ព័ត៌មានអន្ដរជាតិ
ពិតឬ ពូទីន បង្ហោះដ្រូនលើដែនអាកាសប៉ូឡូញ មានបំណងចង់សាកចិត្តលោកខាងលិច?
ក្ដីព្រួយបារម្ភដែលរុស្ស៊ីកំពុងសាកល្បងចិត្តលោកខាងលិចបានកើនឡើង បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករុស្ស៊ីជាច្រើនគ្រឿងបានរំលោភលើដែនអាកាសប៉ូឡូញកាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥ ហើយត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងប៉ូឡូញ និងអង្គការណាតូ។ បន្ទាប់ពីឧបទ្ទវហេតុនេះ ប្រទេសប៉ូឡូញបានលើកឡើងពីមាត្រា៤នៃសន្ធិសញ្ញាណាតូ ដោយអំពាវនាវឲ្យមានការពិគ្រោះយោបល់ជាបន្ទាន់ក្នុងចំណោមសមាជិកសម្ព័ន្ធភាព។

បើតាមអ្នកជំនាញ និងមន្ត្រីលោកខាងលិចមួយចំនួន ទង្វើរបស់មេដឹកនាំរុស្ស៊ី វ៉្លាឌីមៀរ ពូទីន លើកនេះអាចជាការប៉ុនប៉ងដោយចេតនារបស់ក្រុងមូស្គូ ដើម្បីសាកល្បងការការពារដែនអាកាស និងដំណោះស្រាយរបស់ណាតូ។ ទំហំនៃការលុកលុយ និងផ្លូវហោះហើររបស់យន្តហោះគ្មានមនុស្សបើករុស្ស៊ី បង្ហាញថា ព្រឹត្តិការណ៍នេះទំនងជាមិនមែនជារឿងចៃដន្យនោះទេ បើទោះបីជារុស្ស៊ីបានបដិសេធក៏ដោយ។ ការវិភាគមួយចំនួនបានបង្ហាញថា ចំនួន និងការជ្រៀតចូលយ៉ាងជ្រៅនៃយន្តហោះគ្មានមនុស្សបើកគឺសំដៅវាស់ស្ទង់ និងទាញយកចំណុចខ្សោយណាមួយនៅក្នុងការឆ្លើយតបរបស់ណាតូ។

អ្នកវិភាគបានលើកឡើងថា រុស្ស៊ីអាចនឹងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលមានតម្លៃទាប ដើម្បីបង្ខំណាតូឲ្យចំណាយធនធានការពារដែនអាកាសមានតម្លៃថ្លៃ។ ពួកគេក៏ចង្អុលបង្ហាញថា រុស្ស៊ីអាចនឹងកំពុងសាកល្បងភាពស្អិតរមួតខាងនយោបាយ និងឆន្ទៈរបស់បស្ចិមប្រទេសក្នុងការបង្កើនជាការឆ្លើយតបទៅនឹងការរំលោភបំពានដែនអធិបតេយ្យភាព។
អ្នកជំនាញខ្លះពណ៌នាឧបទ្ទវហេតុនេះថាជាយុទ្ធសាស្ត្រ «យកនុយតូចស្ទួចត្រីធំ» ដែលរុស្ស៊ីធ្វើចលនាបង្កហេតុតូចតាច ដើម្បីសង្កេត និងតាមដាន ហើយអាចផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយបន្តិចម្តងៗ។
ព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីការកើនឡើងនៃការឈ្លានពានរបស់រុស្ស៊ី ក្នុងការពង្រីកហួសពីព្រំដែនអ៊ុយក្រែន ជាពិសេសបន្ទាប់ពីការបរាជ័យនៃកិច្ចចរចាសន្តិភាពដែលពាក់ព័ន្ធនឹងរុស្ស៊ី និងសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។
ក្រោយមានការរំលោភលើដែនអាកាសរបស់ខ្លួន ប្រទេសប៉ូឡូញបានហៅហេតុការណ៍នេះថាជា «ទង្វើនៃការឈ្លានពាន» និង «ការបង្កហេតុទ្រង់ទ្រាយធំ» ដោយលើកឡើងថា វា«មានគ្រោះថ្នាក់ជាងពេលមុនដែលមិនអាចប្រៀបផ្ទឹមបានឡើយ»។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ការណ៍នេះបាននាំឲ្យប្រទេសរបស់លោកកៀកជិតផ្ទុះសង្គ្រាមជាងពេលណាណាទាំងអស់ បើគិតចាប់តាំងពីសង្គ្រាមលោកលើកទី២។
យ៉ាងណាមិញ រុស្ស៊ីបានបដិសេធថា ខ្លួនបានកំណត់គោលដៅលើប៉ូឡូញដោយចេតនា ដោយក្រសួងការពារជាតិរបស់រុស្ស៊ី បានប្រកាសថា យន្តហោះគ្មានមនុស្សបើកមិនបានចូលដល់ទឹកដីប៉ូឡូញទេ។ អ្នកការទូតរុស្ស៊ីម្នាក់បានហៅការចោទប្រកាន់នេះថា «គ្មានមូលដ្ឋាន»។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានហៅការលុកលុយនេះថា«ជាគំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់អឺរ៉ុប» និងការប៉ុនប៉ងរបស់រុស្ស៊ីដោយចេតនា ដើម្បីសាកល្បងការឆ្លើយតបរបស់បស្ចិមប្រទេស។ ទាំងសម្ព័ន្ធមិត្តណាតូ និងសហភាពអឺរ៉ុបបានថ្កោលទោសរុស្ស៊ី ដោយមេដឹកនាំជាច្រើនបានចាត់ទុកការបំពាននេះថាជាការបង្កហេតុ។
ការអំពាវនាវរបស់ប្រទេសប៉ូឡូញលើមាត្រា៤របស់អង្គការណាតូ ដែលតម្រូវឲ្យមានការពិគ្រោះយោបល់នៅពេលដែលសន្តិសុខរបស់សមាជិកត្រូវបានគំរាមកំហែង បង្ហាញពីភាពធ្ងន់ធ្ងរដែលប៉ូឡូញយកចិត្តទុកដាក់ចំពោះឧបទ្ទវហេតុនេះ។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តបានប្រយ័ត្នប្រយែងមិនទាន់អនុវត្តតាមមាត្រា៥ ដែលនឹងឲ្យសម្ព័ន្ធភាពការពារសមូហភាពប្រឆាំងនឹងការវាយប្រហារដោយផ្ទាល់នោះទេ។ ស្ថានភាពនេះបានបង្ហាញពីការសាកល្បងការរួបរួម និងការដោះស្រាយរបស់ណាតូ ជាពិសេសនៅពេលដែលវាកើតឡើងប៉ុន្មានថ្ងៃមុនពេលដែលរុស្ស៊ី និងបេឡារុស គ្រោងនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


