាញសង្គម X ដោយប្រើពាក្យខ្លាំងៗថា៖ «ប្រសិនបើមានការលំបាកនិងទុក្ខវេទនាសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនអ៊ីរ៉ង់ជាទីស្រឡាញ់នោះ មូលហេតុចម្បងមួយគឺដោយសារតែអរិភាពដ៏រ៉ាំរ៉ៃ និងការដាក់ទណ្ឌកម្មប្រកបដោយភាពអមនុស្សធម៌ពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ។ រាល់ការប៉ះពាល់ណាមួយដល់ថ្នាក់ដឹកនាំកំពូលនៃប្រទេសយើង គឺស្មើនឹងការប្រកាសសង្គ្រាមពេញទំហឹងប្រឆាំងនឹងប្រជាជាតិអ៊ីរ៉ង់ទាំងមូលតែម្តង»។

មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei (រូបថត៖ Reuters)

សូមជម្រាបជាថ្មី ស្ថានការណ៍រវាងអ៊ីរ៉ង់និងអាមេរិក កាន់តែតានតឹងខ្លាំងៗទៅ បន្ទាប់ពីលោក ត្រាំ កាន់ជើងបាតុករដោ​យគំរាមថា ទីក្រុងវ៉ាស៊ីនតោន នឹងលូកដៃចូលធ្វើអន្តរាគមន៍ បើទីក្រុងតេហេរ៉ង់ សម្លាប់អ្នកតវ៉ា។

បាតុកម្មបានចាប់ផ្តើមឡើងដោយសារតវ៉ាលើបញ្ហាអតិផរណាដែលហក់ឡើងខ្ពស់ខ្លាំង ប៉ុន្តែឥឡូវនេះបានរីករាលដាល ក្លាយជាការទាមទារឲ្យបញ្ចប់ការគ្រប់គ្រងតាមបែបសាសនារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក, ការឆ្លើយតបដោយហិង្សាចំពោះចលាចលនេះ បានផ្ដាច់យកជីវិតមនុស្សអស់ចំនួន ៣,០៩០ នាក់ហើយ ខណៈក្រុមសកម្មជនខ្លះទៀតអះអាងថា ចំនួនមនុស្សស្លាប់អាចខ្ពស់ជាងនេះឆ្ងាយណាស់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម