Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ទំនងជាបាត់ដានកន្លែង​ដែល​ខ្លួន​ធ្លាប់​ដាក់​ពង្រាយ​គ្រាប់មីន ក្នុងច្រក​សមុទ្រហ័រមូស

បានផុស

នៅ

សេចក្តីរាយការណ៍ថ្មីមួយបានបង្ហាញពីឧបសគ្គដ៏ធំដែលកំពុងរារាំងដំណើរការបើកច្រកសមុទ្រហ័រមូសឡើងវិញក្រោយពី​មាន​បទឈប់បាញ់​​ ដោយ​មន្ត្រីអាមេរិកបានបង្ហើប​ឲ្យ​ដឹងថា អ៊ីរ៉ង់កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការបើកចរាចរណ៍នាវាដឹកទំនិញឡើងវិញ ព្រោះតែពួកគេហាក់ដូចជា «បាត់ដាន» ឬមិនអាចកំណត់ទីតាំងច្បាស់លាស់នៃគ្រាប់មីនក្នុងសមុទ្រ ដែលខ្លួនបានដាក់ពង្រាយពេញច្រកសមុទ្រមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូប​តំណាង

យោងតាមកាសែត New York Times ចុះផ្សាយ​ថ្ងៃទី​១០​ខែមេសាឆ្នាំ​២០២៦ ការលំបាកក្នុងការគ្រប់គ្រងមីនទាំងនេះ គឺជាហេតុផលចម្បងដែលធ្វើឲ្យ​អ៊ីរ៉ង់មិនអាចឆ្លើយតបភ្លាមៗតាមសំណើរបស់លោក ដូណាល់ ត្រាំ ក្នុងការបើកច្រកសមុទ្រនេះ​ឲ្យ​បានពេញលេញ។ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី៨ខែមេសាក៏ដោយ ក៏សកម្មភាពដឹកជញ្ជូនប្រេងតាមច្រកនេះនៅតែស្ថិតក្នុងសភាពជាប់គាំង ដោយមាននាវាត្រឹមតែ១០គ្រឿងប៉ុណ្ណោះដែលបានធ្វើដំណើរឆ្លងកាត់ចាប់តាំងពីបទឈប់បាញ់មានប្រសិទ្ធភាព។

បញ្ហានេះកើតឡើងដោយសារតែវិធីសាស្ត្រដាក់ពង្រាយមីនរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នាពេលកន្លងមកមិនមានលក្ខណៈជាប្រព័ន្ធ។ អ្នកជំនាញសង្ស័យថា អ៊ីរ៉ង់ប្រហែលជាមិនមានឯកសារកត់ត្រាទីតាំងច្បាស់លាស់នៃគ្រាប់មីននីមួយៗនោះទេ ហើយការដែលមីនខ្លះអាចរសាត់ចេញពីទីតាំងដើមដោយសារចរន្តទឹកសមុទ្រ កាន់តែធ្វើឲ្យការរុករកជួបការលំបាកទ្វេដង។ កត្តាដ៏លំបាកមួយទៀតគឺ កម្លាំងជើងទឹកអ៊ីរ៉ង់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលសង្រ្គាម ដែលធ្វើឲ្យពួកគេខ្វះខាតធនធានក្នុងការចុះរុះរើមីនទាំងនេះចេញ។

មិនមែនតែអ៊ីរ៉ង់ទេដែលជួបបញ្ហា សូម្បីតែសហរដ្ឋអាមេរិកក៏ខ្វះខាតកម្លាំងរុះរើមីនក្នុងតំបន់មជ្ឈិមបូព៌ាដែរ ដោយសារនាវាជំនាញមួយចំនួនត្រូវបានដកចេញ ឬបញ្ជូនទៅកាន់ទីតាំងផ្សេងតាំងពីដើមសង្រ្គាមមក។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានទទួលស្គាល់ដោយប្រយោលថា ការបើកច្រកសមុទ្រនេះគឺទាក់ទងនឹង «ការកម្រិតផ្នែកបច្ចេកទេស» ដែលគេយល់ថាជាការសារភាពអំពីបញ្ហាមីននេះឯង។

ដ្បិត​លោក ដូណាល់ ត្រាំ បានសម្តែងក្តីសង្ឃឹមថាច្រកសមុទ្រនេះនឹងបើកដំណើរការឡើងវិញឆាប់ៗក៏ដោយ ក៏លោកក៏បានទទួលស្គាល់ដែរថា វាមិនមែនជារឿងងាយស្រួលនោះឡើយ។ បញ្ហាគ្រោះថ្នាក់ដែលមើលមិនឃើញនៅបាតសមុទ្រនេះ នឹងក្លាយជាប្រធានបទដ៏សំខាន់មួយក្នុងការចរចារវាងអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីស្វែងរកដំណោះស្រាយសុវត្ថិភាពសម្រាប់នាវាចរណ៍ពិភពលោក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម