Connect with us

ព័ត៌មានអន្ដរជាតិ

ហុងគ្រីមិនដកថយ​គោល​ជំហរ​​​​​លើ​​កម្ចី​​អឺរ៉ុប​​ដល់​អ៊ុយក្រែន​ដែល​​​ទប់បំពង់​ឧស្ម័ន​​រុស្ស៊ី​​​

បានផុស

នៅ

ប្រជាជនហុងគ្រីរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យ១៥ខែមីនា នៅទីក្រុង Budapest ដោយចូលរួមក្នុងដំណើរដើម្បីសន្តិភាពដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងពាក្យស្លោកលើផ្ទាំងបដាថា «យើងនឹងមិនក្លាយជាអាណានិគមរបស់អ៊ុយក្រែនទេ» ព្រមទាំងបង្ហាញការគាំទ្រដល់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ផងដែរ។

ប្រជាជនហុងគ្រីរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នាដើម្បីគាំទ្រ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងសុន្ទរកថា ទៅកាន់អ្នកគាំទ្រដែលបានប្រមូលផ្តុំគ្នានៅមាត់ទ្វារអគារសភា នាយករដ្ឋមន្ត្រី​ Orban បានអំពាវនាវឲ្យអ៊ុយក្រែន​បោះបង់ចោលគោលនយោបាយអរិភាព រួមទាំង «ការបិទផ្លូវប្រេង ការជំរិតទារប្រាក់ និងការគំរាមកំហែងដល់ថ្នាក់ដឹកនាំហុងគ្រី» ដោយបញ្ជាក់ថា ទីក្រុង Budapest មិនដកថយដាច់ខាត។ នេះបើយោងតាមសេចក្តីរាយការណ៍ ពី Reuters

លោក Orban បានបញ្ជាក់ជាថ្មីថា វិធានការដាក់សម្ពាធទាំងអស់ដែលបានរៀបរាប់ខាងលើពីអ៊ុយក្រែន មិនអាចធ្វើឲ្យហុងគ្រី ដែលជាប្រទេសមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ មានអារម្មណ៍ភ័យខ្លាចនោះទេ។

រដ្ឋមន្ត្រីការបរទេស លោក Peter Szijjarto ក៏មានវត្តមាននៅក្នុងការដង្ហែក្បួននោះ ដោយលោកមានប្រសាសន៍ថា សហភាពអឺរ៉ុប (EU) និងទីក្រុងកៀវ មានមហិច្ឆតាចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក Orban «ពីព្រោះពួកគេចង់ឲ្យប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បង្កើតរដ្ឋាភិបាលហុងគ្រីដែលគាំទ្រអ៊ុយក្រែន»។

ភាពតានតឹងរវាងទីក្រុង Budapest និងទីក្រុងកៀវបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីអ៊ុយក្រែនបានផ្អាកការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី​ឆ្លងកាត់​អ៊ុយក្រែន​​ទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី តាមរយៈបំពង់បង្ហូរប្រេងដែល​សាងសង់​ក្នុងសម័យសូវៀត។ ក្រោយ​មកទៀតលោក ហ្សេលេនស្គី បានចេញការគំរាមកំហែងផ្ទាល់ខ្លួនប្រឆាំងនឹងលោក Orban ផ្ទាល់តែម្ដង។

មិនតែប៉ុណ្ណោះ ពីដើមខែមីនា អាជ្ញាធរហុងគ្រីបានរារាំងក្បួនរថយន្តដឹកសាច់ប្រាក់ចំនួន ៤០ លានដុល្លារ និងដុំមាសចំនួន ៩ គីឡូក្រាម ដែលគេជឿថាកំពុងធ្វើដំណើរទៅកាន់ធនាគាររដ្ឋអ៊ុយក្រែន ក៏ជាផ្នែកមួយនៃការស៊ើបអង្កេតអំពីការលាងលុយកខ្វក់។ នោះនាំឲ្យមេដឹកនាំទីក្រុងកៀវមានការខឹងសម្បារ រហូតគំរាមថា «បុគ្គលម្នាក់ដែលរារាំងប្រាក់កម្ចីរបស់សហភាពអឺរ៉ុបដល់អ៊ុយក្រែន សូមបញ្ឈប់! បើមិនដូច្នោះទេ លោកនឹងផ្តល់អាសយដ្ឋានរបស់បុគ្គលនោះទៅយោធាអ៊ុយក្រែន ដើម្បីឲ្យពួកគេ និយាយជាភាសារបស់ពួកគេ»។ កាលណោះ ទាំងលោក Orban និងមេដឹកនាំគណបក្សប្រឆាំង Tisza លោក Peter Magyar បានថ្កោលទោសការគំរាមកំហែងទាំងនេះយ៉ាងខ្លាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម