Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ សុំចែកអំណាចជាមួយក្រុម តាលីបង់

បានផុស

នៅ

រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានធ្វើសំណើសុំចែកអំណាចជាមួយក្រុមតាលីបង់ ជាថ្នូរនឹងការបញ្ឈប់អំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងប្រទេស។ នេះបើយោងតាមប្រភពរដ្ឋាភិបាលកំពូលមួយ ប្រាប់ Al Jazeera។

ព័ត៌មាននេះ ក៏ត្រូវបានរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាហ្វហ្គានីស្ថានផងដែរ កាលពីថ្ងៃព្រហស្បតិ៍ ហើយវាបានកើតឡើង ស្របពេលក្រុមប្រដាប់អាវុធដណ្តើមបានទីក្រុង Ghazni ជាទីក្រុងទី១០ ដែលវាយយកបានក្នុងរយៈពេលមួយសប្តាហ៍។

ប្រភពនេះបានប្រាប់ Al Jazeera ថា សំណើនេះ ត្រូវបានបង្ហាញដល់ក្រុមតាលីបង់ដោយប្រយោល តាមរយៈប្រទេសកាតា ដែលជាទីតាំងមានការិយាល័យនយោបាយរបស់ក្រុមតាលីបង់និងជាកន្លែងនៃការបន្តកិច្ចចរចាសន្តិភាពអាហ្វហ្គានីស្ថាន។

ទោះបីជាយ៉ាងណាក៏ដោយ វិមានប្រធានាធិបតីនៅទីក្រុងកាប៊ុល មិនបានបញ្ជាក់ពីរឿងនេះទេ ដោយនិយាយថា គ្មានការផ្លាស់ប្តូរផែនការរបស់ខ្លួនឡើយ ខណៈកិច្ចចរចាសន្តិភាពកំពុងត្រូវបានរៀបចំឡើងនៅរដ្ឋធានីដូហា របស់ប្រទេសកាតា។

លោក Abdullah Abdullah ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ សម្រាប់ការផ្សះផ្សារជាតិ កំពុងជួបជាមួយក្រុមមន្រ្តីមកពីសហរដ្ឋអាមេរិក ចិន រុស្ស៊ីនិងប្រទេសជិតខាងក្នុងតំបន់របស់ អាហ្វហ្គានីស្ថាននៅទីក្រុង ដូហា។

កាលពីថ្ងៃព្រហស្បតិ៍ លោក Abdullah បាននិយាយថា ផែនការសន្តិភាពរបស់រដ្ឋាភិបាល ត្រូវបានចែករំលែកជាមួយរដ្ឋាភិបាលកាតា ប៉ុន្តែលោកមិនបានសំដៅទៅសំណើជាមួយក្រុមតាលីបង់ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ក្ដៅៗ តាលីបង់ ប្រកាសវាយដណ្ដើមបានទីក្រុងសំខាន់ៗបន្ថែមទៀតរបស់ អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម