Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួបលីបង់-អាមេរិក៖ អាមេរិក គាំទ្រការរំលាយអាវុធក្រុមហេសបូឡា និងការដកទ័ពអ៊ីស្រាអែល

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ បានលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន ក្នុងការលុបបំបាត់អាវុធរបស់ក្រុមភេរវករហេសបូឡា ក្នុងអំឡុងពេលជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែកក្កដា។

លោក ចូសេហ្វ អាអូន និងលោក ម៉ាកូ រូប៊ីយ៉ូ (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាទស្សនកិច្ចលើកដំបូងបង្អស់របស់ប្រមុខរដ្ឋលីបង់ មកកាន់រដ្ឋធានីរបស់អាមេរិក ចាប់តាំងពីលោក បារ៉ាក់ អូបាម៉ា បានទទួលស្វាគមន៍លោក មីសែល ស្លីម៉ាន (Michel Sleiman) កាលពីឆ្នាំ ២០០៩ ។ តាមគម្រោង លោកប្រធានាធិបតី អាអូន នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារខាងមុខនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក និងចុះផ្សាយដោយសារព័ត៌មាន timesofisrael, លោក រូប៊ីយ៉ូ បានកោតសរសើរចំពោះភាពក្លាហានរបស់រដ្ឋាភិបាលលីបង់ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី អាអូន សម្រាប់ការខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការទាមទារមកវិញនូវអធិបតេយ្យភាពរបស់លីបង់ ការលុបបំបាត់អាវុធក្រុមហេសបូឡា និងការកម្ទេចហេដ្ឋារចនាសម្ព័ន្ធភេរវកម្មរបស់ក្រុមនេះ ដើម្បីឈានទៅរកសន្តិភាព។

នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីលីបង់បានសង្កត់ធ្ងន់ថា លីបង់ និងអាមេរិកត្រូវតែ «ស្របគំនិតគ្នា» ទាក់ទងនឹងការអនុវត្តក្របខ័ណ្ឌត្រីភាគី តាមរយៈការសម្រេចឲ្យបាននូវការដកទ័ពរបស់អ៊ីស្រាអែលជាលើកដំបូង ចេញពីតំបន់សាកល្បងទីមួយ។ ក្រសួងការបរទេសអាមេរិកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាចិត្តចំពោះក្របខ័ណ្ឌនេះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លីបង់ក្នុងការនាំមកនូវសន្តិភាព ។

គួរបញ្ជាក់ថា ក្រុមហេសបូឡាបានទាញលីបង់ឲ្យធ្លាក់ចូលក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី ២ ខែមីនា នៅពេលដែលក្រុមនេះបានចាប់ផ្តើមវាយប្រហារលើអ៊ីស្រាអែល ដើម្បីគាំទ្រដល់អ៊ីរ៉ង់ដែលជាអ្នកកាងនៅពីក្រោយ ។ អ៊ីស្រាអែលបានឆ្លើយតបវិញដោយការវាយប្រហារតាមអាកាស និងការវាយលុកតាមផ្លូវគោក ហើយបើទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តការវាយប្រហារជាបន្តបន្ទាប់ ខណៈកងទ័ពអ៊ីស្រាអែល (IDF) នៅតែបន្តឈរជើងនៅក្នុងតំបន់ជាច្រើននៅភាគខាងត្បូង ដែលអ៊ីស្រាអែលហៅថាជាតំបន់សន្តិសុខ ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អ៊ីស្រាអែល​ រួមដៃជាមួយ ហ្ស៊កដានី បាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ និង​ គំរាម​វាយ​បក​ទៅ​លើអ៊ីរ៉ង់​​ឲ្យចាស់ដៃ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម