Connect with us

ព័ត៌មានអន្ដរជាតិ

មន្រ្តី​អ៊ីស្រាអែល​ ២រូប​ ​អំ​ពាវ​នាវ​ឱ្យ​​បង្កើន​ប្រតិបត្តិការ​យោធា​ ប្រឆាំង​នឹង​ក្រុម​ហេសបូឡា នៅ​លី​បង់​

បានផុស

នៅ

អ៊ីស្រាអែល បាន​វាយប្រហារប្រទេសលីបង់​ម្តងហើយម្តងទៀត ​ដោយសារតែក្រុមហេសបូឡា ជាក្រុមសកម្មប្រយុទ្ធ​គាំទ្រ​ដោយអ៊ីរ៉ង់​ តែង​តែ​បាញ់រ៉ុក្កែតនិងដ្រូន​ចូល​អ៊ីស្រាអែល ចាប់​តាំង​ពី​ពេលនោះ​មក អ៊ីស្រាអែលចាត់ទុកក្រុមហេសបូឡា​ជាការគំរាមកំហែងសន្តិសុខ​ដ៏សំខាន់​។

ការណ៍​នេះ រដ្ឋ​មន្ត្រី​ដែលប្រកាន់​និន្នាការ​​ស្តាំ​និយម​​ជ្រុល​២​​រូប របស់អ៊ីស្រាអែល បាន​អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​ប្រតិបត្តិការយោធា​ក្នុងប្រទេសលីបង់​ជា​ថ្មី​​កាល​ថ្ងៃទី២៥ ដោយ​ម្នាក់​គាំទ្រឱ្យ​​ការ​វាយ​ប្រហារ​លើទីក្រុងបេរូត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការវាយប្រហារដោយ​ដ្រូន​របស់ក្រុមហេសបូឡា មក​លើយោធា​​អ៊ីស្រាអែល​​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ The Straits Times ផ្សាយ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ ។

រដ្ឋ​មន្ត្រី​សន្តិសុខជាតិ​ លោក Itamar Ben Gvir សរសេរ​លើប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម X ថា៖ « វាដល់ពេល​ហើយ​សម្រាប់​នាយករដ្ឋមន្ត្រី​ក្នុង​ការឈរជើង​យ៉ាងរឹងមាំជាមួយ​ លោក ដូណាល់ ត្រាំ​ ហើយ​ប្រាប់​គាត់​ថា អ៊ីស្រាអែល​កំពុង​វិលត្រឡប់ទៅរកសង្គ្រាមនៅក្នុង​ប្រទេសលីបង់​វិញ​»។

លោក Bezalel Smotrich រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​លើក​ឡើង​ថា៖ « អគ្គិសនី​ទៅ​កាន់ប្រទេសលីបង់​ត្រូវតែកាត់​ផ្តាច់ ទន្លេ Zahrani ត្រូវតែ​ដណ្តើម​យក ហើយ​សង្គ្រាម​ដ៏ខ្លាំងក្លា​​នឹង​ចាប់ផ្តើមឡើងវិញ»។

មិន​ខុស​គ្នា​ប៉ុន្មាន​ លោក Bezalel Smotrich រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល​ បាន​អំពាវនាវឱ្យមានការវាយប្រហារ​លើទីក្រុងបេរូត ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ដោយដ្រូន​របស់ក្រុមហេសបូឡា ទៅ​លើ​កងកម្លាំង​អ៊ីស្រាអែល​ភាគខាងត្បូង​ប្រទេសលីបង់និងឆ្លងកាត់​ព្រំដែន​។

លោក Smotrich និយាយ​លើ​បណ្តាញ​សង្គម​ថា៖ « មាន​តម្រូវការ​បន្ទាន់​មួយ ដើម្បីបញ្ចប់ការគំរាមកំហែង​ដែលបង្កឡើងដោយដ្រូន​ផ្ទុះ​របស់​ក្រុមហេសបូឡា។ សម្រាប់​ដ្រូន​ផ្ទុះនីមួយៗ អគារ​នៅទីក្រុងបេរូតចំនួន១០ ត្រូវ​តែ​ដួល​រលំ»។

លោក Smotrich និយាយថា ខ្លួន​បានអនុម័តថវិកា​ពិសេស​ប្រមាណ​ ៦៩២លាន​ដុល្លារ​ ដើម្បីផ្តល់​​ឱ្យស្ថាប័នការពារជាតិអាច​បង្កើតវិធានការ​ទប់ទល់ប្រឆាំង​នឹងដ្រូន។

ការកត់សម្គាល់របស់រដ្ឋ​មន្ត្រីទាំងពីររូប ដែល​​ជា​មនុស្ស​ជំនិត​របស់​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ លោក​ បេនចាមីន ណេតាន់យ៉ាហ៊ូ កើតឡើង បន្ទាប់​ពី​យោធា​ខ្លួន​​រាយការណ៍​ពីការស្លាប់របស់ទាហាន​ម្នាក់​ទៀត​នៅភាគខាងត្បូងប្រទេសលីបង់។

ទោះ​បី​អ៊ីស្រាអែល​តែង​តែ​វាយ​ប្រហារ​លីបង់​ឥត​ឈប់​ ប៉ុន្តែ​ជន​ជាតិ​អ៊ីស្រាអែល​ខ្លួន​ឯង​ក៏​​ស្លាប់​ចំនួន ២៤នាក់ ចាប់​តាំង​ពីអរិភាពបានចាប់​ផ្តើម មាន​ទាហាន ២៣នាក់ និងជនស៊ីវិលម្នាក់​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម