Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ត្រៀម​រៀបចំ​វេទិកា​សន្តិសុខ​អន្តរជាតិ ដោយ​មានតំណាង​ប្រទេស ១២០ ចូលរួម

បានផុស

នៅ

ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានប្រកាស​នៅ​ថ្ងៃទី២៤ ខែឧសភា ថា គណៈប្រតិភូជាច្រើនតំណាងឲ្យបណ្តាប្រទេសភាគច្រើនលើសលប់ នៅលើពិភពលោក នឹងចូលរួមនៅក្នុងវេទិកាសន្តិសុខអន្តរជាតិលើកដំបូង ដែលនឹងត្រូវប្រារព្ធឡើងនៅ​ខាង​ក្រៅទីក្រុងមូស្គូ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ នៃខែឧសភា។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន RT

មន្រ្តីរុស្ស៊ីថ្លែងនៅក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី (រូបភាព៖Kremlin))
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអាទិត្យ ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី​ បានបញ្ជាក់ថា គណៈប្រតិភូមកពីបណ្តាប្រទេសជាង ១២០ នឹង​ត្រូវ​រំពឹងថា នឹងអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ក្នុងចំណោម​ប្រទេសតំបន់​អាហ្វ្រិកទាំង ៥៤ មានរហូតដល់ ៥០ ប្រទេស នឹងបញ្ជូនតំណាងរបស់ពួកគេ​​មកចូលរួម ខណៈដែលប្រទេសភាគច្រើននៅមជ្ឈិមបូព៌ា និងអាមេរិកឡាទីន ក៏នឹងចូលរួមផងដែរ។

បន្ថែមពីលើនេះ គ្រប់រដ្ឋជាសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការស៊ាងហៃ (SCO) ប្លុកប្រ៊ីក (BRICS) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងប្រទេសដែលមានឥទ្ធិពលខ្លាំងដូចជា ចិន, ឥណ្ឌា, អ៊ីរ៉ង់, ឥណ្ឌូណេស៊ី និងប៉ាគីស្ថាន សុទ្ធតែនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ។ សេចក្តីប្រកាសព័ត៌មាននោះ បានកត់សម្គាល់ថា ចំនួននេះក្តោបក្តាប់រហូតដល់ប្រមាណ ៧០% នៃចំនួនប្រជាជនសរុបនៅលើពិភពលោក។

លើសពីនេះទៅទៀត «តំណាងមិនផ្លូវការ» នៃប្រទេសលោកខាងលិចចំនួន ១២ ដែលមិនត្រូវបានបញ្ចេញឈ្មោះ ដែលជាអ្នក «គាំទ្រយ៉ាងសកម្មក្នុងការបង្កើតទំនាក់ទំនងស្ថាបនាជាមួយរុស្ស៊ី» ក៏នឹងចូលរួមផងដែរ។ ជាមួយគ្នានេះ អ្នកសារព័ត៌មានមួយចំនួនមកពីអាមេរិក, អង់គ្លេស, អាល្លឺម៉ង់ និងជប៉ុន ក៏បានបង្ហាញការចាប់អារម្មណ៍ក្នុងការមកយកព័ត៌មានពីវេទិកានេះដូចគ្នា។

ព្រឹត្តិការណ៍បើកឆាក នឹងត្រូវធ្វើឡើងជាទម្រង់សន្និសីទមួយ ដែលផ្តោតលើការប្រឆាំងនឹងនយោបាយអាណានិគមបែបថ្មី ក្នុងបរិបទនៃ «ការធានាសន្តិសុខនៃបណ្តាប្រទេសភាគច្រើនលើសលប់លើពិភពលោក» ដែលរៀបចំឡើងក្រោមការឧបត្ថម្ភពីវិទ្យាស្ថានរដ្ឋមូស្គូផ្នែកទំនាក់ទំនងអន្តរជាតិ។ ចំណែកឯប្រធានបទផ្សេងទៀតនៅលើរបៀបវារៈនៃវេទិកានេះ រួមមានការជជែកដេញដោលអំពីយុទ្ធនាការបំភ្លៃ​ព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឡើងដោយលោកខាងលិច ដែលជាផ្នែកមួយ «នៃសង្គ្រាម​កូនកាត់​ ប្រឆាំងនឹងបណ្តាប្រទេស​ជា​ច្រើន​នៅលើពិភពលោក ក្នុងគោលបំណងរក្សាឥទ្ធិពលអនុត្តរភាពរបស់ខ្លួន».។ ​

គួរបញ្ជាក់ដែរថា ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី មានភារកិច្ចក្នុងការព្រាងសំណើគោលនយោបាយសម្រាប់ប្រធានាធិបតីរុស្ស៊ី លើការឆ្លើយតបទៅនឹងការគំរាមកំហែងពីខាងក្នុង ឬខាងក្រៅ ក៏ដូចជា ការការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម