Connect with us

កីឡា

Lionel Messi ខំ​​ប្រឹង​​ទប់​ទឹក​ភ្នែក នៅ​តែ​​ទប់​មិនជាប់ ក្រោយ​ឃើញ​ អេស្ប៉ាញ​ លើក​ពាន

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ អាហ្សង់ទីន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក FIFA World Cup ឆ្នាំ ២០២៦ បន្ទាប់​ពីចាញ់ ក្រុម​ជម្រើស​ជាតិ​ អេស្ប៉ាញ ដោយ​លទ្ធផល ១-០ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​រយៈ​ពេល ១២០ នាទី។

កីឡាករ Lionel Messi ស្រក់​ទឹក​ភ្នែក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​រយៈ​ពេល ១២០ នាទី​ពិត​ជា​តឹង​តែង​ខ្លាំង​ដោយ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ដាក់​សម្ពាធ ការពារ និង​បង្កើត​ឱកាស​ល្អ​​រៀង​ៗ​ខ្លួន។ ទោះ​បី​ជា​យ៉ាង​ណា នៅ​ចុង​វគ្គ​ទី​២ កីឡាករ​អាហ្សង់ទីន Enzo Fernández ទទួល​បាន​ពិន័យ​កាត​ក្រហម បន្ទាប់​ពី​រង​ពិន័យ​កាត​លឿងពីរ​ដង។ ការ​សល់​គ្នា​ត្រឹម​ ១០ ​នាក់​របស់ អាហ្សង់ទីន គឺ​ជា​ឱកាស​របស់ អេស្ប៉ាញ ដែល​ព្យាយាម​សម្រុក​យ៉ាង​ខ្លាំង។

កីឡាករ Lionel Messi ស្រក់​ទឹក​ភ្នែក

ប្រធាន​ក្រុម​អាហ្សង់ទីន Lionel Mess បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ឲ្យ​ក្រុម​​អាច​វាយ​បក​តាម​ស្មើ ប៉ុន្តែ​នៅ​តែ​មិន​អាច​ទម្លាយ​របាំង​ការពារ​របស់ អេស្ប៉ាញ បាន​ឡើយ។ តាំង​ពី​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល រហូត​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ រូប​គេ​តែង​តែ​ធ្វើ​បាន​ល្អ​ និង​រក​បាន​គ្រាប់​បាល់​រហូត​ដល់ ៨ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​មួយ​ចំនួន​ថែម​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ រូប​គេ​មិន​អាច​ជួយ​ក្រុម​បាន​ឡើយ ដោយសារ​សល់​គ្នា​ត្រឹម​តែ ១០ នាក់ ដែល​បង្ខំ​ចុះ​ការពារ​ច្រើន។ ចប់​ការ​ប្រកួត អាហ្សង់ទីន ចាញ់​ដោយ​លទ្ធផល ១-០។

កីឡាករ Lionel Messi ជា​មួយ​ប្រធានាធិបតី​អាមេរិក Donald Trump និង​ប្រធាន FIFA លោក Gianni Infantino

ក្រោយ​ចប់​ការ​ប្រកួត Lionel Messi ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង ហើយ​រូប​គេ​មើល​ទៅ​មិន​សូវ​ជា​បង្ហាញ​ទឹក​មុខ​សោក​ស្តាយ ក្រៀម​ក្រំ​ខ្លាំង​ទេ។ រូប​គេ​បាន​ស្វាគមន៍ អោប និង​និយាយ​ជា​មួយ​កីឡាករ​ដទៃ ក្នុង​នោះ​មាន​កីឡាករ​របស់​អេស្ប៉ាញ​ផង​ដោយ​ទឹក​ស្មើមិន​សូវ​ជា​ក្រៀម​ក្រំ​ខ្លាំង​ឡើយ។

បើ​ទោះ​បី​ជា​រូប​គេ​ខំ​ប្រឹង​ទប់​អារម្មណ៍ ទប់​ស្មារតី និង​ទប់​ទឹក​ភ្នែក​យ៉ាង​ណាក៏​ដោយ​ ក៏​នៅ​តែ​មិន​អាច​ទប់​ជាប់​បាន​ឡើយ ទឹក​ភ្នែក​នៅ​តែ​ហូរ​ស្រក់​មក​ទាល់​តែ​បាន បន្ទាប់​ពី​រូប​គេ​បាន​​ទទួល​មេដាយ​ប្រាក់រួច ហើយ​សម្លឹង​មើល​ក្រុម​អេស្ប៉ាញ​លើក​ពាន​ដោយ​ក្តី​រំភើប​រីក​រាយ។

Messi ពេល​ដើរ​ទៅ​ទទួល​មេដាយ​ប្រាក់

ក្រៅពី​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ គឺ​មេដាយ​ប្រាក់ កីឡាករ Lionel Messi មិន​ទទួល​​ពាន​រង្វាន់​ឯកត្តជន​សោះ​ឡើយ ដោយសារ​ពាន​ស្បែក​ជើង​មាស បាន​ធ្លាក់​ទៅ​កីឡាករ​បារាំង Kylian Mbappé ដែល​រក​បាន ១០ គ្រាប់​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​ពាន​កីឡាករ​ល្អ​បំផុត​​បាន​ទៅ​កីឡាករ​អេស្ប៉ាញ Rodri។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ កីឡាករ​បារាំង Kylian Mbappé រក​បាន ២២ គ្រាប់​ ឡើង​ឈរ​លើ Messi ដែល​រក​បាន ២១ គ្រាប់​ក្នុងគ្រប់​សម័យ​កាល​នៃ​ព្រឹត្តិការណ៍ World Cup៕

ក្រុម​អេស្ប៉ាញ​លើក​ពាន

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម