Connect with us

ព័ត៌មានជាតិ

ក្នុងឆ្នាំ២០២៥ តម្រូវការមន្ត្រីការទូតជាន់ខ្ពស់មាន៥០រូប ប៉ុន្តែមានតែបេក្ខជន៤៦រូបប៉ុណ្ណោះដែលប្រឡងជាប់ស្ថាពរ

បានផុស

នៅ

ឆ្លងកាត់ការប្រឡងចំនួន២លើក និងការធ្វើកំណែលើសន្លឹកកិច្ចការ និងការបូកពិន្ទុយ៉ាងល្អិតល្អន់ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការដឹកនាំដោយក្រសួងមុខងារសាធារណៈ ជ្រើសរើសបានបេក្ខជនមន្ត្រីការទូតជាន់ខ្ពស់ជាប់ជាស្ថាពរចំនួន៤៦រូប និងបេក្ខជនបម្រុង២២រូប។ បើតាមរដ្ឋលេខាធិការក្រសួងការបរទេស លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ នេះ ក្រសួងការបរទេស ទទួលបានគោលការណ៍អនុញ្ញាតពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ចំនួន៥០រូប, នៅឆ្នាំ២០២៦ ចំនួន៥០រូបបន្ថែម និងនៅឆ្នាំ២០២៧ ចំនួន៥០រូបបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបិទបញ្ចប់ជាស្ថាពរដំណើរការជ្រើសរើសបេក្ខជនអ្នកការទូតជាន់ខ្ពស់ នៅល្ងាចថ្ងៃទី១០​​ ខែសីហា លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី  ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ដូច្នេះ៖« ជាលទ្ធផល ក្រសួងការបរទេសយើង ជ្រើសរើសបានមន្ត្រីការទូតជាន់ខ្ពស់ចំនួន៤៦នាក់។ តាមអ្វីដែលយើងគ្រោងទុក យើងរើសមន្ត្រីការទូតជាន់ខ្ពស់៥០នាក់នៅក្នុងឆ្នាំ២០២៥នេះ ប៉ុន្តែយើងរើសបានតែ៤៦នាក់ទេ។»។

ស្របពេលតម្រូវការមានដល់៥០រូប ប៉ុន្តែគណៈកម្មការប្រឡងជ្រើសរើសបេក្ខជនបានត្រឹមតែ៤៦រូប ខ្វះ៤រូបទៀត  រដ្ឋលេខាធិការក្រសួងការបរទេស ពន្យល់ថា ដោយសារតែនៅត្រង់តម្រូវការមន្ត្រីការទូតជាន់ខ្ពស់ផ្នែកភាសាវៀតណាមចំនួន២រូប គ្មានបេក្ខជនដាក់ពាក្យចូលរួមប្រឡង និងតម្រូវការមន្ត្រីការទូតជាន់ខ្ពស់បម្រើការនៅនាយកដ្ឋានកិច្ចការអឺរ៉ុប និងនាយកដ្ឋានវិភាគ និងព្យាករណ៍សេដ្ឋកិច្ចសកល២រូប បេក្ខជនទទួលបានមធ្យមភាគតិច មិនគ្រប់ទៅនឹងមធ្យមភាគដែលកំណត់។

បើតាមលោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី គណៈកម្មការ នឹងពិភាក្សាជាមួយបេក្ខជនជាប់បម្រុង ដែលមានមធ្យមភាគខ្ពស់បំផុតចំនួន២រូប ដើម្បីយកទៅបំពេញបន្ថែមនៅក្នុងតម្រូវការមន្ត្រីការទូតជាន់ខ្ពស់បម្រើការនៅក្នុងនាយកដ្ឋានកិច្ចការអឺរ៉ុប និងនាយកដ្ឋានវិភាគ និងព្យាករណ៍សេដ្ឋកិច្ចសកលឱ្យគ្រប់  ហើយក្រសួង នឹងយកចំនួនដែលនៅសល់២កន្លែងទៅជ្រើសរើសនៅក្នុងការប្រឡងនាឆ្នាំ២០២៦ (ក្នុងករណីនេះ នៅឆ្នាំ២០២៦ ក្រសួងការបរទេសអាចនឹងជ្រើសរើសបេក្ខជនមន្ត្រីការទូតចំនួន៥២រូប)។

អ្នកការទូតជានារីរូបនេះ ឱ្យដឹងដែរថា បេក្ខជនមន្ត្រីការទូតជាន់ខ្ពស់ដែលជាប់ជាស្ថាពរ នឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែមពីសំណាក់សាលាភូមិន្ទរដ្ឋបាល ដែលស្ថិតនៅក្រោមក្រសួងមុខងារសាធារណៈមួយជំហាន ហើយជំហានបន្ទាប់ក្រសួងការបរទេស នឹងបញ្ជូនបេក្ខជនមន្ត្រីការទូតជាន់ខ្ពស់ទៅសិក្សាបន្ថែមនៅក្នុងវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិស្ថិតក្រោមការគ្រប់គ្រង់របស់ក្រសួងចន្លោះពី៣ខែទៅ៦ខែ ទើបអនុញ្ញាតឱ្យចូលបំពេញការងារ។

លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី ធ្លាប់បានប្រាប់ក្រុមអ្នកសារព័ត៌មានថា បេក្ខជនមន្ត្រីការទូតជាន់ខ្ពស់ ដែលជ្រើសរើសបាននាឆ្នាំ២០២៥ នេះ  បន្ទាប់ពីបានឱកាសបម្រើការនៅក្រសួង ក៏នឹងមានឱកាសបន្ថែមទៅបំពេញការងារនៅតាមស្ថានទូតរបស់កម្ពុជាប្រចាំនៅក្រៅប្រទេសផងដែរ ប៉ុន្តែត្រូវឆ្លងកាត់ការបំពេញការងារនៅក្រោមដំបូលរបស់ក្រសួងការបរទេសចាប់ពី៣ទៅ៥ឆ្នាំជាមុនសិន ទើបក្រសួងវាយតម្លៃពីសមត្ថភាពជាក់ស្ដែង រួចនឹងបញ្ជូនទៅស្ថានទូតណាមួយនៅក្រៅប្រទេសដែលសមនឹងតម្រូវការសមត្ថភាព។ នេះបើតាមការពន្យល់របស់លោកស្រី  រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

គួរឱ្យដឹងដែរថា នៅក្នុងថ្ងៃទី១១ ខែសីហា ដដែល គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការដឹកនាំដោយក្រសួងមុខងារសាធារណៈ ក៏ជ្រើសរើសបានបេក្ខជនមន្ត្រីច្បាប់ចំនួន៧រូប ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម