Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថាន ប្រណាំងនឹងពេលវេលា ដើម្បីរក្សាកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ កុំឱ្យផ្ទុះសង្រ្គាមឡើងវិញ

បានផុស

នៅ

ប្រទេសប៉ាគីស្ថាន កំពុងតែរត់ប្រណាំងនឹងពេលវេលាយ៉ាងក្តៅគគុក ក្នុងការដើរតួជាអ្នកសម្របសម្រួលកណ្តាល ដើម្បីរក្សាបណ្តាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈដែលភាគីទាំងពីរ ចាប់ផ្តើមបង្ហាញជំហរកាចសាហាវដាក់គ្នាទៅវិញទៅមក ដែលអាចធ្វើឱ្យសង្រ្គាមដុតកម្ដៅ​តំបន់មជ្ឈិមបូព៌ាម្តងទៀត។ នេះ​បើយោងតាម​ការ​ចុះផ្សាយ​របស់​ Al Jazeera និង Anadolu នា​ថ្ងៃទី​១៩ ខែ​ឧសភា។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពព័ត៌មានពីរដ្ឋធានីអ៊ីស្លាម៉ាបាត ប៉ាគីស្ថាន កំពុងប្រមូលផ្តុំកម្លាំងការទូតទាំងអស់ ដើម្បីបញ្ចុះបញ្ចូលឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បើកកិច្ចចរចាផ្ទាល់មាត់ជុំថ្មីមួយទៀត បន្ទាប់ពីការពិភាក្សាជាច្រើនលើកកន្លងមក មិនទាន់រកឃើញចំណុចរបត់ណាមួយលើ «បញ្ហាគន្លឹះ» ជាពិសេសគឺរឿងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

កាលពីចុងសប្តាហ៍មុន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន ដោយគ្មានលទ្ធផលអ្វីរីកចម្រើនលើរឿងអ៊ីរ៉ង់ ប៉ាគីស្ថាន បានបើកយុទ្ធនាការការទូតចល័តភ្លាមៗ ដើម្បីបំបែកភាពទាល់ច្រកនេះ។ ក្នុងនោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងរដ្ឋមន្ត្រីការបរទេស បានទាក់ទងទៅកាន់មេដឹកនាំប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីពិភាក្សាពីស្ថានភាពតំបន់ ខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន ក៏បានធ្វើដំណើរទៅជួបពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ផងដែរ។ ទោះជាយ៉ាងណា បេសកកម្មនេះ កំពុងជួបឧបសគ្គធំៗ ព្រោះក្រោយពេលផ្អាកបាញ់គ្នាអស់រយៈពេលជាងមួយខែ ដើម្បីរកដំណោះស្រាយ អាមេរិក និងអ៊ីរ៉ង់ នៅតែមិនអាចរកចំណុចរួមឃើញ ខណៈសំឡេងគាំទ្រការប្រើប្រាស់កម្លាំងយោធាចាប់ផ្តើមលាន់ឮកាន់តែខ្លាំង ដែលធ្វើឱ្យលោក ដូណាល់ ត្រាំ ព្រមាននៅលើបណ្តាញសង្គមថា ពេលវេលាសម្រាប់អ៊ីរ៉ង់កំពុងតែដើរទៅមុខយ៉ាងលឿន បើមិនប្រញាប់ធ្វើសកម្មភាពទេ គឺនឹងមិនសល់អ្វីទាំងអស់។

ចាប់តាំងពីសង្រ្គាមរវាង អាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ប៉ាគីស្ថាន បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួចបំផុត ដែលអាចរក្សាទំនាក់ទំនងជាមួយគ្រប់ភាគី និងបានរៀបចំកិច្ចចរចាផ្ទាល់ដំបូងគេបង្អស់រវាងអាមេរិក និងអ៊ីរ៉ង់កាលពីខែមេសា ទោះមិនទាន់មានលទ្ធផលផ្លែផ្កាក៏ដោយ។ ក្រុមអ្នកជំនាញបានមើលឃើញថា អ្វីដែលអ៊ីស្លាម៉ាបាតធ្វើបាននៅពេលនេះ មិនមែនជាកិច្ចព្រមព្រៀងសន្តិភាពឡើយ ប៉ុន្តែវាគឺជារបាំង «អូសបន្លាយពេលវេលា» ដើម្បីកុំឱ្យភាពតានតឹងធ្លាក់ក្នុងស្ថានភាពគ្រប់គ្រងលែងបាន។ ការដែលវ៉ាស៊ីនតោន និងតេហេរ៉ង់ នៅតែប្រើប្រាស់ប៉ាគីស្ថានជាប្រព័ន្ធផ្ញើសារទៅវិញទៅមក បង្ហាញថា ពួកគេមិនទាន់ចង់បោះបង់ចោលផ្លូវចរចានោះទេ។

ទោះជាយ៉ាងណាក៏ដោយ តួនាទីជាអ្នកកណ្តាលរបស់ប៉ាគីស្ថាន ក៏កំពុងរងសម្ពាធ និងការសង្ស័យខ្លាំងពីសំណាក់សហរដ្ឋអាមេរិកផងដែរ។ មានព័ត៌មានលេចឮថា អ៊ីរ៉ង់បានលបផ្លាស់ទីលំនៅយន្តហោះយោធាមួយចំនួន ទៅកាន់មូលដ្ឋានទ័ពអាកាសរបស់ប៉ាគីស្ថាន ក្រោយពេលមានបទឈប់បាញ់ ដែលធ្វើឱ្យអាមេរិកសង្ស័យថា ប៉ាគីស្ថានកំពុងលួចជួយលាក់យន្តហោះ​ចម្បាំងអ៊ីរ៉ង់ឱ្យគេចពីការវាយប្រហារ។ ទោះបីជាប៉ាគីស្ថានបានចេញមុខបដិសេធដាច់អហង្ការ និងបញ្ជាក់ថា យន្តហោះទាំងនោះមកដើម្បីបម្រើការងារចរចាតែប៉ុណ្ណោះក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួន និងសមាជិកព្រឹទ្ធសភាដែលជាសម្ព័ន្ធមិត្តរបស់លោក ត្រាំ បានអំពាវនាវឱ្យមានការ «វាយតម្លៃឡើងវិញទាំងស្រុង» លើតួនាទីរបស់ប៉ាគីស្ថាន ព្រោះពួកគេសង្ស័យថា ប៉ាគីស្ថានអាចនឹងលម្អៀងទៅខាងអ៊ីរ៉ង់។

ស្រប​ពេល​ដែលកិច្ចខិតខំប្រឹងប្រែងខាងផ្លូវការទូតកំពុងតែបន្តធ្វើឡើង ស្ថានភាពជាក់ស្តែងនៅក្នុងតំបន់ នៅតែមានសញ្ញាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានដ្រូនមិនស្គាល់ប្រភព បានហោះទៅបុកចំរោងចក្រថាមពលនុយក្លេអ៊ែរ Barakah នៅក្នុងប្រទេសអារ៉ាប់រួម (UAE)។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានបង្ហើបថា ក្រសួងការពារជាតិអាមេរិក បានរៀបចំបញ្ជីគោលដៅវាយប្រហារថ្មី សំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រួចជាស្រេចហើយ ប្រសិនបើសង្រ្គាមផ្ទុះឡើងវិញ ខណៈយោធាអ៊ីរ៉ង់ក៏បានព្រមានតបតវិញយ៉ាងចាស់ដៃដូចគ្នា។ នៅក្នុងស្ថានភាពដ៏ផុយស្រួយ​នេះ ប៉ាគីស្ថានប្រហែលជាមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ ក្នុងការបង្កើតចំណុចរបត់ប្រវត្តិសាស្ត្ររវាងអាមេរិក និងអ៊ីរ៉ង់នោះទេ ប៉ុន្តែដរាបណាភាគីទាំងពីរ នៅតែបន្តផ្ញើសារកាត់តាមទីក្រុងអ៊ីស្លាម៉ាបាត ប្រទេសមួយនេះនៅតែដើរតួជា «វ៉ាល់សុវត្ថិភាព» ដ៏សំខាន់បំផុត ក្នុងការទប់ស្កាត់កុំឱ្យភ្លើងសង្រ្គាមទ្រង់ទ្រាយធំឆាបឆេះឡើង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម