Connect with us

ព័ត៌មានអន្ដរជាតិ

ព្រោះ​តែ​កាបូប Chanel! អតីតជំទាវ​ទីមួយ​កូរ៉េខាងត្បូង ត្រូវជាប់ពន្ធនាគារ២០ខែ​

បានផុស

នៅ

ចុះ​ផ្សាយ​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២៦ សារព័ត៌មាន CNN បាន​ឲ្យ​ដឹង​ថា តុលាការកូរ៉េខាងត្បូង បានសម្រេចកាត់ទោសអតីតភរិយាប្រធានាធិបតី លោកស្រី Kim Keon Hee ឲ្យជាប់ពន្ធនាគាររយៈពេល២០ខែ បន្ទាប់ពីរកឃើញថាមានទោសកំហុសក្នុងករណីទទួលសំណូកពីក្រុមសាសនា Unification Church។

លោកស្រី Kim Keon Hee (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការក្រុងសេអ៊ូល បានសម្រេចថា លោកស្រី Kim បានប្រើប្រាស់ឋានៈដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការទទួលយកសម្ភារៈប្រើប្រាស់ថ្លៃៗ រួមមានកាបូប Chanel និងខ្សែកពេជ្រ ជាថ្នូរនឹងការជួយសម្រួលដល់ផលប្រយោជន៍អាជីវកម្ម។ ទោះបីជាតុលាការបានផ្តន្ទាទោសពីបទសូកប៉ាន់ក៏ដោយ ក៏លោកស្រីត្រូវបានដោះលែងឲ្យរួចខ្លួនពីបទចោទប្រកាន់ដាច់ដោយឡែកផ្សេងទៀត ពាក់ព័ន្ធនឹងការកេងបន្លំភាគហ៊ុន និងការបំពានច្បាប់មូលនិធិនយោបាយ ដោយសារខ្វះភស្តុតាងគ្រប់គ្រាន់ និងហួសអាជ្ញាយុកាល។

ការផ្តន្ទាទោសនេះ បានកើតឡើងបន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ដែលបានយាយីដល់លោកស្រី និងស្វាមី គឺលោក Yoon Suk Yeol អតីតប្រធានាធិបតីដែលត្រូវបានដកតំណែង ក្រោយ​ប្រកាស​ច្បាប់​អាជ្ញាសឹក​ដ៏​ចម្រូងចម្រាស។ លោក Yoon ខ្លួនឯងក៏ត្រូវបានកាត់ទោស​ឲ្យ​ជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ កាលពីដើមខែ​មករា​នេះផងដែរ ពាក់ព័ន្ធនឹងសកម្មភាពនៃការព្យាយាមប្រកាសដាក់ប្រទេសក្នុងភាពអាសន្នមិនបានសម្រេច កាលពីចុងឆ្នាំ២០២៤។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដែលអតីតគូស្វាមីភរិយាប្រធានាធិបតី ត្រូវបានជាប់ពន្ធនាគារក្នុងពេលតែមួយ។ លោកស្រី Kim ត្រូវបានឃុំខ្លួនតាំងពីខែសីហាឆ្នាំ២០២៥ ហើយក្រុមមេធាវីការពារក្តីរបស់លោកស្រីបានបញ្ជាក់ថា ពួកគេកំពុងពិចារណាលើការប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនៃបទសូកប៉ាន់នេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម