Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ អួតថា អ៊ីរ៉ង់មកសុំអង្វរ ធ្វើកិច្ចព្រមព្រៀងសន្តិភាព ព្រោះកងទ័ពពួកគេ ខ្ទេចហ្មត់អស់ហើយ

បានផុស

នៅ

ជាថ្មីម្តងទៀត ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានអួតអាងអំពីជោគជ័យរបស់អាមេរិកនៅមជ្ឈិមបូព៌ា ដោយប្រកាសថា អ៊ីរ៉ង់ មកសុំអង្វរអាមេរិកធ្វើកិច្ចព្រមព្រៀងសន្តិភាព ព្រោះកងទ័ពរបស់ពួកគេ ទាំងជើងគោកនិងអាកាសត្រូវទីក្រុងវ៉ាស៊ីនតោន កម្ទេចហ្មត់អស់ហើយ។ នេះបើតាមការផ្សាយរបស់ NHK

ដូណាល់ ត្រាំ (រូប៖ Reuters)

ថ្លែងប្រាប់គណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ទី២៦ខែមីនាឆ្នាំ២០២៦ ត្រូវនឹងថ្ងៃសុក្រនៅកម្ពុជា, លោកត្រាំអះអាងថា អាមេរិកបានកម្ទេចកងទ័ពជើងទឹកនិងអាកាសរបស់អ៊ីរ៉ង់ទាំងស្រុង ហើយបំផ្លាញឧបករណ៍បាញ់បង្ហោះមីស៊ីលសឹង៩០% ចំណែកគ្រាប់មីស៊ីលអ៊ីរ៉ង់ខ្ទេចជាង៩០%ទៅហើយ។

លោកបញ្ជាក់ទៀតថា៖ «អ៊ីរ៉ង់មកអង្វរសុំធ្វើកិច្ចព្រមព្រៀង។ មិនមែនខ្ញុំទេដែលអង្វរនោះ។ គឺពួកគេទេដែលកំពុងអង្វរសុំធ្វើកិច្ចព្រមព្រៀង ហើយបើអ្នកឃើញអ្វីដែលកំពុងកើតឡើងនៅទីនោះ អ្នកនឹងយល់ច្បាស់ថា ហេតុអ្វីបានជាពួកគេចង់ធ្វើកិច្ចព្រមព្រៀង។ ភាគីអ៊ីរ៉ង់ បានអនុញ្ញាតឲ្យកប៉ាល់ដឹកប្រេងចំនួន ១០ គ្រឿង ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលនេះគឺជាកាដូ ពួកគេបានផ្តល់ឲ្យ ដើម្បីបង្ហាញពីសេចក្តីថ្លៃថ្នូរ ក្នុងការចរចា»។

ការអះអាងរបស់លោកត្រាំ កើតឡើងប្រធានាធិបតីអាមេរិក ប្រកាស បន្តផ្អាកវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់ ១០ថ្ងៃទៀត ក្រោយផុតឱសានវាទ៥ថ្ងៃ។

ដូណាល់ ត្រាំ (រូប៖ Reuters)

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមីនាឆ្នាំ២០២៦ ​ប្រមុខសេតវិមានវ័យ៧៩ឆ្នាំបានសរសេរថា៖ «តាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ង់ សូមទុកឲ្យសេចក្តីថ្លែងការណ៍នេះតំណាងឲ្យការបញ្ជាក់ថា ខ្ញុំនឹងផ្អាកការបំផ្លិចបំផ្លាញរោងចក្រថាមពលរយៈពេល ១០ថ្ងៃ រហូតដល់ថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ វេលាម៉ោង ៨ យប់។ ការចរចាកំពុងបន្ត ហើយបើទោះបីជាមានសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវដែលផ្ទុយពីនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអ្នកដទៃទៀតក៏ដោយ ក៏ការចរចាទាំងនោះកំពុងប្រព្រឹត្តទៅយ៉ាងរលូន»។

យ៉ាងណា រឿងនេះហាក់ដូចជាច្របូកច្របល់បន្តិច ព្រោះក្រុម​​សម្របសម្រួល ប្រាប់​ថា អ៊ីរ៉ង់​អត់​បាន​ស្នើ​ឲ្យ​ត្រាំ​ផ្អាក​វាយ​ប្រហារ​លើ​ទីតាំង​ថាមពល​ទេ។

ក្រុមអ្នកសម្របសម្រួលបានបញ្ជាក់ថា អ៊ីរ៉ង់មិនបានស្នើសុំឲ្យ​ផ្អាកការវាយប្រហារលើទីតាំងថាមពលរបស់ខ្លួនឡើយ ដែលនេះគឺ​ផ្ទុយពីការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដែលថា ការផ្អាករហូតដល់ថ្ងៃទី៦​ខែមេសា​ខាង​មុខ​ ធ្វើឡើងតាមសំណើរបស់ទីក្រុងតេហេរ៉ង់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម