Connect with us

ព័ត៌មានអន្ដរជាតិ

ស្ដាប់ចម្លើយសារភាពរបស់តម្រួតថៃម្នាក់ ក្រោយលួចអាវុធ ១៣៤ ដើម យកទៅលក់ ដោះបំណុលល្បែង​

បានផុស

នៅ

ប្រទេស​ថៃ ៖ មក​ស្តាប់​ចម្លើយ​សារភាព​របស់​តម្រួត​ថៃ​មួយ​រូប ដែល​មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​បុគ្គល​រូប​នេះ លួច​យក​កាំភ្លើង​វែង ខ្លី ចេញពី​ឃ្លាំង​អស់​ជាង ១០០ ដើម ទៅ​លក់​ដើម្បី​ដោះ​បំណុល​ដោយសារ​ចាញ់​ល្បែង​ភ្នាល់​បាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី ២១ ខែ​តុលា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ​មួយ​កន្លែង ក្នុង​ខេត្ត​ណង​ខាយ ជាប់​ព្រំដែន​ឡាវ តាម​អំណាច នៃ​សាលដីកា​របស់​តុលាការ ដែល​ជនសង្ស័យ​រូបនេះ​បាន​គេច​ខ្លួន​មក​ស្នាក់នៅ​រយៈពេល ៤ ថ្ងៃ​ហើយ។ ក្នុង​នោះ ដោយ​ជនសង្ស័យ​រូប​នេះ​កំពុង​ធ្វើ​ឯកសារ​ក្នុង​ការ​ឆ្លង​ដែន​ទៅកាន់​ប្រទេស​វៀតណាម ព្រោះ​ភរិយា​នៅ​ទីនោះ។

លោក​ឧត្ដមសេនីយ៍ សុន​សេដ្ឋ ហាក់​ផាន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​របស់​ថៃ​បញ្ជាក់​ថា ជនសង្ស័យ​មានឈ្មោះ ឆៅ​វ៉ា​លីត ភុំ​ចន អាយុ ៤២ ឆ្នាំ មាន​នាទី​ជា​នាយការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ រយៈពេល ១៨ ឆ្នាំ កន្លង​មក​ហើយ នៅ​ក្នុង​អង្គភាព​តម្រួត ប៉ាកក្រេត ដោយ​គេ​បាន​លួច​យក​អាវុធ​ចេញពី​ឃ្លាំង​អស់​ចំនួន ១៣៤ ដើម ដែល​ក្នុង​នោះ ភាគច្រើន​ជា​អាវុធ​ខ្លី ដោយឡែក​មួយ​ចំនួន​តូច​ជា​ប្រភេទ​អាវុធ​វែង និង​គ្រាប់បែកដៃ។

លោក​បន្ត​ថា ក្រោយពី​បាន​ស្រាវជ្រាវ ទើប​ដឹង​ថា ជនសង្ស័យ​ត្រៀម​ឯកសារ​បម្រុង​គេចខ្លួន​ចេញទៅ​ក្រៅ​ប្រទេស ទើប​លោក​ចាត់​កម្លាំង​តាម​ចាប់​នៅ​ក្បែរ​ព្រំដែន ដើម្បី​នាំ​ខ្លួន​យក​មក​សាកសួរ ព្រោះ​ទាំង​អ្នកលក់​អាវុធ និង​អ្នកទិញ​អាវុធ ដែល​គ្មាន​ច្បាប់​អនុញ្ញាត សុទ្ធតែ​មានទោស​ស្មើគ្នា។ ប៉ុន្តែ​នៅ​យប់​នោះ​ដែរ ក៏​មាន​បុគ្គល​មួយ​ចំនួន បាន​យក​កាំភ្លើង​មក​ផ្លុង​ចោល​កន្លែង​ស្ថានីយ​តម្រួត​វិញ សរុប​បាន​ចំនួន ២៧ ដើម​ហើយ។

លោក​ឧត្ដមសេនីយ៍​បាន​សង្កត់​ធ្ងន់​ថា ការ​លួច​អាវុធ​យក​ទៅ​លក់​ដើម្បី​ដោះ​បំណុល​ល្បែង​នេះ ក្នុង ១ ដើម អាច​បាន​ត្រឹម ៣ ម៉ឺន​បាត​ប៉ុណ្ណោះ ហើយ​លោក​នឹង​សន្យា​ថា ប្រមូល​អាវុធ​ទាំងអស់​នោះ​យក​មក​វិញ​ឲ្យ​បាន ក្រោយពី​សាកសួរ​ចម្លើយ​ជនសង្ស័យ​ចប់។

នៅ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​ថៃ បាន​ដឹក​ជនសង្ស័យ​តាមរយៈ​ឧទ្ធម្ភាគចក្រ​ទៅកាន់​អង្គភាព​តម្រួត​នាទី​ក្រុង​បាងកក ដើម្បី​សាកសួរ។ នៅ​ពេល​នោះ​ដែរ គេ​សារភាព​ថា ការ​លួច​យក​អាវុធ​ចេញពី​ឃ្លាំង គឺ​គេ​ចាប់ផ្ដើម​តាំងពី​ដើម​ខែ​មេសា មក​ម្ល៉េះ។ លួច​ម្តង​បន្តិចៗ ដើម្បី​យក​ទៅ​លក់ ដោយសារ​តែ​ខ្លួន​គេ​បាន​ចាញ់​ល្បែង​ភ្នាល់​បាល់​ច្រើនពេក ហើយ​ក៏​យក​លុយ​ទាំងនេះ​ទៅ​ដោះ​បំណុល​គេ។ ចំពោះ​គោលដៅ​ដែល​ជនសង្ស័យ​បាន​យក​អាវុធ​ទៅ​លក់​នេះ គឺ​មាន ៩ គោលដៅ ដោយ​ក្នុង​មួយ​គោលដៅ ទៅតាម​ទំហំ​ដែល​គេ​បាន​កុម្ម៉ង់។

លោក​ឧត្ដមសេនីយ៍​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​លើក​ពី​ភាព​អវិជ្ជមាន​ថា លោក​នឹង​ដាក់​កម្លាំង​ស្រាវជ្រាវ​រក​ប្រភព​ទាំង ៩ គោលដៅ​នោះ​ឲ្យ​ឃើញ ដើម្បី​នាំ​ខ្លួន​អ្នកទិញ​អាវុធ​យក​មក​ផ្ដន្ទាទោស ព្រមទាំង​យក​អាវុធ​ទាំង​ជាង ១០០ ដើម​នោះ​មកវិញ​ឲ្យ​បាន ព្រោះ​គេ​មិន​ដឹង​ថា តើ​ក្រុម​ដែល​ទិញ​អាវុធ​យក​ទៅ​នេះ​មាន​គោលបំណង​អ្វី? ល្អ ឬ​អាក្រក់? ជួនកាល​ក៏​អាច​ក្លាយ​ជា​អ្នក​ស៊ីឈ្នួល​សម្លាប់​មនុស្ស​ក៏​អាច​ថា​បាន ព្រោះ​ពេលនេះ​កៀក​ពេល​ត្រូវ​បោះឆ្នោត​ក្នុង​ប្រទេស​ថៃ​ផង៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម