ព័ត៌មានអន្ដរជាតិ
ដំណើរជីវិតអតីតជនភៀសខ្លួន ខ្មែរ មួយរូបចេញពីភ្លើងសង្គ្រាម រហូតក្លាយជាអភិបាលក្រុង អាមេរិក
អតីតជនភៀសខ្លួនលោក ចៅ សុខារី ដែលរួចផុតពីការគ្រប់គ្រងដ៏ឃោរឃៅរបស់ខ្មែរក្រហមបានក្លាយជាអភិបាលក្រុងធំមួយនៅសហរដ្ឋអាមេរិកដែលមានសញ្ជាតិអាមេរិកដើមកំណើតខ្មែរ ។

លោក ចៅ សុខារី សមាជិកក្រុមប្រឹក្សាក្រុងនៅទីក្រុង Lowell រដ្ឋ Massachusetts ត្រូវបានជ្រើសរើសជាឯកច្ឆ័ន្ទដោយសមាជិកក្រុមប្រឹក្សារបស់គាត់ឲ្យកាន់តំណែងកំពូលរបស់ស្ថាប័ននីតិប្បញ្ញត្តិកាលពីថ្ងៃចន្ទ ហើយគាត់ក៏បានក្លាយជាអភិបាលក្រុងអាស៊ីអាមេរិកាំងដំបូងគេផងដែរ ។
លោក សុខារី ដែលធ្វើការនៅរដ្ឋបាលសន្តិសុខសង្គមរបស់សហរដ្ឋអាមេរិកបាននិយាយ បន្ទាប់ពីស្បថចូលកាន់តំណែងជាផ្លូវការថា “ខ្ញុំជាជនភៀសខ្លួន ពេលនេះខ្ញុំជាអភិបាលក្រុងធំមួយក្នុងរដ្ឋ Massachusetts ។ ខ្ញុំមិនដឹងថាតើវាអាចកើតឡើងនៅកន្លែងណាផ្សេងទៀតទេក្នុងពិភពលោកយើងនេះ ប៉ុន្តែខ្ញុំនៅតែព្យាយាមធ្វើវាបាន” ។

នៅក្នុងសុន្ទរកថាចូលកាន់តំណែងរបស់លោកជាអភិបាលក្រុង Lowell លោក សុខារី បានបញ្ជាក់ពីប្រវត្តិគ្រួសាររបស់លោកដែលបានរត់គេចខ្លួនពីរបបខ្មែរក្រហមនៅចំពោះមុខហ្វូងមនុស្សជាច្រើននាក់ ដែលក្នុងនោះក៏មានភរិយា និងកូនប្រុសជំទង់ ២ នាក់របស់លោកថា “ក្នុងនាមជាពលរដ្ឋអាមេរិកដើមកំណើតខ្មែរ ខ្ញុំគាំទ្រជនអន្តោប្រវេសន៍ជាច្រើននាក់ដែលបានមកទីនេះមុនខ្ញុំដើម្បីសាងសង់ទីក្រុងនេះ” ។
ទន្ទឹមនោះលោក សុខារី ក៏បានរៀបរាប់ពីប្រវត្តិឪពុករបស់លោកដែលធ្លាប់ធ្វើជាទាហាននៅក្នុងជួរកងទ័ពកម្ពុជា ហើយត្រូវបានសម្លាប់ដោយខ្មែរក្រហមក្នុងឆ្នាំ ១៩៧៥ អំឡុងប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិល ។ លោកបន្តទៀតថា ចំណែកម្តាយរបស់លោកក៏បានស្លាប់ផងដែរកាលពីឆ្នាំមុន ។ ម្ដាយរបស់លោកបានចិញ្ចឹមកូន ៧ នាក់ក្នុងរយៈពេល ៤ ឆ្នាំក្នុងការរស់រានមានជីវិតពីគ្រាប់មីន ដើរឆ្លងកាត់ព្រៃ ភាពអត់ឃ្លាន ជំងឺ និងភាពមិនប្រាកដប្រជាមួយដើម្បីនាំកូនៗមកកាន់កន្លែងដែលមានសុវត្ថិភាពក្នុងទឹកដីសហរដ្ឋអាមេរិក ។

ក្រោយមកនៅក្នុងបទសម្ភាសន៍មួយបុរសវ័យ ៤៩ ឆ្នាំរូបនេះបាននិយាយថា លោកមានអាយុប្រហែល ៩ ឆ្នាំ នៅពេលដែលគ្រួសាររបស់លោកបានតាំងទីលំនៅដំបូងនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania ដោយមានជំនួយពីវិហារកាតូលិក ហើយបានជំរុញឲ្យគ្រួសារប្តូរមកកាន់សាសនាគ្រឹស្ត ។
បន្ទាប់ពីនោះ ក្រុមគ្រួសាររបស់លោកបានធ្វើដំណើរទៅកាន់សហគមន៍ខ្មែរដែលកំពុងរីកចម្រើនក្នុងទីក្រុង Lowell នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក សុខារី បានខិតខំបន្តការសិក្សារបស់លោក ហើយទីបំផុតទទួលបានអាហារូបករណ៍នៅសាលាបណ្ដុះបណ្ដាល Phillips Academy Andover ។ លោកបានបន្តទៅមហាវិទ្យាល័យ Macalester ក្នុងទីក្រុង St. Paul រដ្ឋ Minnesota ជាកន្លែងដែលលោកបានសិក្សាផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយ ហើយក៏ទទួលបានអាហារូបករណ៍ផងដែរ ។
មុនទទួលបានតំណែងមួយ លោក សុខារី បាននិយាយថា លោកធ្វើការភាគច្រើននៅក្នុងសេវាកម្មហិរញ្ញវត្ថុ រួមទាំងការបើកក្រុមហ៊ុនផ្តល់ប្រាក់កម្ចីទិញផ្ទះនៅទីក្រុង Lowell ជាមួយប្រពន្ធរបស់លោក មុនពេលទីផ្សារអចលនទ្រព្យបានដួលរលំនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ។

គួរបញ្ជាក់ថា បច្ចុប្បន្នទីក្រុងដែលមានអ្នករស់នៅជាង ១១៥,០០០ នាក់មួយនេះគឺមានប្រជាជនអាស៊ីរស់នៅជិត ២៥ ភាគរយ ហើយជាទីក្រុងធំបំផុតទី ២ របស់អាមេរិក ដែលមានសហគមន៍ពលរដ្ឋខែ្មររស់នៅច្រើនជាងគេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Indian Express
ចុចអាន ៖ មោទនភាព! អតីតជនភៀសខ្លួន ខ្មែរ ម្នាក់ក្លាយជាអភិបាលក្រុងនៅ អាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


