ព័ត៌មានអន្ដរជាតិ
ក្រុមនាវាចម្បាំងរុស្ស៊ី ទៅដល់គុយបា បានមួយថ្ងៃ ស្រាប់តែអាមេរិក បញ្ជូននាវាមុជទឹកទៅដែរ
មិនទុកយូរឡើយ គ្រាន់តែក្រុមនាវាចម្បាំងរុស្ស៊ីទៅដល់ប្រទេសគុយបាភ្លាម សហរដ្ឋអាមេរិក ក៏បានបញ្ជូននាវាមុជទឹកទៅទីនោះដែរ ដើម្បីជាការបង្ហាញកម្លាំង បង្អួតដាក់គ្នា។

តាមសេចក្តីរាយការណ៍របស់ New York Post, នាវាចម្បាំងអាមេរិកថ្នាក់ Los Angeles ឈ្មោះ USS Helena បានទៅដល់បន្ទាយនៅឈូងសមុទ្រ Guantanamo កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែមិថុនា ក្នុងអ្វីដែលទីបញ្ជាការភាគខាងត្បូងរបស់ខ្លួនអះអាងថា វាគ្រាន់ជា “ដំណើរទស្សនកិច្ចកំពង់ផែតាមទម្លាប់” ប៉ុណ្ណោះ។
យ៉ាងណាក្តី សារព័ត៌មាន AP ជឿជាក់ថា នេះគឺជាការបង្អួតកម្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយតបទៅនឹងវត្តមាននាវាចម្បាំងរុស្ស៊ីនៅទីក្រុងឡាហាវ៉ាន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីដីគោកអាមេរិក។

ពាក់ព័ន្ធការដែលនាវាចម្បាំងរុស្ស៊ីទៅដល់គុយបាដើម្បីធ្វើសមយុទ្ធ, មន្ទីរបញ្ចកោណ និយាយថា “យើងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ប៉ុន្តែសមយុទ្ធនេះ មិនបង្កជាការគំរាមកំហែងអ្វីទេដល់សហរដ្ឋអាមេរិក”។
សូមជម្រាបថា ក្រុមនាវារុស្ស៊ីរួមទាំងនាវាចម្បាំង Admiral Gorshkov និងនាវាមុជទឹក Kazan បំពាក់ជាមួយអាវុធទំនើបៗ ដូចជាមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ផងដែរនោះ បានទៅដល់ប្រទេសគុយបា កាលពីថ្ងៃពុធទី១២ខែមិថុនា ដើម្បីបង្ហាញសាច់ដុំ ចំពេលសង្គ្រាមអ៊ុយក្រែន នៅតែឆាបឆេះ។

វត្តមាននាវារុស្ស៊ីនៅគុយបា គឺបង្ហាញពីការពង្រឹងទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយឡាវ៉ាហាន ខណៈភ្លើងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន មិនទាន់រលត់ ខណៈគុយបាក៏ពឹងផ្អែកកាន់តែខ្លាំងលើប្រេងនិងជំនួយរបស់រុស្ស៊ីផងដែរ។
គុយបាមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ជាយូរមកហើយ ដោយប្រទេសនេះគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អតីតសហភាពសូវៀត ក្នុងសម័យសង្គ្រាមត្រជាក់ ដោយថែមទាំងព្រមទទួលធ្វើជាទីតាំងដាក់មីស៊ីលនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ អំឡុងវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមនាវាចម្បាំងរុស្ស៊ីទៅដល់គុយបា, អាមេរិក កំពុងតាមមើល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


