Connect with us

ព័ត៌មានអន្ដរជាតិ

លោក Rubio៖ តាមពិត អាមេរិកក៏ដឹងដែរ ថា អ៊ីស្រាអែល វាយប្រហារលីបង់ ពេលមានបទឈប់បាញ់

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានបញ្ជាក់យ៉ាងច្បាស់ថា ពិតណាស់! លោកដឹង អំពីការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសលីបង់ ក្នុងពេលមានបទឈប់បាញ់ ប៉ុន្តែលោកមិនឃាត់ទេ ដោយគ្រាន់តែប្រាប់ឲ្យវាយប្រហារ ដោយសមាមាត្រ និងចំគោលដៅប៉ុណ្ណោះ ព្រោះតែក្រុមហេសបូឡា ធ្វើសកម្មភាពមិនស្រួល។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូប៖ Reuters)

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងផ្សាយដោយ CNN នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ លោក Rubio និយាយថា មែនហើយ ពិតជាមានករណីបែបនេះមែន។ អ៊ីស្រាអែល បានវាយប្រហារលីបង់ ក្នុងពេលមានបទឈប់ដ៏ផុយស្រួយ ប៉ុន្តែអាមេរិក ជំរុញឲ្យអ៊ីស្រាអែល ត្រូវបាញ់ឲ្យចំគោលដៅ និងសមាមាត្រ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខការទូតអាមេរិក ហាក់ចោទប្រកាន់ក្រុមហេសបូឡា ថាជាអ្នកបំពានបទឈប់បាញ់មុន ដោយអះអាងថា៖ «នៅក្នុងកិច្ចព្រមព្រៀង អ្វីដែលច្បាស់ក្រឡែតនោះគឺថា ប្រសិនបើក្រុមហេសបូឡា រៀបនឹងបាញ់គ្រាប់រ៉ុកកែត ដាក់អ៊ីស្រាអែល និងដាក់ភូមិឋាននានានៅភាគខាងជើង នោះ អ៊ីស្រាអែលមានសិទ្ធិក្នុងការដោះស្រាយបញ្ហា មុនពេលវាកើតឡើងបាន»។

សូមជម្រាបជាថ្មី បទឈប់បាញ់អ៊ីស្រាអែ-លីបង់ ចាប់អនុវត្តដំបូង នៅថ្ងៃទី១៦ ខែមេសា ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយលោកបង្ហាញក្ដីសង្ឃឹមថា បទឈប់បាញ់នេះ គឺជា «ជំហានដ៏សំខាន់» ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព កាន់តែធំជាមួយអ៊ីរ៉ង់និងទប់ស្កាត់សង្គ្រាមតំបន់។

ក្រោយមក ប្រមុខសេតវិមាន ក៏ប្រកាសបន្តបទឈប់បាញ់ រយៈពេល១០ថ្ងៃទៀត ប៉ុន្តែទាំងអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ សុទ្ធតែចោទដាក់គ្នាថា រំលោភបំពាន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម