ព័ត៌មានអន្ដរជាតិ
ពិភពលោកកាន់ទុក្ខចំពោះ ការសោយទិវង្គតរបស់មហាក្សត្រិយានី Elizabeth ទី២ (មានវីដេអូ)
ពិភពលោកទាំងមូល បានចូលរួមរំលែកទុក្ខ បន្ទាប់ពីមហាក្សត្រិយានី Elizabeth ទី២ យាងសោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍ទី ០៨ខែកញ្ញា ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា។

ព្រះនាង គឺជាមហាក្សត្រដែលកាន់អំណាចយូរជាងគេរបស់ប្រទេសអង់គ្លេស ហើយបានជួបជាមួយថ្នាក់ដឹកនាំពិភពលោកជាច្រើនរូប ក្នុងកំឡុងពេលនៃការគ្រងរាជ្យរយៈពេលជាច្រើនទសវត្សរ៍។
បន្ទាប់ពីការសោយទិវង្គត, ព្រះរាជបុត្រច្បងរបស់ទ្រង់ បានគ្រងរាជ្យបន្តដោយ ក្លាយទៅជាស្តេច Charles ទី៣។

ប្រធានាធិបតីអាមេរិក លោក Joe Biden និងភរិយា Jill Biden បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយ ហៅព្រះនាង Elizabeth ជា “រដ្ឋស្រ្តីនៃសេចក្តីថ្លៃថ្នូរ និងនិរន្តរភាពមិនអាចប្រៀបផ្ទឹមបាន ដែលធ្វើឲ្យកាន់តែស៊ីជម្រៅនូវសម្ព័ន្ធភាពជាមូលដ្ឋានរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក”។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា លោកមានការសោកស្ដាយជាខ្លាំង ហើយសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារព្រះនាង រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង និងប្រជាជាតិ Commonwealth។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុង Twitter ថា លោកមានទុក្ខព្រួយយ៉ាងខ្លាំង ចំពោះដំណឹងនៃការសោយទិវង្គតរបស់មហាក្សត្រិយានី Elizabeth ទី២។

សូម្បីតែប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានផ្ញើ Telegram ទៅកាន់ព្រះអង្គម្ចាស់ Charles ផងដែរ ដោយលើកទឹកចិត្តទ្រង់ឲ្យក្លាហាន និងតស៊ូ ចំពេលនៃការបាត់បង់ដ៏ធំធេងនេះ។

មេដឹកនាំអាល្លឺម៉ង់ ក៏បានចូលរួមរំលែកទុក្ខផងដែរ ដោយគូសបញ្ជាក់ពីតួនាទីរបស់ព្រះមហាក្សត្រិយានី ក្នុងការជួសជុលទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងអាល្លឺម៉ង់ក្រោយសង្គ្រាមលោកលើកទីពីរ។
អធិការបតី Olaf Scholz បាននិយាយថា ព្រះមហាក្សត្រិយានី គឺជាគំរូ និងជាការបំផុសគំនិតដល់មនុស្សរាប់លាននាក់ ទាំងនៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។ ការប្តេជ្ញាចិត្តរបស់ព្រះនាងចំពោះការផ្សះផ្សាអាល្លឺម៉ង់-អង់គ្លេស បន្ទាប់ពីភាពភ័យរន្ធត់នៃសង្គ្រាមលោកលើកទី ២ នឹងមិនត្រូវបានគេបំភ្លេចចោលឡើយ។

បណ្តាមហាក្សត្រនៅអឺរ៉ុប ក៏បានចូលរួមរំលែកទុក្ខផងដែរ ដោយមានព្រះរាជសារពីស្តេចហូឡង់ ស៊ុយអែត ន័រវែស និងអេស្ប៉ាញ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានហៅព្រះមហាក្សត្រិយានីថាជា “មិត្តរបស់ប្រទេសបារាំង ដែលតំណាងឲ្យនិរន្តភាពរបស់ប្រទេសអង់គ្លេសអស់រយៈពេលជាង ៧០ ឆ្នាំ”។

នៅពេលព្រះនាងសោយទិវង្គត ព្រះមហាក្សត្រិយានីគឺជាប្រមុខរដ្ឋ មិនត្រឹមតែចក្រភពអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអតីតអាណានិគមអង់គ្លេសចំនួន ១៤ ផ្សេងទៀត រួមមានកាណាដា អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បាននិយាយថា “ព្រះនាងគឺជាមហាក្សត្រីរបស់យើងសម្រាប់ស្ទើរតែពាក់កណ្តាលនៃអត្ថិភាពរបស់ប្រទេសកាណាដា ហើយព្រះនាងមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងជាក់ស្តែងចំពោះជនជាតិកាណាដា”។

នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern បានហៅព្រះនាង Elizabeth ទី២ថា “ក្សត្រដ៏អស្ចារ្យ”។ ប្រទេសនេះនឹងធ្វើការកាន់ទុក្ខថ្នាក់ជាតិ៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AFP/Reuters/AP
ចុចអាន៖ បាតុភូតចម្លែកៗកើតឡើងនៅអង់គ្លេស ក្រោយម្ចាស់ក្សត្រិយានី Elizabeth ទី២ សោយទិវង្គត បានត្រឹម១ម៉ោង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


