Connect with us

ព័ត៌មានអន្ដរជាតិ

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

បានផុស

នៅ

សេចក្តីរាយការណ៍របស់ AP នៅថ្ងៃចន្ទទី២៤ខែមិថុនា ការវាយប្រហារភេរវកម្មបណ្តាក់គ្នាទៅលើមន្ត្រីប៉ូលិស និងវិហារសាសនាគ្រិស្ត ក្នុងសាធារណរដ្ឋ Dagestan ភាគខាងត្បូងប្រទេសរុស្ស៊ី បានផ្តាច់ជីវិតប៉ូលិស១៥នាក់ និងជនស៊ីវិលរាប់សិបនាក់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AFP)

តាមសេចក្តីរាយការណ៍ ខ្មាន់កាំភ្លើងមិនស្គាល់មុខមួយក្រុម បានបើកការបាញ់ប្រហារទៅលើអគារនានាដោយអាវុធស្វ័យប្រវត្តិ និងថែមទាំងដុតកម្ទេចព្រះវិហារមួយចំនួនផងដែរ មុនពេលរត់គេចពីកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងក្នុងទីក្រុង Derbent និង Makhachkala អំឡុងពិធីបុណ្យ Pentecost ខណៈអ្នកស្លាប់រួមមាន ប៉ូលិស អាចារ្យ និង​សន្តិសុខ។ ខ្មាន់កាំភ្លើងចំនួន៦នាក់ ក៏ត្រូវសម្លាប់នៅនឹងកន្លែងផងដែរ ហើយប៉ូលិសកំពុងតាមរកអ្នកផ្សេងទៀត។

(រូបថត៖ បណ្តាញសង្គម)

ត្បិតតែហេតុផលនៅពីក្រោយរឿងរ៉ាវដ៏រន្ធត់នេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ក៏ដោយ ប៉ុន្តែគេដឹងថា សាធារណរដ្ឋ Dagestan នេះ ធ្លាប់មានប្រវត្តិនៃការវាយប្រហាររបស់ក្រុមអ្នកកាន់សាសនាឥស្លាម ហើយភ្លាមៗ អាជ្ញាធររុស្ស៊ី ក៏មិនទាន់ផ្តល់ព័ត៌មានលម្អិតឲ្យជាក់លាក់ជាងនេះដែរ ដោយរង់ចាំការស៊ើបអង្កេតសិន។

សូមបញ្ជាក់ថា Dagestan គឺជាតំបន់ក្រីក្របំផុតមួយនៃប្រទេសរុស្ស៊ី ហើយសម្បូរជនមូស្លីមណាស់។ នៅចន្លោះឆ្នាំ២០០៧ដល់២០១៧ អង្គការជីហាដឈ្មោះ Caucasus Emirate និង Islamic Emirate of the Caucasus បានបើកការវាយប្រហារនៅទីនេះ ក៏ដូចជាសាធារណរដ្ឋ Chechnya, Ingushetia និង Kabardino-Balkaria ដែលស្ថិតនៅជិតៗនោះផងដែរ។

(រូបថត៖ បណ្តាញសង្គម)

ក្រុមទាំងនេះ ក៏អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City ក្បែរទីក្រុងមូស្គូកាលពីខែមីនាផងដែរ ប៉ុន្តែរុស្ស៊ី បានចង្អុលចំៗទៅលើអ៊ុយក្រែននិងលោកខាងលិចទៅវិញ។

លើសពីនេះ កាលពីបីខែមុន ស្ថាប័នសន្តិសុខរុស្ស៊ី FSB រាយការណ៍ថា ខ្លួនក៏បានរារាំងផែនការរបស់កក្រុមរដ្ឋឥស្លាម ដែលនឹងវាយប្រហារវិហារគ្រិស្តនៅក្នុងទីក្រុងមូស្គូដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ចង្អុលចំមុខ ៣ប្រទេស នៅពីក្រោយការវាយប្រហារភេរវកម្ម ដ៏ឃោរឃៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម