Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រាប់ទៅ UN ថា ខ្លួននឹងតបតវិញ «ខ្លាំងក្លាបំផុត» បើអាមេរិក ហ៊ានឈ្លានពាន

បានផុស

នៅ

ស្របពេលសភាពការណ៍កាន់តែមិនស្រួល ប្រទេសអ៊ីរ៉ង់ បានប្រាប់ទៅអង្គការសហប្រជាជាតិថា ខ្លួននឹងមិននៅស្ងៀមទេ ពោលគឺនឹងតបតវិញហើយ ប្រសិនបើរងការឈ្លានពានផ្នែកយោធាមែន។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអ៊ីស្រាអែល Jerusalem Post។

(រូប៖ Reuters)

ក្នុងលិខិតផ្ញើទៅប្រមុខ UN លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកុម្ភៈ, រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ព្រមានថា ខ្លួននឹងចាត់ទុកមូលដ្ឋាន បរិក្ខារ និងទ្រព្យសម្បត្តិរបស់កម្លាំងអរិភាពនៅក្នុងតំបន់ ជាគោលដៅស្របច្បាប់ ប្រសិនបើខ្លួនប្រឈមមុខនឹងការឈ្លានពានផ្នែកយោធាមែន។

បេសកកម្មអចិន្ត្រៃយ៍របស់អុីរ៉ង់ប្រចាំ UN បានបញ្ជាក់ក្នុងលិខិតនោះថា សម្តីវាយប្រហាររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើអុីរ៉ង់ គឺជាសញ្ញានៃហានិភ័យពិតប្រាកដនៃការឈ្លានពានផ្នែកយោធា, អុីរ៉ង់មិនចង់បានសង្គ្រាមទេ។

ប្រមុខ UN លោក Antonio Guterres (រូប៖ Reuters)

ការព្រមាននេះកើតឡើងចំពេល មានការលេចធ្លាយព័ត៌មានថា អាមេរិក នឹងបើកការវាយប្រហារអ៊ីរ៉ង់ នៅចុងសប្តាហ៍នេះហើយ ប្រហែលជាអាចនៅថ្ងៃសៅរ៍នេះតែម្តង។

ប្រភពមិនបញ្ចេញឈ្មោះបានប្រាប់ទៅសារព័ត៌មាន CNN ថា៖ «សេតវិមានត្រូវបានគេរាយការណ៍ជូនថា កងទ័ពអាចនឹងត្រៀមខ្លួនរួចរាល់សម្រាប់ការវាយប្រហារមួយនៅត្រឹមចុងសប្តាហ៍នេះ បន្ទាប់ពីមានការបង្កើនកម្លាំងជើងអាកាស និងជើងទឹកយ៉ាងខ្លាំងក្លានៅមជ្ឈិមបូព៌ានាប៉ុន្មានថ្ងៃថ្មីៗ»។

ចំណែកសារព័ត៌មាន CBS News ក៏បានចេញផ្សាយអំពីព័ត៌មានដ៏ភ្ញាក់ផ្អើលនេះដែរ ដោយអះអាងបានប្រភពពីមន្ត្រីសន្តិសុខជាតិកំពូលៗ ដែលនិយាយថា កងទ័ពបានប្រាប់ទៅលោក ត្រាំ រួចហើយ អំពីការត្រៀមលក្ខណៈរបស់យោធា សម្រាប់ការវាយប្រហារអ៊ីរ៉ង់ យូរបំផុតត្រឹមថ្ងៃសៅរ៍នេះ។

យ៉ាងណា ប្រភពខាងលើសុទ្ធតែអះអាងដូចៗគ្នាថា លោក ត្រាំ មិនទាន់សម្រេចចិត្តចុងក្រោយទេ ហើយលោកក៏កំពុងសួរយោបល់ពីទីប្រឹក្សានិងសម្ព័ន្ធមិត្តផងដែរថា តើអ្វីទៅជាជម្រើសដ៏ល្អបំផុតដែលគួរអនុវត្ត។ ម្យ៉ាង មិនទាន់មានការបញ្ជាក់ពីសេតវិមានឡើយ ពាក់ព័ន្ធព័ត៌មានទាំងនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម