ព័ត៌មានអន្ដរជាតិ
ប្រមុខការទូតហុងគ្រីចោទប្រធានាធិបតីអ៊ុយក្រែនកំពុងទាញអង្គការណាតូប្រឈមជម្លោះប្រដាប់អាវុធជាមួយ រុស្ស៊ី
តាមការចុះផ្សាយរបស់សារព័ត៌មាន APA កាលពីថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០២៤, រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានស្តីបន្ទោសប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថា កំពុងព្យាយាមទាញអង្គការណាតូ ឲ្យធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី ហើយថែមទាំងថ្កោលទោសប្រមុខដឹកនាំទីក្រុងកៀវផងដែរ ដែលរិះគន់មិនចេះគិតចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban។

លោក Zelensky ត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុបក្នុងចក្រភពអង់គ្លេសកាលពីថ្ងៃទី១៨ខែកក្កដា ហើយនៅទីនោះ ប្រធានាធិបតីរូបនេះ បានរិះគន់ដំណើរទស្សនកិច្ចរបស់លោក Orban ទៅកាន់ទីក្រុងមូស្គូនាពេលថ្មីៗ ថាជាអំពើក្បត់អឺរ៉ុប។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកការទូតកំពូលហុងគ្រីបានព្រមានថា ទោះទីក្រុងកៀវចោទប្រកាន់និងមានការរិះគន់ពីសំណាក់ទីក្រុងព្រុចសែលបែបនេះក៏ដោយ ក៏នឹងមិនមានផលប៉ះពាល់អ្វីដល់សកម្មភាពរបស់ប្រទេសរបស់គាត់នោះទេ។
លោក Szijjarto សង្កត់ធ្ងន់ថា “យើងនឹងបន្តបេសកកម្មរក្សាសន្តិភាពរបស់យើង ព្រោះបើយើងមិនសម្រេចបានជោគជ័យ ឬបើយើងបរាជ័យមិនអាចរកសន្តិភាពបានក្នុងពេលឆាប់ៗនេះទេនោះ យើងប្រហែលជាកំពុងឈរមើលស្ថានការណ៍ដ៏អាក្រក់ជាមួយអំពើឃោរឃៅកាន់តែច្រើន ហើយមានហានិភ័យបង្កជម្លោះកាន់តែខ្លាំង។ ស្ថានការណ៍មិនថមថយឡើយ ហើយយើងនឹងឃើញអឺរ៉ុបទាំងមូលឆាបឆេះ ព្រោះខ្ញុំឃើញថា មានមនុស្សជាច្រើន រួមទាំងប្រធានាធិបតីអ៊ុយក្រែនផងដែរ ដែលកំពុងព្យាយាមទាញណាតូ ទម្លាក់ចូលទៅក្នុងសង្គ្រាមនេះ”។

សូមបញ្ជាក់ថា នេះមិនមែនទើបលើកទីមួយឡើយ ដែលសមាជិកណាតូមួយប្រទេសព្រមានអំពីការផ្ទុះសង្គ្រាមជាមួយរុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន។ ជាក់ស្តែង កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានព្រមានថា បើទីក្រុងកៀវ ចូលរួមក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមែន ច្បាស់ណាស់ សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើងជាក់ជាមិនខានឡើយ។
លោក Fico និយាយថា “ខ្ញុំយល់ពីបំណងអ៊ុយក្រែន ប៉ុន្តែសមាជិកភាពរបស់ប្រទេសនេះ នៅក្នុងអង្គការណាតូ ច្បាស់ជាបញ្ឆេះឲ្យមានសង្គ្រាមលោកលើកទីបី ជាក់ជាមិនខានឡើយ។ ត្បិតមើលទៅត្រឹមត្រូវ តែយើងក៏នៅមិនឆ្ងាយពីសង្គ្រាមនោះប៉ុន្មានដែរ ទោះគ្មានអ៊ុយក្រែន។ ស្លូវ៉ាគី និងសមាជិកសភារបស់ខ្លួន មិនយល់ព្រមដាច់ខាត ចំពោះសមាជិកភាពអ៊ុយក្រែន”៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាតូមួយប្រទេសភ័យថា បើអ៊ុយក្រែន ចូលជាសមាជិកមែន សង្គ្រាមលោកនឹងផ្ទុះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


