Connect with us

ព័ត៌មានអន្ដរជាតិ

​អាមេរិក​មិនចង់ឃើញ​សង្គ្រាម​ ​​រុស្ស៊ី​-អ៊ុយ​ក្រែន​​ បន្ត ខណៈរុស្ស៊ី​បង្កើន​ការវាយប្រហារ​

បានផុស

នៅ

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio ​អះអាង​ថា សហ​រដ្ឋ​អាមេរិក​នៅ​តែ​មានឆន្ទៈ​សម្របសម្រួល​​ ចំពោះ​សង្គ្រាម​រវាង​រុស្ស៊ីនិង​អ៊ុយ​ក្រែន បន្ទាប់​ពី​ទីក្រុងមូស្គូ​បាន​បើកការវាយប្រហារដ៏ធំមួយ​លើទីក្រុងកៀវកាល​ពី​ថ្ងៃ​ទី​២៤ មួយ​ថ្ងៃ​បន្ទាប់រុស្ស៊ី​​ជំរុញ​​ឱ្យជន​​បរទេស មន្រ្តី​ទូត ​ចាក​ចេញពី​ទី​ក្រុង​​របស់​អ៊ុយក្រែន​ជា​​​បន្ទាន់​។

យោង​តាម​សារព័ត៌មាន TRT World ចុះ​ផ្សាយ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ ការ​អំពាវនាវផ្នែកការទូត​បាន​កើតឡើង បន្ទាប់ពី លោក Rubio បាន​ជួប​សន្ទនាតាមទូរស័ព្ទ​ជា​មួយ​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ទាក់ទង​នឹងវិបត្តិ​ដែលកំពុងកើនឡើង។

លោក Rubio ប្រាប់អ្នកយកព័ត៌មាន​ អំឡុងពេលទស្សន​កិច្ចផ្លូវការទៅ​កាន់ប្រទេសឥណ្ឌាថា៖ « រាល់ពេល​យើង​ឃើញ​ការវាយ​ប្រហារ​ធំៗ​​ពី​ម្ខាងទៅ​ម្ខាងទៀត វាជាការរម្លឹក​ថា​ហេតុអ្វីបានជា​សង្គ្រាម​ដ៏​គួរឱ្យភ័យ​ខ្លាចមួយ​បាន​អូស​បន្លាយយូរជាង​សង្គ្រាមលោកលើកទីពីរ​ទៅ​ទៀត​? សង្រ្គាម​ត្រូវតែបញ្ចប់»។

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ថែមថា៖ « សហរដ្ឋអាមេរិក​ត្រៀមខ្លួនជាស្រេច​ ជួយ​គ្រប់​យ៉ាង​ដែល​យើង​អាចធ្វើបាន​ ដើម្បីជួយ​សម្រួលដល់ការបញ្ចប់​សង្គ្រាម​នេះ​ ហើយ​សង្ឃឹមថានឹង​មាន​លទ្ធផលល្អ​លេចឡើង ​នៅចំណុចណាមួយ»។

ការ​ផ្តល់​ជូន​លើ​ការ​សម្របសម្រួលនេះ​ធ្វើឡើង​ បន្ទាប់ពីការ​ព្រមាន​​ផ្លូវ​ការ ​ពី​លោក Lavrov ដែល​បានជូន​ដំណឹងដល់ លោក Rubio តាមទូរស័ព្ទថា កងកម្លាំង​រុស្ស៊ីនឹង​ចាប់ផ្តើមការវាយ​ប្រហារជា​ប្រព័ន្ធ​លើ​ទីតាំង​យោធា និងមជ្ឈមណ្ឌល​នានាប្រើប្រាស់ដោយកងទ័ពអ៊ុយ​ក្រែន​នៅ​ទីក្រុងកៀវ​។

យោង​តាមសេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយទីភ្នាក់ងារសារ​ព័ត៌មាន​រុស្ស៊ី Tass លោក Lavrov និយាយថា៖ « ប្រតិបត្តិការ​នេះ​គឺ​ស្ថិត​នៅលើការណែនាំដោយ​ផ្ទាល់របស់​ប្រធានាធិបតី​ ពូទីន ដើម្បី​ឆ្លើយ​តបទៅនឹងការវាយប្រហារជា​បន្តបន្ទាប់​របស់អ៊ុយក្រែន​ប្រឆាំង​នឹង​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល​ក្នុងប្រទេសរុស្ស៊ី»។

អំឡុងពេល​នៃការហៅទូរស័ព្ទ លោក Lavrov បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិកធានា​ការជម្លៀសបុគ្គលិក​ការទូតរបស់ខ្លួន និងពលរដ្ឋអាមេរិក​ផ្សេងទៀតចេញពីរដ្ឋធានីអ៊ុយក្រែនជាបន្ទាន់៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម