Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹង ប្រាក់ខែរបស់មន្ត្រីរាជការនៅ ថៃ

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន កំពុងស្វែងរកយុទ្ធវិធីដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ ដូចដែលបានសន្យាក្នុងពេលថ្លែងគោលនយោបាយរបស់រដ្ឋាភិបាលទៅកាន់សភា ខណៈបច្ចុប្បន្នប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការថៃ ជាមធ្យមទទួលបានជាង ៣៤,៦០០ បាត (ជាង ៩៧០ ដុល្លារ) ក្នុងមួយខែ ។

យោងតាមក្រសួងការងារថៃបានឲ្យដឹងថា ប្រាក់ខែទាបបំផុតដែលមន្ត្រីរាជការទទួលបានបច្ចុប្បន្នគឺ ១៦,៤០០ បាត (៤៦០ ដុល្លារ) ក្នុងមួយខែ ខណៈប្រាក់ខែច្រើនបំផុតគឺមានរហូតដល់ ៥៤,៨០០ បាត (ជាង ១,៥០០ ដុល្លារ) ក្នុងមួយខែ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានណែនាំដល់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស Parnpree Bahiddha-Nukara សហការជាមួយក្រសួងហិរញ្ញវត្ថុ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ (NESDC) រួមជាមួយការិយាល័យថវិកាជាតិ ដើម្បីពិភាក្សា និងចាត់វិធានការលើការកែសម្រួលប្រាក់ខែដល់មន្ត្រីរាជការ ។

ក្នុងសេចក្ដីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលនោះទៀតសោត លោក សេដ្ឋា ក៏បង្ហាញគោលបំណងបង្កើតប្រាក់ចំណូល និងផ្ដល់ប្រាក់ខែសមរម្យ ក៏ដូចជាគ្រប់គ្រាន់សម្រាប់កម្មករ កម្មការិនី ស្របតាមស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នផងដែរ ។

គួរបញ្ជាក់ថា ក្រៅពីវិធានការដំឡើងប្រាក់ខែនេះដែរ រដ្ឋាភិបាលថៃថ្មីដែលដឹកនាំដោយ លោក សេដ្ឋា ក៏បានអនុម័តវិធានការមួយចំនួនទៀតក្នុងគោលបំណងជំរុញសេដ្ឋកិច្ចប្រទេស រួមទាំងការបញ្ចុះថ្លៃអគ្គិសនី និងប្រេងម៉ាស៊ូត ប្រព័ន្ធលើកលែងទិដ្ឋាការ និងការពន្យាពេលបំណុលកសិកម្មផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ World Salary

ចុចអាន ៖ សិង្ហបុរី នឹងប្ដូរនាយករដ្ឋមន្ត្រីជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម