Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ព្រមានអាមេរិកថា ឲ្យតែហ៊ានវាយប្រហារខ្លួន សង្គ្រាមក្នុងតំបន់នឹងផ្ទុះឡើងភ្លាម

បានផុស

នៅ

ភាពតានតឹងនៅមជ្ឈិមបូព៌ាមិនធូរស្រាលសោះឡើយពីមួយថ្ងៃទៅមួយថ្ងៃខណៈសហរដ្ឋអាមេរិកក៏កំពុងបង្ហាញសាច់ដុំយោធានៅឈូងសមុទ្រពែរ្ស ខណៈឥឡូវ អ៊ីរ៉ង់ បានចេញការព្រមានជាថ្មីថា បើលោក ដូណាល់ ត្រាំ ហ៊ានបើកការវាយប្រហារលើខ្លួនមែន នោះសង្គ្រាមក្នុងតំបន់នឹងផ្ទុះឡើងភ្លាមៗតែម្តង។

សមយុទ្ធអ៊ីរ៉ង់ (រូបថត៖ Reuters)

តាមការផ្សាយរបស់ BBC ដែលដកស្រង់សម្តីមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei, លោកបានព្រមាននៅថ្ងៃចន្ទទី២ខែកុម្ភៈឆ្នាំ២០២៦ថា៖ «អាមេរិកគួរតែដឹងហើយ បើពួកគេចាប់ផ្តើមសង្គ្រាមនោះ ពេលនេះនឹងក្លាយជាសង្គ្រាមក្នុងតំបន់តែម្តង»។

លោក Khamenei បន្តថា៖ «លោក ត្រាំ តែងនិយាយថា លោកនាំយកនាវាចម្បាំងមក តែទោះយ៉ាងណា ប្រជាជាតិអ៊ីរ៉ង់នឹងមិនមានការភ័យខ្លាចចំពោះរឿងទាំងនេះឡើយ»។

មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei (រូបថត៖ Reuters)

ការព្រមាននេះកើតឡើង បន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិក ក៏ចេញការព្រមានកម្រិតខ្ពស់ទៅកាន់ទីក្រុងតេហេរ៉ង់ផងដែរ កាលពីថ្ងៃសៅរ៍​ទី៣១​ខែ​មករា​ឆ្នាំ​២០២៦ ដោយបញ្ជាក់ថា ខ្លួននឹងមិនអត់ឱនចំពោះ «អាកប្បកិរិយាមិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ» ឡើយ ខណៈកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ធ្វើសមយុទ្ធបាញ់គ្រាប់ពិតតាមជើងទឹកដែលមានរយៈពេលពីរថ្ងៃ នៅក្នុងច្រកសមុទ្រ Hormuz។

យោង​តាម Fox​ News, បញ្ជាការដ្ឋានកណ្តាលរបស់​អាមេរិក (CENTCOM) បានសង្កត់ធ្ងន់ថា ដ្បិតអ៊ីរ៉ង់មានសិទ្ធិធ្វើប្រតិបត្តិការក្នុងដែនទឹកអន្តរជាតិក៏ដោយ ប៉ុន្តែរាល់សកម្មភាពញុះញង់ រួមមានការប្រើប្រាស់ទូកល្បឿនលឿនចូលកៀក ការតម្រង់អាវុធមករកទ្រព្យសម្បត្តិរបស់អាមេរិក ឬការហោះហើរក្នុងកម្រិតទាបដោយគ្មានការអនុញ្ញាតផងនោះ នឹងត្រូវឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាពដល់បុគ្គលិកអាមេរិក និងការដឹកជញ្ជូនពាណិជ្ជកម្ម។

ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ង់ (រូបថត៖ Reuters)

សមយុទ្ធរបស់ IRGC ក៏កើតឡើងផងដែរចំពេលតំបន់ទាំងមូលកំពុងមានភាពមិនប្រាកដប្រជាខ្លាំង។ កាលពីពេលថ្មីៗនេះ លោកត្រាំបានប្រកាសថា «កងនាវាដ៏ធំសម្បើម» ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានទៅ​ដល់មជ្ឈិមបូព៌ាដើម្បីពង្រឹងសមត្ថភាព​រារាំងរបស់អាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម