Connect with us

ព័ត៌មានអន្ដរជាតិ

តួកគី ប្រកាស​ផ្អាក​សកម្មភាព​ពាណិជ្ជកម្ម​ទាំង​អស់​ជាមួយ​អ៉ីស្រាអ៊ែល

បានផុស

នៅ

រដ្ឋាភិបាល​​តួកគី បាន​ប្រកាស​បញ្ឈប់​រាល់​​សកម្មភាព​ការ​នាំ​ចូល និង​លក់​ចេញ​ទៅ​កាន់​ប្រទេស​អ៉ីស្រាអ៊ែល ក្រោម​​ហេតុ​ផល​ថា ការ​វាយ​លុក​យោធា​​​នៅ​តែ​បន្ត​កើត​មាន​ដដែល​នៅ​ក្នុង​តំបន់​កាហ្សា។ វិធានការ​នេះ នឹង​បន្ត​រហូត​ដល់​ប្រទេស​អ៉ីស្រាអ៊ែល​យល់​ព្រម​អនុញ្ញាត​ឲ្យ​មាន​​លំហូរ​​ជំនួយ​មនុស្សធម៌​ទៅ​កាន់​តំបន់​រង​គ្រោះ​​នៅ​កាហ្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ពាណិជ្ជកម្ម​តួកគី បាន​លើក​ឡើង​​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា នេះ ​ថា ការ​បញ្ឈប់​​ពាណិជ្ជកម្ម​​ជាមួយ​អ៉ីស្រាអ៊ែល គឺ​សំដៅ​ទៅ​លើ​​​ការ​នាំ​​ចូល និង​លក់​ចេញ​​ផលិតផល​​​គ្រប់​ប្រភេទ​ទាំង​អស់​តែ​ម្ដង មិន​លើក​លែង​ចំពោះ​ផលិតផល​ណា​មួយ​នោះ​ទេ។ បន្ថែម​ពី​នេះ មន្ត្រី​តួកគី ក៏​នឹង​ចាប់​ដៃ​សហការ​ជាមួយ​អាជ្ញាធរ​ប៉ាឡេស្ទីន ដើម្បី​ធានា​​បាន​ថា ពលរដ្ឋ​ប៉ាឡេស្ទីន​​នឹង​មិន​ទទួល​រង​ផល​ប៉ះពាល់​ នៃ​ការ​បញ្ឈប់​​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​​ជាមួយ​អ៉ីស្រាអ៊ែល​​នោះ​ឡើយ។

ក្រសួង​ពាណិជ្ជកម្ម​តួកគី បាន​បន្ថែម​ថា នេះ​​គឺ​ជា​វិធានការ​ប្រឆាំង​អ៉ីស្រាអ៊ែល​លើក​ទី​២​ហើយ ដែល​​​កាល​ពី​ខែ​មេសា​មុន តួកគី​ធ្លាប់​បាន​​រឹត​បន្តឹង​ការ​នាំ​ចេញ​ផលិតផល​ចំនួន ៥៤​ប្រភេទ​ទៅ​អ៉ីស្រាអ៊ែល ដែល​មាន​ដូចជា អាលុយមីញ៉ូម ដែក សម្ភារៈ​សំណង់ និង​ជី​គីមី ជា​ដើម។

ទាក់ទិន​​នឹង​វិធានការ​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៉ីស្រាអ៊ែល​លោក Israel Katz បាន​ថ្លែង​ថា ប្រធានាធិបតី​តួកគី កំពុង​តែ​បំពាន​កិច្ច​ព្រមព្រៀង​​ទ្វេ​ភាគី ដោយ​បិទ​​កំពង់​ផែ​​មិន​ឲ្យ​មាន​ការ​នាំ​ចូល និង​លក់​ចេញ​ទៅ​កាន់​អ៉ីស្រាអ៊ែល​។ លោក Katz បន្ត​ថា លោក​បាន​ណែនាំ​មន្ត្រី​​របស់​ខ្លួន​​​​ឲ្យ​ចូលរួម​ភ្លាមៗ​ជាមួយ​ភាគី​ពាក់ព័ន្ធ​​នៅ​ក្នុង​រដ្ឋាភិបាល ដើម្បី​​​បង្កើត​ជម្រើស​ពាណិជ្ជកម្ម​ផ្សេង​ជំនួស​​ឲ្យ​ការ​សហការ​ជាមួយ​តួកគី ដោយ​​​ផ្ដោត​សំខាន់​លើ​ផលិតកម្ម​ក្នុង​ស្រុក និង​ការ​នាំ​ចូល​ពី​ប្រទេស​ដទៃ។

គួរ​រំឭកថា ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​តួកគី និង​អ៉ីស្រាអ៊ែល បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​១៩៤៩​មក​ម៉្លេះ។ ប៉ុន្តែ​ចាប់​ពី​​អាណត្តិ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Recep Tayyip Erdogan ភាព​តានតឹង​បាន​​​​លេច​ចេញ​ឡើង​បន្តិចម្ដងៗ​​នៅ​ក្នុង​​ចំណង​សម្ព័ន្ធភាព​រវាង​​ប្រទេស​ទាំង​២។ ប្រធានាធិបតី​តួកគី បាន​ចេញ​មុខ​​រិះគន់​ចំៗ​ទៅ​លើ​អ៉ីស្រាអ៊ែល ក្រោយ​​មាន​ការ​វាយ​ប្រហារ​​យោធា​នៅ​កាហ្សា ហើយ​​ចោទ​ប្រកាន់​អ៉ីស្រាអ៊ែល​ថា​បាន​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​​ការ​ប្រល័យ​ពូជ​សាសន៍៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម