Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ អួតក្តែងៗ៖ ទោះធ្វើសង្គ្រាមរហូត ក៏អាមេរិកមិនអស់អាវុធដែរ

បានផុស

នៅ

សង្គ្រាមនៅអ៊ីរ៉ង់កាន់តែខ្លាំងឯការបាញ់ប្រហារតដៃគ្នាចាយអាវុធកាន់តែច្រើន។ យ៉ាងណា ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អួតក្តែងៗថា៖ «ទោះធ្វើសង្គ្រាមរហូត ក៏អាមេរិកមិនអស់អាវុធដែរ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social នៅថ្ងៃអង្គារទី៣ខែមីនាឆ្នាំ២០២៦ ប្រមុខសេតវិមានវ័យ៧៩ឆ្នាំរូបនេះ អះអាងថា៖ ស្តុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិក ទាំងធុនមធ្យមនិងធុនធ្ងន់ មិនដែលមានច្រើនឬល្អប្រសើរជាងពេលនេះឡើយ។ ដូចដែលគេបានជម្រាបខ្ញុំនៅថ្ងៃនេះ យើងមានការផ្គត់ផ្គង់អាវុធទាំងនេះស្ទើរតែគ្មានដែនកំណត់។ សង្គ្រាមអាចប្រយុទ្ធបានជារៀងរហូត និងប្រកបដោយជោគជ័យយ៉ាងខ្លាំង ដោយគ្រាន់តែប្រើប្រាស់ការផ្គត់ផ្គង់ទាំងនេះ។

លោកបន្តថា៖ «ចំពោះអាវុធធុនធ្ងន់វិញ យើងមានស្តុកល្អបង្គួរ ប៉ុន្តែមិនទាន់ដល់កម្រិតដែលយើងចង់បាននៅឡើយទេ។ អាវុធកម្រិតខ្ពស់បន្ថែមជាច្រើនទៀតត្រូវបានរក្សាទុកក្នុងបណ្ដាប្រទេសនៅជិតខាង»។

គ្រាប់របស់អាមេរិក (រូប៖ Reuters)

ក្នុងការបង្ហោះនោះផងដែរ លោកត្រាំ បានឆ្លៀតស្តីបន្ទោសអតីតប្រធានាធិបតី ចូ បៃដិន ដែលចំណាយពេលនិងលុយកាក់របស់អាមេរិក ប្រគល់អ្វីៗគ្រប់យ៉ាងទៅឲ្យមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី អស់តម្លៃរាប់រយពាន់លានដុល្លារទាំងឥតប្រយោជន៍។

មុននេះដែរ ថ្លែងទៅកាន់ CNN លោក ត្រាំ ព្រមាន​ថា សហរដ្ឋអាមេរិកមិនទាន់ឈានដល់ចំណុចកំពូលនៃយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់នៅឡើយទេ ខណៈ​ប្រតិបត្តិការបច្ចុប្បន្នគ្រាន់តែជា «ការកម្ដៅសាច់ដុំ» ប៉ុណ្ណោះ ហើយ «រលកយក្ស» នៃការវាយប្រហារនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

គ្រាប់របស់អាមេរិក (រូប៖ Reuters)

លោកអះអាងថា ទោះជាប្រតិបត្តិការកំពុងបន្តក៏ដោយ ក៏សហរដ្ឋអាមេរិក​មិនទាន់បានចាប់ផ្តើមវាយប្រហារខ្លាំង​នៅឡើយទេ ហើយលោកព្យាករ​ថា ការបង្កើនកម្លាំងវាយប្រហារទ្រង់ទ្រាយធំនឹងកើតឡើង។

យ៉ាងណា លោកត្រាំ​​ក៏កត់សម្គាល់ពីភាពមិនច្បាស់លាស់ជុំវិញរចនាសម្ព័ន្ធគ្រប់គ្រងបច្ចុប្បន្ននៅក្នុងទីក្រុងតេហេរ៉ង់ដែរ ដោយទទួលស្គាល់ថា វ៉ាស៊ីនតោន​ក៏មិនដឹង​​ថាអ្នកណានឹងក្លាយជាមេដឹកនាំថ្មីរបស់ប្រទេសនេះ ឬអ្នកណានឹងត្រូវគេជ្រើស​តាំង​នោះដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម