ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបណ្តេញអ្នកការទូតមកពីប្រទេសសហភាពអឺរ៉ុបចំនួន ៣ ជុំវិញការចូលរួមធ្វើបាតុកម្មគាំទ្រលោក Navalny
រុស្ស៊ីបានបណ្តេញអ្នកការទូតមកពីប្រទេសចំនួន ៣ នៃសហភាពអឺរ៉ុប (EU) ចេញពីប្រទេសខ្លួនពាក់ព័ន្ធបទចោទប្រកាន់ចូលរួមធ្វើបាតុកម្មដោយគ្មានការអនុញ្ញាតក្នុងការគាំទ្រដល់មេដឹកនាំបក្សប្រឆាំងរុស្ស៊ីគឺលោក Alexei Navalny ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា អ្នកការទូត ៣ រូបមកពីប្រទេសប៉ូឡូញ អាល្លឺម៉ង់ និងស៊ុយអែត បានចូលរួមនៅក្នុងការប្រមូលផ្តុំដោយគ្មានការអនុញ្ញាតនៅទីក្រុងម៉ូស្គូ និងទីក្រុង St. Petersburg កាលពីថ្ងៃទី ២៣ ខែមករា ។
សេចក្តីថ្លែងការណ៍បាននិយាយថា ពួកគេត្រូវបានបញ្ជាឲ្យចាកចេញពីប្រទេសរុស្ស៊ីភ្លាមៗ ។

ក្រសួងបាននិយាយថា ខ្លួនក៏បានដាក់ការតវ៉ាជាផ្លូវការជាមួយស្ថានទូតអាល្លឺម៉ង់ ប៉ូឡូញ និងស៊ុយអែតកាលពីថ្ងៃសុក្រ ហើយបានបន្ថែមថា ទីក្រុងម៉ូស្គូរំពឹងថាអ្នកការទូតមកពីប្រទេសសហភាពអឺរ៉ុបទាំង ៣ នឹងអនុវត្តតាមបទដ្ឋានអន្តរជាតិនៃច្បាប់អន្តរជាតិនាពេលអនាគត ។
រឿងរ៉ាវនេះបានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅទីក្រុងម៉ូស្គូដើម្បីពិភាក្សាពីទំនាក់ទំនងរវាងប្លុកមួយនេះ និងរុស្ស៊ី ។
លោក Borrell បានចាត់ទុកការវិវឌ្ឍជុំវិញករណីលោក Navalny ថាជាចំណុចទាបមួយនៅក្នុងទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងរុស្ស៊ីដែលលោកបាននិយាយថាពិតជាស្ថិតក្នុងពេលដ៏លំបាកមួយ ។

អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបលោក Peter Stano ក៏បាននិយាយដែរថា លោក Borrell បានដឹងអំពីការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូក្នុងការបណ្តេញអ្នកការទូតមកពីប្រទេសទាំងបីចេញពីប្រទេសរុស្ស៊ីនៅក្នុងកិច្ចប្រជុំរបស់លោកជាមួយលោក Lavrov និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ ហើយបានច្រានចោលការចោទប្រកាន់ដែលថាពួកគេបានធ្វើសកម្មភាពដែលមិនស្របនឹងឋានៈរបស់ពួកគេជាអ្នកការទូតបរទេស ។
ជាពិសេសសហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង់បានជ្រៀតជ្រែកយ៉ាងបើកចំហនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសរុស្ស៊ីចាប់តាំងពីមានការចោទប្រកាន់ដំបូងថា លោក Navalny ត្រូវបានបំពុលដោយភ្នាក់ងារសរសៃប្រសាទ ។
កាលពីពេលកន្លងមកអ្នកការទូតប្រមាណ ២០ នាក់បានចូលរួមក្នុងសវនាការរបស់តុលាការសម្រាប់លោក Navalny ដែលគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទរំលោភលក្ខខណ្ឌនៃការព្យួរទោស បន្ទាប់ពីត្រូវបានចាប់ខ្លួនក្រោយវិលត្រឡប់មកប្រទេសរុស្ស៊ីវិញនៅថ្ងៃទី ១៧ ខែមករា ខណៈអ្នកការទូតដែលចូលរួមក្នុងតុលាការរួមមានអ្នកមកពីសហរដ្ឋអាមេរិក ប៊ុលហ្គារី ប៉ូឡូញ ឡាតវី អូទ្រីស និងស្វីស ។

ទន្ទឹមនឹងនេះស៊ុយអែតក៏បានប្រតិកម្មចំពោះការបណ្តេញអ្នកការទូតរបស់ខ្លួនដោយនិយាយថា យុត្តិកម្មរបស់រុស្ស៊ីសម្រាប់ការបណ្តេញចេញគឺគ្មានមូលដ្ឋានទេ ។ ក្រសួងការបរទេសស៊ុយអ៊ែតបាននិយាយថា ខ្លួនបានរក្សាសិទ្ធិក្នុងការឆ្លើយតបសមស្របមួយ ។
ចំណែកអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក៏បានពណ៌នាអំពីការបណ្តេញចេញនេះផងដែរថាមិនសមហេតុផល ។ លោកស្រីបានអះអាងថា “យើងជឿជាក់ថា វាគឺជាទិដ្ឋភាពមួយផ្សេងទៀតដែលអាចត្រូវបានគេសង្កេតឃើញនាពេលបច្ចុប្បន្ននេះនៃប្រទេសរុស្ស៊ីដែលស្ថិតនៅឆ្ងាយពីនីតិរដ្ឋ” ។ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas បាននិយាយថា សកម្មភាពនេះនឹងមិនទាន់ត្រូវបានឆ្លើយតបនៅឡើយទេ ។
ដោយឡែកប្រទេសប៉ូឡូញបានព្រមានថា ចំណាត់ការរបស់រុស្ស៊ីអាចនាំឲ្យមានវិបត្តិកាន់តែស៊ីជម្រៅថែមទៀតនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ។ ក្រសួងការបរទេសប៉ូឡូញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ខ្លួនក៏បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុង Warsaw ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ PressTV

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ