Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ដាក់លក្ខខណ្ឌ២ចំណុចទៅអ៊ីរ៉ង់ បើមិនចង់ឲ្យអាមេរិក ប្រើធម៌ក្តៅ

បានផុស

នៅ

ពិភពលោកកំពុងតាមដានមើលសភាពការណ៍នៅអ៊ីរ៉ង់ មិនហ៊ានប៉ប្រិចភ្នែកឡើយ ចំពេលអាមេរិក បញ្ជូនកងនាវាចម្បាំងនិងសព្វាវុធទៅតំបន់មជ្ឈិមបូព៌ាយ៉ាងច្រើនសន្ធឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

យ៉ាងណា ស្ថានការណ៍បានប្រែប្រួលនៅពេលលោក ដូណាល់ ត្រាំ ប្រកាសថា លោកមិនចង់ប្រើធម៌ក្តៅលើអ៊ីរ៉ង់ទេ ប៉ុន្តែបានដាក់លក្ខខណ្ឌ ២ចំណុចឲ្យទីក្រុងតេហេរ៉ង់ អនុវត្តតាម។

តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៣០ខែមករាឆ្នាំ២០២៦ លោកត្រាំបញ្ជាក់ថា បើអ៊ីរ៉ង់មិនចង់ឲ្យអាមេរិក ធ្វើសកម្មភាពយោធាទេនោះ អ៊ីរ៉ង់ត្រូវតែបំពេញតាមលក្ខខណ្ឌចំនួន២ គឺទី១ ត្រូវបោះបង់ចោលនុយក្លេអ៊ែរ និងទី២ ត្រូវឈប់សម្លាប់បាតុករ។

នាវាផ្ទុកយន្តហោះអាមេរិក (រូបថត៖ Reuters)

ទន្ទឹមនោះដែរ ប្រធានាធិបតីអាមេរិកគំរាមថា៖ «យើងមាននាវាធំៗនិងពោរពេញអានុភាពខ្លាំងក្លាជាច្រើនគ្រឿង កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់នាពេលឥឡូវនេះ ហើយវាជារឿងល្អណាស់ បើយើងមិនចាំបាច់ប្រើប្រាស់កម្លាំងទាំងនោះ»។

ការគំរាមនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំសេតវិមានវ័យ៧៩ឆ្នាំរូបនេះ ព្រមានខ្លាំងៗថា អ៊ីរ៉ង់ ជិតអស់ពេលហើយក្នុងការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធទី២៨ខែមករាឆ្នាំ២០២៦ ប្រមុខសេតវិមានសរសេរថា ក្រុមនាវាចម្បាំងអាមេរិកដែលលោកបានបញ្ជាឲ្យទៅកាន់តំបន់មជ្ឈិមបូព៌ា ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln គឺត្រៀមខ្លួនរួចជាស្រេច មានឆន្ទៈនិងអាចបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ទាំងល្បឿននិងកម្លាំង ប្រសិនបើចាំបាច់។

នាវាផ្ទុកយន្តហោះ USS Abraham Lincoln (រូបថត៖ Reuters)

លោក ត្រាំ សរសេរបន្តថា៖ «សង្ឃឹមថា អ៊ីរ៉ង់នឹងប្រញាប់មកកាន់តុចរចា ហើយនិយាយគ្នាលើកិច្ចព្រមព្រៀងមួយដែលត្រឹមត្រូវនិងយុត្តិធម៌ គឺមិនមានអាវុធនុយក្លេអ៊ែរ ដែលជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់គ្រប់ភាគី»។

ដោយសំដៅទៅការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំមុន, ប្រធានាធិបតីអាមេរិកគំរាមថា៖ «ការវាយប្រហារលើកក្រោយនឹងកាន់តែធ្ងន់ជាងនេះទៅទៀត! កុំបណ្តោយឲ្យរឿងនោះកើតឡើងជាថ្មីឲ្យសោះ»៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម