ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាអាមេរិកណែនាំឲ្យចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna
ក្រុមប្រឹក្សាយោបល់ខាងក្រៅនៃរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តលើការចាក់វ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុន Moderna សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ដែលជាជំហានមួយត្រួសត្រាយផ្លូវសម្រាប់ការអនុញ្ញាតនៅទូទាំងប្រទេស ។
គណៈកម្មាធិការបានបោះឆ្នោតគាំទ្រ ២០-០ លើការប្រើប្រាស់វ៉ាក់សាំងនេះដោយនិយាយថា អត្ថប្រយោជន៍របស់វាមានច្រើនជាងហានិភ័យដែលអាចកើតមានចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ។

ការសម្រេចចិត្តនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីក្រុមមួយនេះបានគាំទ្រវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនដៃគូ BioNTech របស់អាល្លឺម៉ង់ដែលនាំឲ្យមានការអនុញ្ញាតិឲ្យប្រើប្រាស់ជាបន្ទាន់ដោយ FDA ។
FDA ត្រូវបានគេរំពឹងថានឹងផ្តល់ការអនុញ្ញាតឲ្យបាននៅថ្ងៃសុក្រនេះដែលផ្តល់នូវក្តីសង្ឃឹមមួយផ្សេងទៀតនៅក្នុងប្រទេសដែលបានបាត់បង់ជីវិតមនុស្សជាង ៣១០,០០០ នាក់ដោយសារជំងឺកូវីដ ១៩ ខណៈមានអ្នកឆ្លងជាង ១៧.១ លាននាក់ ។

លោកវេជ្ជបណ្ឌិត James Hildreth នាយកប្រតិបត្តិនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ Meharry ដែលបានបោះឆ្នោតណែនាំឲ្យចាក់វ៉ាក់សាំងនេះសម្រាប់ការប្រើប្រាស់ជាបន្ទាន់បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតវ៉ាក់សាំងនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកាលពីថ្ងៃព្រហស្បតិ៍ ។
លោក Hildreth បាននិយាយថា “ការចាក់វ៉ាក់សាំងចំនួន ២ ក្រុមហ៊ុនដែលអាចរកបាននៅក្នុងខែធ្នូគឺជាសមិទ្ធិផលគួរឲ្យកត់សម្គាល់មួយ” ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មិនតម្រូវឲ្យស្តុកទុកក្នុងទូរទឹកកកពិសេសសម្រាប់ការដឹកជញ្ជូនដូចវ៉ាក់សាំង Pfizer-BioNTech នោះទេដែលត្រូវរក្សាទុកនៅសីតុណ្ហភាព -៧០ អង្សាសេ និងធ្វើឲ្យកាន់តែលំបាកក្នុងការស្តុកទុកនៅតំបន់ជនបទដែលមានប្រាក់ចំណូលទាប ។
គួរបញ្ជាក់ថា វ៉ាក់សាំងទាំងពីរមានប្រសិទ្ធភាពប្រហែល ៩៥ ភាគរយក្នុងការការពារជំងឺកូវីដ ១៩ ក្នុងការសាកល្បងព្យាបាលដោយគ្មានបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


