ព័ត៌មានអន្ដរជាតិ
កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃអង្គារទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សមាជិកតំណាងរាស្ត្រ អំឡុងពេលដែលលោកអញ្ជើញទៅទីស្នាក់ការកណ្ដាលរបស់គណបក្សភឿថៃជាលើកដំបូងក្នុងរយៈពេលជិត ២ ទសវត្សរ៍ ក្រោយរស់នៅនិរទេសប្រហែល ១៧ ឆ្នាំ បន្ទាប់ពីត្រូវបានបណ្ដេញចេញពីរដ្ឋប្រហារក្នុងឆ្នាំ ២០០៦ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ ។

ពាក់ព័ន្ធនឹងដំណើរអញ្ជើញទៅទីស្នាក់ការបក្សនេះដែរ កូនស្រីលោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីបាននាំឪពុកដែលជាស្ថាបនិកគណបក្សភឿថៃផងដែរនោះ ទៅកាន់អូហ្វីសរបស់ប្រធានបក្សដែលរើទៅកាន់បន្ទប់ធ្វើការរបស់លោក ថាក់ស៊ីន មានឈ្មោះថា “OAK” ដែលដាក់តាមឈ្មោះហៅក្រៅរបស់កូនស្រីលោកទាំងបីដូចជា Oak, Aim និង Ing ។
ដោយឡែកលោក ថាក់ស៊ីន ក៏បាននិយាយផងដែរថា ទាំងអគារ និងសមាជិកតំណាងរាស្ត្រមានការផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ប៉ុន្តែមន្ត្រីអ្នកមុខអ្នកការទាំងនោះសុទ្ធសឹងតែជាកូនៗរបស់សមាជិកតំណាងរាស្ត្រដែលធ្លាប់ធ្វើការជាមួយលោកកាលពីលោកកាន់ជានាយករដ្ឋមន្ត្រី ហើយការអញ្ជើញទៅស្នាក់ការបក្សនេះទៀតសោត អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះមិនបាននិយាយពីរឿងការងារផ្ទៃក្នុងរបស់បក្សនោះឡើយ ។

ទន្ទឹមនោះ គ្រាន់តែអញ្ជើញទៅដល់ស្នាក់ការភ្លាម លោក ថាក់ស៊ីន ទទួលការទះដៃអបអរសាទរ និងមានទាំងការឲ្យផ្កាកុលាបក្រហមពីសំណាក់សមាជិកតំណាងរាស្ត្រ និងបងប្អូនប្រជាពលរដ្ឋដែលនៅតែស្រឡាញ់ពេញចិត្តលើរូបលោក ខណៈដែលលោក ថាក់ស៊ីន វិញញញឹមបិទមាត់មិនជិតឡើយ ហើយមើលទៅគាត់ដូចជាវីរបុរសជើងចាស់មួយរូបត្រឡប់មកលេងផ្ទះអ៊ីចឹង ។
កូនស្រីពៅលោក ថាក់ស៊ីន លើកឡើងថា ឪពុករបស់លោកស្រីក៏ចង់ចុះទៅសួរនាំប្រជាជននៅតាមបណ្ដាខេត្តផ្សេងៗទៀតផងដែរ ប៉ុន្តែមិនមែនក្នុងន័យទាក់ទាញ ឬជួយរកសំឡេងឆ្នោតឲ្យសមាជិកតំណាងរាស្ត្រគណបក្សភឿថៃនោះឡើយ ជាពិសេសគឺការហោះទៅខេត្តឈៀងម៉ៃសាជាថ្មីម្ដងទៀត ប៉ុន្តែទោះយ៉ាងណា យើងនឹងត្រូវពិភាក្សារឿងនេះជាមួយក្រុមគ្រួសារជាមុនសិន ។

ស្របពេលជាមួយគ្នានេះ ដំណើរអញ្ជើញទៅកាន់ទីស្នាក់ការគណបក្សភឿថៃរបស់លោក ថាក់ស៊ីន នាពេលនេះក៏មិនមែនជារឿងចម្លែកអ្វីនោះដែរ ដោយសារតែអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះគឺជាអ្នកបង្កើតគណបក្សថៃស្រឡាញ់ថៃ គណបក្សកម្លាំងប្រជាជន និងគណបក្សភឿថៃនេះឯង ។
បន្ថែមពីនេះ ក្រោយដោះលែងឲ្យមានសេរីភាព លោក ថាក់ស៊ីន បានបង្ហាញខ្លួនជាសាធារណៈជាបន្តបន្ទាប់ ជាពិសេសលោកបានចំណាយពេល ៣ ថ្ងៃហោះទៅលេងស្រុកកំណើតក្នុងខេត្តឈៀងម៉ៃដើម្បីគោរពវិញ្ញាណក្ខន្ធឪពុកម្ដាយរបស់លោក ទៅមើលគម្រោងក្នុងស្រុកមួយចំនួន និងជួបជាមួយមិត្តភក្តិចាស់ៗ បន្ទាប់ពីចាកចេញឆ្ងាយអស់រយៈពេល ១៧ ឆ្នាំ ។

ទោះយ៉ាងណា ក្រុមអ្នកវិភាគបែរជាមើលឃើញជ្រុងផ្សេងទៅវិញ ដោយចាត់ទុកការធ្វើដំណើររបស់លោក ថាក់ស៊ីន ទៅកាន់ស្រុកកំណើតក្នុងខេត្តឈៀងម៉ៃ គឺជាការដាក់មុខព្រួញស្ដារប្រជាប្រិយភាពឲ្យគណបក្សភឿថៃឲ្យកាន់តែមានមុខមាត់សាជាថ្មីម្ដងទៀត ក្រោយខេត្តមួយនេះចាញ់សំឡេងឆ្នោតយ៉ាងច្រើនក្រាស់ក្រែលទៅលើបក្សចលនាឆ្ពោះទៅមុខ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីអនុវត្តទោសទណ្ឌបានរយៈពេល ៦ ខែ ដោយសារតែស្ថានភាពរបស់លោកស៊ីទៅនឹងលក្ខខណ្ឌនៃការលើកលែងទោសដូចជា លោកស្ថិតក្នុងចំណោមទណ្ឌិត ៩៣០ ដែលចាត់ទុកជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំ បូករួមទាំងស្នាដៃបម្រើប្រទេសជាតិនៅពេលកន្លងមកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


