Connect with us

ព័ត៌មានអន្ដរជាតិ

ប្រភពផ្ទៃក្នុងអាមេរិក៖ ត្រាំ ត្រៀមបើកការវាយប្រហារជាថ្មី លើ អ៊ីរ៉ង់

បានផុស

នៅ

បន្ទាប់ពីប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ ប្រកាសថា បទឈប់បាញ់ ជាមួយ​ទីក្រុងតេហេរ៉ង់ ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព «សង្គ្រោះបន្ទាន់ យ៉ាងធ្ងន់ធ្ងរ» នោះ ស្រាប់តែប្រភពផ្ទៃក្នុង ពីជួររដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន បង្ហើបឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងត្រៀម បើកការវាយប្រហារអាកាស លើអ៊ីរ៉ង់ ជាថ្មី។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ប្រភពចំនួន៣ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅ CNN នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ថា លោកត្រាំ កំពុងពិចារណា យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ចំពោះការចាប់ផ្តើម ប្រតិបត្តិការយោធានៅអ៊ីរ៉ង់ ម្តងទៀត ហើយការវាយប្រហារថ្មីនេះ នឹងតម្រង់លើគោលដៅនៅសល់២៥% ដែលមន្ទីរបញ្ចកោណកំណត់ ប៉ុន្តែការវាយប្រហារលើមុន មិនទាន់ទទួលបាន ជោគជ័យ។

យោងតាមប្រភពដដែល, ប្រធានាធិបតីអាមេរិក ក៏នឹងចាប់អនុវត្តឡើងវិញផងដែរ នូវ «គម្រោងសេរីភាព» ដែលជាប្រតិបត្តិការរំដោះកប៉ាល់ពាណិជ្ជកម្ម ចេញពីច្រកសមុទ្រ Hormuz។

ពាក់ព័ន្ធផែនការទាំងប៉ុន្មានខាងលើ ប្រធានាធិបតីអាមេរិក ត្រៀមនឹងជួបជាមួយ ក្រុមអ្នកជំនាញផ្នែកយុទ្ធសាស្រ្ត និងសន្តិសុខជាតិ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីសម្រេច។

យន្តហោះចម្បាំង អាមេរិក (រូប៖ Reuters)

ព័ត៌មាននេះកើតឡើង បន្ទាប់ពី លោក ត្រាំ និយាយថា៖ បទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុង ស្ថានភាព «សង្គ្រោះបន្ទាន់ យ៉ាងធ្ងន់ធ្ងរ» ហើយចាត់ទុកឯកសារនៃសំណើរបស់អ៊ីរ៉ង់ ថាជា «ក្រដាសសំរាម» ដើម្បីឆ្លើយតប ទៅទីក្រុងតេហេរ៉ង់ ដែលដាក់លក្ខខណ្ឌ ៨ចំណុចមកទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណង បញ្ចប់សង្គ្រាម។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងការិយាល័យរាងពងក្រពើ កាលពីល្ងាចថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន ថ្លែងថា៖ «បទឈប់បាញ់ នៅតែមានប្រសិទ្ធភាព ប៉ុន្តែវាមានសភាពខ្សោយរហូតដល់មិនគួរឲ្យជឿ។ ខ្ញុំអាចនិយាយបានថា បទឈប់បាញ់នេះ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់យ៉ាងធ្ងន់ធ្ងរ វាប្រៀបដូចជា នៅពេលដែលគ្រូពេទ្យដើរចូលមក ហើយប្រាប់ថា លោក! មនុស្សជាទីស្រឡាញ់របស់លោក មានឱកាសរស់ តែប្រហែល ១% ប៉ុណ្ណោះ»។

លោកបន្តថា៖ «ក្រុមមេដឹកនាំអ៊ីរ៉ង់ គឺជា មនុស្សដែលគ្មានកិត្តិយសទាល់តែសោះ។ មើលចុះ ខ្ញុំធ្លាប់មានកិច្ចការជាមួយពួកគេ ៤ ឬ ៥ ដងរួចមកហើយ តែពួកគេ តែងតែផ្លាស់ប្តូរចិត្តរហូត។ ក្រដាសសំរាមដែលពួកគេផ្ញើមកឲ្យយើងនោះ ខ្ញុំមិនទាន់ទាំងអានវា ចប់ផង»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម