ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី ចេញសេចក្ដីថ្លែងការណ៍រួម ២ ចំណុច
កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី រយៈពេល ៣ ថ្ងៃនាទីក្រុងម៉ែលប៊នបានបិទបញ្ចប់ជាផ្លូវការហើយនៅថ្ងៃពុធនេះ ខណៈកិច្ចប្រជុំនោះក៏បានចេញសេចក្ដីថ្លែងការណ៍រួម ២ ចំណុចដូចជា “អំពាវនាវឲ្យមានសន្តិភាពនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង និងបទឈប់បាញ់យូរអង្វែងនៅតំបន់ហ្គាហ្សាស្ទ្រីប” ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែមីនា ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះបញ្ជាក់ថា “អូស្ត្រាលី និងអាស៊ានបានអំពាវនាវឲ្យមានសណ្តាប់ធ្នាប់ផ្អែកលើច្បាប់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងដែនសមុទ្រចិនខាងត្បូង ។ យើងទទួលស្គាល់អត្ថប្រយោជន៍នៃវត្តមានសមុទ្រចិនខាងត្បូងជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព ។ យើងលើកទឹកចិត្តឲ្យប្រទេសទាំងអស់បញ្ចៀសសកម្មភាពឯកតោភាគីណាមួយដែលបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់” ។
ចំណែកពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍រួមនៃបទឈប់បាញ់យូរអង្វែងនៅតំបន់ហ្គាហ្សា មេដឹកនាំនៃប្រទេសអូស្ត្រាលី និងអាស៊ាន បានរំលឹកឡើងវិញនូវក្ដីភ័យព្រួយអំពីស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធ ក៏ដូចជាអំពាវនាវឲ្យមានការដោះលែងចំណាប់ខ្មាំងដែលចាប់ឃុំខ្លួននៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផងដែរ ។

សេចក្តីប្រកាសចេញពីទីក្រុងមែលប៊នលើកឡើងថា “យើងថ្កោលទោសការវាយប្រហារប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទាំងអស់ ដែលនាំឲ្យវិបត្តិមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត រួមទាំងការរឹតត្បិតសិទ្ធិទទួលបានស្បៀងអាហារ ទឹក ថ្នាំសង្កូវ និងតម្រូវការចាំបាច់ផ្សេងទៀតជាដើម ។ យើងអំពាវនាវឲ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់នោះយ៉ាងឆាប់រហ័ស សុវត្ថិភាព គ្មានការរារាំង និងនិរន្តរភាពចំពោះអ្នកដែលត្រូវការជំនួយ រួមទាំងតាមរយៈការបង្កើនសមត្ថភាពនៅច្រកព្រំដែនដីគោក និងតាមសមុទ្រផងដែរ” ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដែលរៀបចំឡើងនៅក្នុងទីក្រុងម៉ែលប៊នបានចាប់ផ្ដើមប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែមីនា និងបានបិទបញ្ចប់នៅថ្ងៃទី៦ ខែមីនានេះ ខណៈកិច្ចប្រជុំកំពូលពិសេសនេះក៏រៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អូស្ត្រាលី ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី ដាក់មុខព្រួញលើសន្តិសុខដែនសមុទ្រ និងពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


