ព័ត៌មានអន្ដរជាតិ
អតីតអ្នកនាំពាក្យលោក ថាក់ស៊ីន ប្រកាសវិលត្រឡប់ចូលស្រុកវិញ ក្រោយនិរទេស ១៥ ឆ្នាំ
អតីតមេដឹកនាំក្រុមអាវក្រហមលោក Jakrapob Penkair បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Facebook កាលពីពេលថ្មីៗនេះថា លោកនឹងវិលត្រឡប់ចូលស្រុកវិញដើម្បីបម្រើប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនានេះ បន្ទាប់ពីរស់នៅនិរទេសអស់រយៈពេល ១៥ ឆ្នាំ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post ។

ពាក់ព័ន្ធនឹងដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះទៀតសោត ក៏មានមិត្តភក្តិ និងអ្នកគាំទ្ររបស់លោកចេញមកសាទរ និងបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ ។ ជាក់ស្ដែងលោក Winyat Chatmontri មេធាវីតំណាងឲ្យអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហោះថា “ខ្ញុំសូមជូនពរឲ្យអ្នកធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព” ខណៈលោក Chinnawat Haboonpad អតីតមេដឹកនាំក្រុមអាវក្រហម និងជាអតីតសមាជិកសភាគណបក្សភឿថៃក៏បានសរសេរបង្ហោះផងដែរថា “សូមស្វាគមន៍ កុំបោះបង់ចោលចិត្តគំនិតស្នេហាជាតិ” ។
លោក Jakrapob ធ្លាប់មានឈ្មោះបោះសំឡេង អំឡុងលោកកាន់ការជាអ្នកនាំពាក្យរដ្ឋាភិបាលក្នុងអាណត្តិលោក ថាក់ស៊ីន ចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៥ ហើយរហូតដល់ឆ្នាំ ២០០៨ លោកត្រូវបានតែងតាំងជានាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្នុងអំឡុងរដ្ឋបាលរបស់លោក Samak Sundaravej ។

ប៉ុន្តែឡើងធំមិនបានប៉ុន្មានផង ប៉ូលិសបានចោទប្រកាន់លោក Jakrapob ពីបទរំលោភលើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌដែលជាច្បាប់ “ប្រមាថព្រះមហាក្សត្រ” បន្ទាប់ពីមេដឹកនាំក្រុមអាវក្រហមរូបនេះថ្លែងបង្កាច់បង្ខូចដល់រាជាធិបតេយ្យក្នុងសុន្ទរកថាទៅកាន់កម្មវិធីឆ្លើយឆ្លងព័ត៌មានបរទេសនៅក្នុងប្រទេសថៃកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៧ ហើយបន្ទាប់មកបានរត់ចេញពីស្រុកថៃ និងរស់នៅនិរទេសខ្លួននាឆ្នាំ ២០០៩ ។
ទោះយ៉ាងណា រហូតដល់ខែកញ្ញា ឆ្នាំ ២០១១ ព្រះរាជអាជ្ញាបានទម្លាក់ការចោទប្រកាន់លោក Jakrapob ពីបទប្រមាថព្រះមហាក្សត្រ ប៉ុន្តែនៅឆ្នាំ ២០១៤ ពោលបន្ទាប់ពីរដ្ឋប្រហារ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ដែលបង្កើតឡើងដោយយោធាបានកោះហៅអតីតមេដឹកនាំក្រុមអាវក្រហមរូបនេះឲ្យរ៉ាយរ៉ាប់ពីរឿងហេតុទាំងប៉ុន្មានទៅ NCPO ប៉ុន្តែដោយសារតែលោកនៅក្រៅប្រទេស ដូច្នេះលោកមិនបានចូលខ្លួនបំភ្លឺនោះឡើយ ។

បន្ទាប់មកនៅឆ្នាំ ២០១៧ របបយោធាបានចោទប្រកាន់គាត់ថាបានរក្សាទុកឃ្លាំងអាវុធដើម្បីញុះញង់ឲ្យមានជម្លោះនៅក្នុងប្រទេស ខណៈប៉ូលិសបានអះអាងថា អាវុធមួយចំនួននេះបានមកពីប្រភពដូចគ្នាទៅនឹងអាវុធដែលបានប្រើ ក្នុងអំឡុងវិបត្តិនយោបាយឆ្នាំ ២០១៤ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ព្រះរាជអាជ្ញាថៃក៏មិនទាន់ចេញចំណាត់ការផ្លូវច្បាប់ ក៏ដូចជាការដាក់ទោសទណ្ឌកម្រិតណាមួយនោះទេចំពោះការវិលត្រឡប់ចូលស្រុកវិញរបស់លោក Jakrapob ខណៈការហោះមកជាន់ទឹកដីថៃរបស់មេដឹកនាំអាវក្រហមរូបនេះទៀតសោត ក៏ជាសញ្ញាបង្ហាញពីការបន្ថូរបន្ថយស្ថានការណ៍នយោបាយថៃ បន្ទាប់ពីលោក ថាក់ស៊ីន វិលត្រឡប់ចូលស្រុកដូចគ្នាកាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


